ភ្នំ​គូលែន​នឹង​ក្លាយទៅជា​តំបន់​ទេសចរណ៍​​វប្បធម៌​ធម្មជាតិ​ដ៏​ទាក់ទាញ​ថ្មី​ដែល​​មាន​ស្ដ​ង់​ដា​ត្រឹមត្រូវ​

0

​ដោយ​ ​វុត្ថា

​សៀមរាប​៖​ ​ក្រសួងទេសចរណ៍​មាន​គម្រោង​ ​ជំរុញ​ការរៀបចំ​តំបន់​ភ្នំ​គូលែន​ទៅជា​ ​«​តំបន់​ទេសចរណ៍​វប្បធម៌​ ​ប្រវត្តិសាស្ត្រ​ ​និង​ធម្មជាតិ​»​ ​រួម​ទាំង​ ​«​ទេសចរណ៍​ផ្សង​បែប​ផ្សងព្រេង​»​ ​ដ៏​ទាក់ទាញ​ថ្មី​មួយទៀត​នៅ​ខេត្តសៀមរាប​-​អង្គរ​ ​ដើម្បី​បំពេញ​តម្រូវការ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ​និង​ដើម្បី​ចូលរួម​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ ​ដែល​តែងតែ​ជំរុញ​ឱ្យ​មានការ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ​បន្ថែម​។​

​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​លោក​ថោង​ ​ខុន​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្រ្តី​ពាក់​ព័ន្​ឋ​នា​ព្រឹក​ថ្ងៃទី៩​ ​មេសា​នេះ​ថា​ ​ជា​ពិត​ណាស់​ ​តំបន់​ភ្នំ​គូលែន​នៃ​ខេត្តសៀមរាប​ ​មាន​សក្ដានុពល​ផ្នែក​វប្បធម៌​ប្រវត្តិសាស្ត្រ​ ​និង​ធម្មជាតិ​រួច​ទៅ​ហើយ​ ​ហើយ​ក៏​មាន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កម្សាន្ត​ជាច្រើន​ផង​ដែរ​ ​ប៉ុន្តែ​មិនទាន់​មានការ​រៀបចំ​ទៅ​តាម​ស្ដ​ង់​ដា​ជាតិ​ ​និង​អន្តរជាតិ​នៅឡើយ​។​

​លោក​បន្ត​ថា​ ​នៅ​ទីនោះ​សម្បូរទៅដោយ​ព្រៃភ្នំ​ក្រំ​ថ្ម​ ​បែប​ធម្មជាតិ​ ​មាន​ប្រាង្គ​ប្រាសាទ​ ​ចម្លាក់​សិលា​ ​និង​បុរាណ​ដ្ឋាន​ដ៏​ច្រើន​ ​មាន​ស្ទឹង​ប្រវត្តិសាស្ត្រ​ ​មាន​ពយ​ភ្នំ​ដែល​កើតឡើង​ពី​ធម្មជាតិ​ ​ទេសភាព​នៅ​លើ​គិរីបុព្វតា​ក៏​រឹតតែ​ស្រស់​ត្រកាល​ ​ថែមទាំង​នៅ​មិន​ឆ្ងាយ​ពី​តំបន់​អង្គរ​ ​និង​ទីប្រជុំជន​សៀមរាប​ប៉ុន្មាន​ឡើយ​ ​ហេតុនេះ​ហើយ​បាន​ជា​រាជរដ្ឋាភិបាល​ ​ដែល​មាន​ក្រសួង​ទេសចរណ៍​ជា​សេនាធិការ​ ​មានបំណង​ចង់​ប្រែក្លាយ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​ ​ទៅជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត​ ​ពិសេស​គឺ​ចង់​រៀបចំ​បន្ថែម​ឱ្យ​មាន​ប្រភេទ​ទេសចរណ៍​ផ្សេងទៀត​ ​ដូចជា​ ​ដំណើរ​ទេសចរណ៍​បែប​ផ្សងព្រេង​ ​ដូច​នៅ​តំបន់​ភ្នំ​ឱរ៉ាល់​ ​សហគមន៍​ទេសចរណ៍​អារ៉ែង​ ​ភ្នំបូកគោ​ជាដើម​។​

​លោក​រដ្ឋមន្ត្រី​ថោង​ ​ខុន​ ​បាន​ដាក់ចេញ​នូវ​ផែនការ​មួយចំនួន​ឱ្យ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំផែនការ​មេ​ ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​»​ ​រួមគ្នា​អនុវត្ត​ឱ្យ​បាន​ ​ដោយ​លោក​បាន​ជំរុញ​ឱ្យ​ក្រសួង​ទេសចរណ៍​ ​ក្រសួងបរិស្ថាន​ ​ក្រសួង​ពាក់ព័ន្ធ​ ​រដ្ឋបាល​ខេត្តសៀមរាប​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​និង​មន្ទីរ​ពាក់ព័ន្ធ​ផ្សេងទៀត​ ​រួមគ្នា​ជំរុញ​ការគ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ថ្មី​នៅ​លើ​ភ្នំ​គូលែន​នេះ​ ​ឱ្យ​បានសម្រេច​ជោគជ័យ​ឆាប់រហ័ស​។​

​គណៈកម្មការ​អន្តរក្រសួង​នេះ​ ​ក៏បាន​ឯកភាព​គ្នា​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​នៅ​គោលដៅ​ទេសចរ​ដ៏​ធំៗ​ចម្បង​ ​សម្រាប់​ឆ្នាំ២០២០​-​២០៤០ផង​ដែរ​ ​ក្នុង​នោះ​មាន​គម្រោង​អភិវឌ្ឍន៍​រយៈពេល​ខ្លី៥ឆ្នាំ​(​២០១៨​-​២០២៣​)​ ​ផែនការ​ជំរុញ​ការរៀបចំ​កសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រឹង​នៅ​ទីក្រុង​សៀមរាប​ ​ដែល​មាន​ជាអាទិ៍​៖​ ​ការ​ជួសជុល​ផ្លូវ​ក្នុង​ខេត្ត​ ​ផ្លូវ​ក្រវាត់​ជុំវិញ​ក្រុង​ ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ​អគ្គិសនី​ ​ការគ្រប់គ្រង​សំណល់រឹង​-​រាវ​ ​សណ្តាប់​ធ្នាប់​អនាម័យ​ក្នុង​ទីក្រុង​។​

​ព្រម​ជាមួយ​នោះ​ ​អង្គប្រជុំ​ក៏បាន​ឯក​គ្នា​ប្រគល់​ភារកិច្ច​ជូន​ ​លោក​អភិបាលខេត្ត​សៀមរាប​ ​ដើម្បី​ដឹកនាំ​អង្គប្រជុំ​សម្រប​សម្រូ​លមួយ​ ​ដើម្បី​ប្រែក្លាយ​សហគមន៍​នេសាទ​ជ្រាវ​ទៅជា​សហគមន៍​តាម​ស្តង់​ដា​ជាតិ​ ​និង​អាស៊ាន​ដ៏​ទាក់ទាញ​ ​ឱ្យ​បាន​ឆាប់​រហ័ស​ផង​ដែរ​។​

​លោក​ ​ថោង​ ​ខុន​ ​ក៏បាន​ជំរុញ​ឱ្យ​មានការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ ​និង​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ ​ដោយ​ត្រូវ​ពង្រឹងគុណភាព​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ ​ការ​បណ្តុះបណ្តាល​ផ្ទៃក្នុង​ ​និង​ជំរុញ​ការអនុវត្ត​ស្តង់​ដា​អាស៊ាន​ក្នុង​វិស័យ​ទេសចរណ៍​ ​ដោយ​ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​ ​«​គណៈកម្មការ​ជាតិ​ផ្នែក​ជំនាញ​ទេសចរណ៍​»​ ​ដោយមាន​ក្រសួងទេសចរណ៍​ជា​ប្រធាន​ ​ហើយ​សព្វថ្ងៃ​កម្ពុជា​បាន​ដាក់ឲ្យ​អនុវត្ត​នូវ​កម្មវិធី​បណ្តុះបណ្តាល​អាស៊ាន​ ​លើ៣២មុខជំនាញ​។​

​លើស​ពីនេះ​លោក​ថោង​ ​ខុន​បន្ត​ណែនាំ​ឱ្យ​កាត់បន្ថយ​ការ​ធ្លុះធ្លាយ​ ​នៃ​វិស័យ​ទេសចរណ៍​ ​(​Tourism​ ​Leakage​)​ ​ដែល​កើត​ចេញពី​ការនាំចូល​បន្លែ​ ​ផ្លែឈើ​ ​និង​សាច់​ពី​បរទេស​ ​ដោយ​ត្រូវ​ជំរុញ​ការ​អភិវឌ្ឍ​ខ្សែក្រវាត់​បៃតង​ ​ជុំវិញ​ក្រុង​សៀមរាប​ ​ដោយ​ជំរុញ​សកម្មភាព​ដាំ​បន្លែ​ ​ផ្លែឈើ​ ​និង​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ធម្មជាតិ​ ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ភ្ញៀវ​ទេសចរ​។​ម្យ៉ាងទៀត​ ​ការ​ត្រៀមលក្ខណៈ​សម្បត្តិ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ដើម្បី​ធានា​ផលប្រយោជន៍​អតិបរមា​ពិសេស​ ​ការ​ត្រៀម​លក្ខណះ​ទទួល​ទេសចរ​ចិន​ដែល​នឹង​មាន​កំណើន​ ​យ៉ាងច្រើន​ជា​រៀងរាល់​ឆ្នាំ​ ​ដោយ​ត្រូវ​អនុវត្តន៍​អោយ​បាន​ល្អ​ ​តាម​សៀវភៅ​ស្តី​ពី​ ​«​China​ ​Ready​»​ ​និង​យុទ្ធ​សាស្រ្ត​ទីផ្សារ​ដោយឡែក​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​។​

​កិច្ចប្រជុំ​នៃ​គណៈកម្មការ​អន្តរក្រសួង​ ​ដើម្បី​សិក្សា​រៀបចំផែនការ​មេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​នេះ​ ​នឹង​បន្ត​នៅពេល៣ខែ​ខាងមុខ​ទៀត​ ​ដើម្បី​ត្រួតពិនិត្យ​លើ​លទ្ធផល​ដែល​សម្រេច​បាន​ ​និង​ដើម្បី​ដាក់ទិស​ដៅ​អនុវត្ត​បន្ត​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here