សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយលោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍។ សម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ប្រជុំពិភាក្សា ដើម្បីស្នើសុំយោបល់បន្ថែមពីនាយករដ្ឋមន្រ្ដីឱ្យកំណត់នូវកូតានៃអភិបាលរង ក្រុង ស្រុក ខណ្ឌ ក៏ដូចជាអភិបាលរង រាជធានី-ខេត្ត ដោយកំណត់នូវកូតាចំនួនយ៉ាងតិចបំផុតពីររូបសម្រាប់ស្រ្ដី។ នេះបើយោងតាមការបង្ហោះក្នុងផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៥ ។
នាឱកាសនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីឱ្យពង្រឹងនូវអនុត្តរភាពរបស់ស្រ្ដី ពោលគឺការធ្វើឱ្យស្រ្ដីមានភាពខ្លាំង មានអំណាចនៅគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច មានន័យថាឱ្យស្រ្ដីកាន់តែខ្លាំងឡើងនៅក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក៏ដូចជាការក្ដោបសេដ្ឋកិច្ចនៅក្នុងគ្រួសាររបស់គាត់ដើម្បីឈានទៅដល់ការលើកកម្ពស់ និងធ្វើឱ្យស្រ្ដីកាន់តែមានឥទ្ធិពលបន្ថែមទៀត។ ជាមួយគ្នានោះផងដែរ សម្ដេចតេជោ បានវាយតម្លៃថា យ៉ាងយូរបំផុត ២០-៣០ ឆ្នាំទៀត ឥទ្ធិពល និងអនុត្តរភាពរបស់ស្រ្ដី នៅក្នុងប្រទេសកម្ពុជារបស់យើងនឹងកាន់តែខ្លាំងឡើង ចំពោះការចូលរួមចំណែករបស់ស្រ្ដីនៅក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ និងគ្រួសារ គឺមិនតិចជាងបុរសនោះទេ។

-->
ទន្ទឹមនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមើលឃើញពីការលំបាករបស់និស្សិតជាស្ត្រី ពេលមករៀនសូត្រនៅរាជធានីភ្នំពេញ ជួបការលំបាកសម្រាប់ការស្នាក់នៅ។ នៅពេលសម្តេច អញ្ជើញចុះទៅតាមខេត្ត តែងគិតគូរពីការសាងសង់កន្លែងស្នាក់នៅសម្រាប់គ្រូ និងសិស្ស ប៉ុន្តែនៅរាជធានីភ្នំពេញមិនទាន់មានការសាងសង់នៅឡើយទេ។ បើតាមសម្តេចតេជោ កន្លែងស្នាក់នៅសម្រាប់និស្សិតជាស្ត្រីនេះ គ្រោងសាងសង់លើផ្ទៃដីទំហំប្រមាណ២ហិកតា ដោយចំណាយថវិកាប្រមាណជា ១០លានដុល្លារ។ សម្តេចតេជោ បានបញ្ជាក់ថា ថវិកានេះ មិនប្រើថវិកាជាតិនោះឡើយ គឺប្រើថវិកាសម្តេច និងក្រុមគ្រួសារ ដើម្បីបន្សល់ជាមរតកជូនដល់និស្សិតជាស្ត្រី។ អន្តេវេសិកដ្ឋាននេះ សាងសង់សម្រាប់និស្សិតស្រ្តីស្នាក់ចំនួន ៥០០នាក់ ដោយក្នុង ១បន្ទប់ស្នាក់នៅ ៤នាក់ ដោយមានបន្ទប់ទឹក និងចង្ក្រាន្តបាយផងដែរ។ ដូច្នេះត្រូវកសាងចំនួន ១២០បន្ទប់។ បន្ថែមពីលើនោះ នឹងមានការកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា នៅពេលកសាងរួចរាល់ សម្តេចតេជោ នឹងប្រគល់ជូនក្រសួងកិច្ចការនារី គ្រប់គ្រង និងចាត់ចែងក្នុងការទទួលនិស្សិតជាស្ត្រីដែលខ្វះកន្លែងស្នាក់នៅពេលមករៀននៅរាជធានីភ្នំពេញ។ សម្តេចតេជោ សង្ឃឹមថា អន្តេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ៕

