ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់គ្រោងបង្កើត “មជ្ឈមណ្ឌលប្រជាជន”ដើម្បីផ្តល់សេវាកម្មគាប់ចិត្តដល់ប្រជាពលរដ្ឋ។
លោកបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីមួយ ដែលរៀបចំធ្វើនៅវិមាន៧ មករាថា លោកគ្រោងសហការជាមួយក្រសួងការងារ ដើម្បីបើកមជ្ឈមណ្ឌលប្រជាពលរដ្ឋ នៅតាមផ្សារទំនើបដូចជា ផ្សារអ៊ីអនម៉ល ដែលមានមនុស្សទៅកំសាន្តច្រើន។
លោកបញ្ជាក់ថា “បច្ចុប្បន្នក្រសួងកំពុងរៀបចំប្រព័ន្ឋសេវាកម្ម “គាប់ចិត្ត”លើសេវាកម្មចំនួនជាង៤០០ ដើម្បីដាក់លើប្រព័ន្ឋអនឡាញដើម្បីជួយសម្រួលការងារជាមួយប្រជាពលរដ្ឋ”។លោកបន្ថែមថា “ក្រសួងបានរៀបចំសេវាកម្មគាប់ចិត្ត ដើម្បីឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ព្រោះគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនចាត់ទុកប្រជាពលរដ្ឋជាសត្រូវទេ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ បានសប្បាយចិត្ត និងប្រាក់ចំណូលកើនឡើង”។
លោកបន្តទៀតថា ការងាររបស់ក្រសួងបាននិងកំពុងធ្វើ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបញ្ចប់នូវជម្លោះដីធ្លី ដែលបច្ចុប្បន្ននៅមានករណីជមម្លោះជាង២០០ទៀត មិនទាន់បានបញ្ចប់ ដែលក្រសួងនឹងបញ្ចប់នាពេលខាងមុខ៕