ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាបាននឹងកំពុងរៀបចំប្រែក្លាយគោលដៅទេសចរណ៍របស់ខ្លួន ដែលមានបច្ចុប្បន្នឱ្យជាគោលដៅ ដែលមានភាពទាក់ទាញ និងធ្វើឲ្យទេសចរដែលមកទស្សនាស្នាក់យូរ និងចំណាយប្រាក់ច្រើន។
លោកបណ្ឌិតថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ឱ្យដឹងនៅក្នុងពិធីសម្ពោធសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា កាលពីចុងសប្តាហ៍កន្លងមកនេះថា ដើម្បីសម្រេចគោលដៅនេះ កម្ពុជាបន្តកិច្ចខិតខំពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍគោលដៅផលិតផលទេសចរណ៍ដែលមានស្រាប់ និងបន្តទាក់ទាញការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត នៅតំបន់សៀមរាបអង្គរ រាជធានីភ្នំពេញ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍ ដូចជា ទីក្រុងទេសចរណ៍ស្អាត និងបៃតងថ្មីទំនើប តំបន់ទេសចរណ៍ដ៏ទាក់ទាញនៅតំបន់ឆ្នេរ-កោះ មជ្ឈមណ្ឌលវិស្សមកាល និងកីឡាទេសចរណ៍ រមណីយដ្ឋានទេសចរវ័យចំណាស់ សួនទេសចរណ៍កម្សាន្តរបស់កុមារ ហាងលក់ទំនិញទំនើបៗ ភោជនីយដ្ឋានលំដាប់ខ្ពស់ សណ្ឋាគារប្រណីតៗលំដាប់ផ្កាយ៤ ផ្កាយ៥ជាដើម អាស្រ័យដោយហេតុថា បរិយាកាសវិនិយោគនៅកម្ពុជា គឺកាន់តែសាមញ្ញ ងាយស្រួល បើកចំហ និងសេរី។
កាលពីឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់ ក្នុងកំណើន ១១% ក្នុងនោះទេសចរចិនមានប្រមាណជាង ២លាននាក់ ឈរលំដាប់លេខ១ ក្នុងចំណោមទីផ្សារធំៗទាំង១០។
ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន២.៤លាននាក់ កើនឡើង១១% ក្នុងនោះទេសចរចិនមានចំនួន៨៨៧,០៣៩នាក់ កើនឡើង ៣៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
លោករដ្ឋមន្ត្រីបន្ថែមថា នៅឆ្នាំ២០១៩នេះ កម្ពុជាសង្ឃឹមថា នឹងទទួលបានទេសចរចិនប្រមាណ២.៦លាននាក់ និងប្រមាណ៣លាននាក់នៅឆ្នាំ២០២០។ ជាចំនួនលើសផែនការកំណត់ដែលបានគ្រោងទុក ហើយ៥លាននាក់នៅឆ្នាំ២០២៥ និងប្រមាណ៨លាននាក់ នៅឆ្នាំ២០៣០។
ចិនគឺជាប្រទេសដែលបានវិនិយោគធំជាងគេលំដាប់ទី១នៅកម្ពុជា ដោយក្នុងនោះកាលពីឆ្នាំ២០១៨កន្លងមក វិនិយោគទុនចិនមានទំហំប្រមាណ២.៧ពាន់លានដុល្លារ ស្មើនឹងប្រមាណ៤៨.២% នៃទំហំវិនិយោគសរុបនៅកម្ពុជា៕