៤ជំ​ហ៊ាន​ក្នុង​ការអនុវត្ត​ធនាគារ​ដីធ្លី​ដើម្បី​ឱ្យ​អ្នក​អាច​ចូលនិវត្តន៍​បាន​ត្រឹម​រយៈពេល១៥ឆ្នាំ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ធនាគារ​ដីធ្លី​គឺជា​អ្វី​ឱ្យ​ប្រាកដ​? ហើយ​គួរ​មាន​វិធីសាស្ត្រ​វិនិយោគ​បែប​ណា​ ទើប​អាច​ទទួល​បាន​ចំណេញ​? និង​ទទួល​បាន​ជោគជ័យ​ ហើយ​មាន​សេរីភាព​សាច់ប្រាក់​ និង​អាច​ចូលនិវត្តន៍​បាន​ត្រឹម​រយៈពេល១៥ឆ្នាំ​។

លោក​ ង៉ែត​ ជូ​ អ្នកវិភាគ​សេដ្ឋកិច្ច​និង​អចលនទ្រព្យ​បាន​លើកឡើង​ថា​ អ្នក​វិនិយោគ​ធនាគារ​ដីធ្លី​សញ្ជាតិ​អាមេរិក​ លោក​ John​ Jacob​ Astor​ និង​លោក​ Songsakdi​ បាន​ប្រើប្រាស់​យុទ្ធ​សាស្រ្ត​ «ធនាគារ​ដីធ្លី​ (Land​ Banking​) វិនិយោគ​រយៈពេល​វែង​ ដោយ​ផ្តោត​លើ​ដីធ្លី​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ នៅ​តំបន់​ជាយក្រុង​បាន​ជោគជ័យ​ រហូត​ក្លាយជា​មហាសេដ្ឋី​អចលនទ្រព្យ​ ដែល​មានទ្រព្យ​សម្បត្តិ​រាប់ពាន់​លាន​ដុល្លា​។

លោក​បន្ត​ថា​ “កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ ដែល​វិស័យ​ដីធ្លី​មាន​សក្តា​នុ​ពល​ខ្លាំង​ដែរ​ ដូច្នេះ​ខ្ញុំ​ជឿជាក់​ថា​លោកអ្នក​ ជា​ពិ​សេ​សប្អូនៗ​យុវជន​ អាច​ប្រើ​យុទ្ធ​សាស្រ្ត​នេះ​ ដើម្បី​អាច​ចូលនិវត្តន៍​បាន​ ដោយធ្វើ​ការ​ត្រឹមតែ១៥ឆ្នាំ​ប៉ុណ្ណោះ​”។

លោក​បាន​លើក​ជាឧទាហរណ៍​ថា​ ប្រសិនបើ​អ្នកមាន​អាយុ២៥ឆ្នាំ​ ហើយ​អ្នក​សន្សំប្រាក់​បាន៥០០ដុល្លា​រុំ​ក្នុង​មួយ​ខែ​ ឬ៦០០០ដុល្លារ​ក្នុង១ឆ្នាំ​ៗ ដើម្បី​វិនិយោគ​លើ​ដីធ្លី​ដែល​មាន​កំណើន​តម្លៃ២០ភាគរយ​ក្នុង១ឆ្នាំ​ នោះ១៥ឆ្នាំក្រោយ​ (នៅពេល​ដែល​អ្នកមាន​អាយុ៤០ឆ្នាំ​) អ្នក​អាច​មានទ្រព្យ​សម្បត្តិ​ប្រហែល​កន្លះ​លាន​ដុល្លា​។

ទ្រព្យសម្បត្តិ​ត្រឹម​កន្លះ​លាន​ដុល្លា​មិន​ច្រើន​ទេ​ ប៉ុន្តែ​អាច​អោយ​អ្នក​ចូលនិវត្តន៍​បាន​ប្រសិនបើ​អ្នកចេះ​រស់នៅ​ក្នុង​ជីវិត​សាមញ្ញ​ (ពោល​គឺ​ចំណាយ​តិច​) ហើយ​ចេះ​ចាត់ចែង​ទ្រព្យ​ទាំងនោះ​ ដើម្បី​បន្ត​បង្កើន​ចំណូល​ឬជា​ទ្រព្យ​បន្ថែម​។

ឧទាហរណ៍​ខាងលើ​ គ្រាន់តែ​ជា​ករណី​ដ៏​សាមញ្ញ​ៗប៉ុណ្ណោះ​ ជាក់ស្តែង​ប្រសិនបើ​អ្នកជា​បុគ្គល​ដែល​មាន​ភាព​អំណត់​ ពូកែ​សន្សំ​ ឬប្រើប្រាស់​ប្រភព​ទុន​ពី​ធនាគារ​ និង​មាន​ភាព​វៃឆ្លាត​ខ្លាំង​ក្នុង​ការ​វិនិយោគ​ ក្នុងរយៈពេល១៥ឆ្នាំ​ អ្នក​អាច​សន្សំទ្រព្យ​បាន​រាប់​លាន​ដុល្លា​តាមរយៈ​ធនាគារ​ដីធ្លី​។

ដើម្បី​សំរេច​បាន​នូវ​លទ្ធផល​ខាងលើ​ អ្នក​គប្បី​អនុវត្តន៍​នូវ​ជំ​ហ៊ាន​ទាំង៤នេះ​ ទី១​ កសាង​សមត្ថភាព​ (building​ skills​) ៖ អ្នក​ត្រូវ​រៀនសូត្រ​ពី​ការ​វិនិយោគ​ និង​របៀប​ធ្វើ​ធនាគារ​ដីធ្លី​ពី​បុគ្គល​ដែល​មានបទពិសោធន៍​ ស្វែងយល់​ពី​ផ្លូវច្បាប់​ ទីផ្សារ​ និង​ជំនាញ​ដទៃទៀត​ដូចជា​ការចរចា​។ល។ ជាពិសេស​អ្នក​គួរ​មាន​បុគ្គល​ ដែល​មានបទពិសោធន៍​អនុវត្ត​ផ្ទាល់​ធ្វើជា​អ្នក​ប្រឹក្សា​យោបល់​ (mentor​) ដើម្បី​ជួ​យតំ​រង់​ទិស​ និង​ផ្តល់​យោបល់​ដល់​អ្នក​។

ទី២​ ធ្វើ​ផែនការ​វិនិយោគ​ (planning​)៖ អ្នក​ត្រូវ​ប្រើ​ពេលវេលា​រយៈពេល​វែង​របស់​អ្នក​អោយ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​។ ក្នុង១ឆ្នាំ​ៗតើ​អ្នក​នឹង​វិនិយោគ​ដីធ្លី​ប៉ុន្មាន​កន្លែង​? ទំហំដី​ប៉ុណ្ណា​? នៅ​តំបន់​ណា​? ទំហំ​ទុន​វិនិយោគ​ប៉ុណ្ណា​? តើ​អ្នក​បាន​ប្រភព​ទុន​ពីណា​? ក្នុង១ឆ្នាំ​ៗ អ្នក​ត្រូវ​គេ​តំឡើង​ប្រាក់ខែ​ប៉ុន្មាន​ភាគរយ​ ដើម្បី​បង្កើន​លទ្ធភាព​វិនិយោគ​?។

ទី៣​ ​ការ​បង្កើន​ទ្រព្យ​ (wealth​ accumulation​)អ្នកចាប់​ផ្តើម​សិក្សា​ពី​ជំរើស​នៃ​ការ​វិនិយោគ​ ទៅតាម​ផែនការ​ដែល​បាន​គ្រោងទុក​។ ជា​រៀងរាល់​ឆ្នាំ​អ្នក​អនុវត្តន៍​តាម​ផែនការ​ និង​មាន​ភាព​បត់​បែន​ខ្លះ​ៗ ទៅតាម​សភាពការណ៍​ជាក់ស្តែង​។ រួច​អ្នក​រង់ចាំ​មើល​ការ​វិវត្ត​តាមរយៈ​ភាព​រីក​ចំរើន​នៃ​សេដ្ឋកិច្ច​ និង​ការ​កសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ័​ ដូចជា​ ផ្លូវ​ ទឹក​ ភ្លើង​ សំណង់​លំនៅ​ដ្ឋាន​ និង​រោងចក្រ​ជាដើម​។ល។ កំណើនប្រជាជន​ចាប់ផ្តើម​កើនឡើង​ខ្លាំង​ តំរូវការ​ដីធ្លី​ក៏​មាន​កាន់តែ​ខ្លាំង​ រី​ឯតម្លៃ​ក៏​ឡើង​តាម​នោះ​ដែរ​។

ទី៤​ ការបែងចែក​ទ្រព្យសម្បត្តិ​ (wealth​ distribution​) ៖ ប្រមាណ១៥ឆ្នាំក្រោយ​ជា​ដំណាក់កាល​ ដែល​អ្នក​ប្រមូល​ផល​ ពី​ការ​វិនិយោគ​លើ​ធនាគារ​ដីធ្លី​ ប្រកបដោយ​ចក្ខុវិស័យ​។ អ្នក​អាច​លក់​ដីធ្លី​មួយចំនួន​ ដើម្បី​បង្កើត​ជា​ចំណូល​ប្រចាំខែ​ ឬលក់​ដីធ្លី​ខ្លះទៀត​យក​ទុន​ទៅ​វិនិយោគ​លើ​ឃ្លាំង​ឬអាគារ​សំរាប់​ជួល​ ឬវិនិយោគ​ក្នុង​ក្រុមហ៊ុន​នានា​យក​ភាគលាភ​ប្រចាំឆ្នាំ​ (annual​ dividend​) ដើម្បី​ចិញ្ចឹម​គ្រួសារ​ និង​រីករាយ​ជាមួយ​ជីវិត​ដែល​មាន​សេរីភាព​ហិរញ្ញវត្ថុ​។

សកម្មភាព​វិនិយោគ​ទាំងនេះ​ សុទ្ធតែ​ជា​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​ជាតិ​។ ចំណែក​ដីធ្លី​ខ្លះទៀត​ ដែល​នៅ​មាន​សក្តា​នុ​ពល​កើន​តម្លៃ​ខ្ពស់​ គួរ​បន្ត​រក្សាទុក​ជា​ការ​បង្កើន​ទ្រព្យ​។

លោក​ ង៉ែត​ ជូ​ បាន​បញ្ជាក់​ថា​ អត្ថបទ​ខាងលើ​នេះ​ គឺជា​លទ្ធផល​នៃ​ការអនុវត្ត​ជាក់ស្តែង​ ការសិក្សា​ស្រាវជ្រាវ​ និង​ការវិភាគ​ទៅតាម​បរិបទ​នៃ​ទីផ្សារ​ និង​សេដ្ឋកិច្ច​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here