ដោយៈ រ៉ាណេត
កំពង់ស្ពឺៈ គម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្ម របស់អ្នកឧកញ៉ា ពុង ឃាវសែ នៅតំបន់ផ្លូវលេខ៥១ ក្នុងខេត្តកំពង់ស្ពឺ នៅលើផ្ទៃដីសរុប៥០០ហិកតា បច្ចុប្បន្នបាននិងកំពុងចាប់ដំណើរការជាបណ្តើរៗ ហើយក៏កំពុងស្វែងរកដៃគូសហការ ជាមួយក្រុមហ៊ុនចិនដ៏ធំមួយផងដែរ។
តាមរយៈកិច្ចផ្ដល់បទសម្ភាសន៍ ជាមួយបណ្តាញសារព័ត៌មានក្នុងស្រុកមួយ នៅសប្ដាហ៍នេះ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) អ្នកឧកញ៉ាពុង ឃាវសែបានឱ្យដឹងថា ក្រុមហ៊ុនកំពុងតែអភិវ ឌ្ឍន៍គម្រោងសួនឧស្សាហកម្ម នៅខេត្តកំពង់ស្ពឺ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ហើយក៏កំពុងស្វែងរកដៃគូសហការ ជាមួយក្រុមហ៊ុនចិនធំមួយ ដែលមានឯកទេសខាងគ្រឿងម៉ាស៊ីនសំណង់ដើម្បីបង្កើតរោងចក្រនៅតំបន់នោះ។
អ្នកឧកញ៉ាបានបន្ថែមថា “ក្រុមហ៊ុនបានចំណាយទុនប្រមាណ២០លានដុល្លារសម្រាប់ទិញដី និង១០លានដុល្លារទៀត សម្រាប់ការអនុវត្តការងារក្នុងដំណាក់កាលដំបូងដោយការចាក់ដីបំពេញ និងឈូសឆាយឱ្យស្មើ រួមជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រព័ន្ធបង្ហូរទឹក បណ្តាញអគ្គិសនីជាដើម” ។
តាមរយៈការចំណាយទឹកប្រាក់ ក្នុងដំណាក់កាលដំបូងសរុបប្រមាណ៣០លានដុល្លារនេះ ក្រុមហ៊ុនរំពឹងថាអាចនឹងចាប់ផ្តើមគម្រោង ក៏ដូចជាទាក់ទាញវិនិយោគិនឱ្យនានា មកវិនិយោគលើសួនឧស្សាហកម្មនេះក្នុងពេលដ៏ខ្លី។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ថា ក្នុងនាមជាអាជ្ញាធរ លោករីករាយ និងស្វាគមន៍គ្រប់គម្រោងវិនិយោគទាំងអស់ ហើយនឹងព្យាយាមជួយសម្របសម្រួលនីតិវិធីនានា ដើម្បីធ្វើយ៉ាងណា ជួយជម្រុញឱ្យគម្រោងវិនិយោគទាំងអស់នោះ ឲ្យទទួលបានជោគជ័យ និងមានភាពរលូន។
លោកបញ្ជាក់ថា “កំពង់ស្ពឺ ជាខេត្តដែលមានភាពអំណោយផល ផ្នែកកត្តាភូមិសាស្ត្រ ដែលក្រៅពីមានវិសាលភាពផ្ទៃដីធំទូលាយ ថែមទាំងមានភាពងាយស្រួលលើវិស័យដឹកជញ្ជូន ដែលជាចំណុចខ្លាំង ក្នុងការទាក់ទាញគម្រោងវិនិយោគនានាជាច្រើន ជាពិសេសក្នុងវិស័យឧស្សាហកម្ម កសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍” ។
លោកបានបន្តថា “បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសតូចធំសរុបជិត៣០០ទីតាំង ហើយគម្រោងបង្កើតតំបន់សេដ្ឋកិច្ច ដែលវិនិយោគដោយក្រុមហ៊ុនចិននៅផ្លូវ៤១ ស្រុកគង់ពិសី មានចំនួន១គម្រោង” ។ លោកបន្តថា “សម្រាប់គម្រោងថ្មីដែលវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក OCIC បង្កើតសួនឧស្សាហកម្មនៅតំបន់ផ្លូវ៥១ គឺជារឿងល្អ ដែលក្រៅពីជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ ថែមទាំងអាចផ្តល់នូវកន្លែងការងារដល់ប្រជាពលរដ្ឋក្នុងតំបន់ និងមកពីខេត្តដទៃទៀតផងដែរ” ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា តំបន់ផ្លូវជាតិលេខ៥១ គឺមានគម្រោងអភិវឌ្ឍន៍ច្រើន ដែលស្ថិតនៅក្នុងប្លង់គោលរបស់រាជរដ្ឋាភិបាល បន្ថែមពីលើគម្រោងអភិវឌ្ឍន៍របស់វិស័យឯកជន។
លោកបានបញ្ជាក់ថា“គម្រោងអភិវឌ្ឍន៍ជាច្រើន នៅក្នុងប្លង់គោលរបស់រដ្ឋាភិបាលនៅផ្លូវជាតិ៥១ នឹងចាប់ផ្ដើមបង្ហាញរូបរាងជាបណ្តើរៗ ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យឧស្សាហកម្មរោងចក្រ ស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដែលបានដាក់ចេញឱ្យអនុវត្តន៍” ។
លោកបន្ថែមថា “តាមគោលការណ៍របស់រដ្ឋាភិបាល នឹងបង្វែររោងចក្រចេញពីក្រុងភ្នំពេញ ទៅតាំងនៅតំបន់ជាយក្រុងតាមលទ្ធភាព ដែលអាចធ្វើទៅបាន ដែលក្នុងនោះតំបន់ផ្លូវជាតិលេខ៥១ ស្ថិតនៅក្នុងតំបន់ដែលមានអាទិភាព និងមានសក្ដានុពលក្នុងរយៈពេលយូរ ដោយសារតែកត្តាភូមិសាស្ត្រ មានអំណោយផលលើការដឹកជញ្ជូន” ៕