រដ្ឋាភិបាល​គ្រោង​កែប្រែ​ស្រុក​អូ​រាំង​ខេត្ត​មណ្ឌល​គី​រី​ជា​ក្រុង​រណប​ក្រោយ​ការសាងសង់​ព្រលានយន្តហោះ​បញ្ចប់

0

ដោយៈ រ៉ា​ណេ​ត

មណ្ឌល​គី​រីៈ នៅក្នុង​ផែនការមេ​អភិវឌ្ឍន៍​ឆ្នាំ២០២០ -២០៣៥ រដ្ឋាភិបាល​បានបង្ហាញ​ពី​គម្រោង​នៃ​ការអភិវឌ្ឍន៍ តំបន់​ជាច្រើន​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ដែល​ក្នុងនោះ​ក៏មាន​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​កែប្រែ​ស្រុក​អូ​រាំង​ទៅជា​ក្រុង​រណប​ថ្មី នៅក្នុង​ខេត្ត បន្ទាប់ពី​គម្រោង​សាងសង់​ព្រលានយន្តហោះ​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ។

តាមរយៈ​កិច្ចប្រជុំ​ស្តីពី​គ​ម្រោ​អភិវឌ្ឍន៍​ខេត្ត​មណ្ឌល​គី​រី របស់​ក្រសួងទេសចរណ៍​កាលពី​សប្ដាហ៍​កន្លងទៅថ្មីៗនេះ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បង្ហើប​ថា នៅក្នុង​ផែនការមេ ដែល​គ្រោង​នឹងដាក់​ឆ្លង​ការសម្រេច ពី​សំណាក់​រាជរដ្ឋាភិបាល​នៅ​ដើមឆ្នាំ​ក្រោយនេះ នឹងមាន​ការអភិវឌ្ឍ​ន៍​ជាច្រើន​កន្លែង រួម​ជាមួយនឹង​ការបង្កើន​តំបន់​ទេសចរ​ធម្មជាតិ​កែច្នៃ ដែលជា​ផលិតផល​ទេសចរណ៍ថ្មីៗទាំង​នៅក្នុង​ក្រុង ជាពិសេស​គម្រោង​កែប្រែ​ស្រុក​អូ​រាំង​ទៅជា​ក្រុង​រណប​ផងដែរ។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal ដែលជា​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន និង​តំបន់​កម្សាន្ត​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ថា គ្រប់​ផែនការ និង​គម្រោង​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត​រហូតមកដល់​ពេលនេះ ដូចជា មិនទាន់មាន​គម្រោង​ណាមួយ ដែល​ធ្វើ​មិនបាន​នោះទេ ផ្ទុយទៅវិញ​គឺមាន​តែ​ការអនុវត្ត​លឿន​និង​បញ្ចប់​មុន​ផែនការ។

លោក​ឧកញ៉ា​បាន​បន្តថា “ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន គឺ​តែង​ទទួលបាន​នូវ​ភាពជោគជ័យ ជាមួយ​លទ្ធផល​ផ្លែផ្កា​គួរ​ជាទី​មោទន ស្ទើរ​គ្រប់ផ្នែក ដែល​ក្នុងនោះ​មិន​ថា​ការបង្កើត​ក្រវាត់ក្រុង ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​បណ្តា​ខេត្ត​ក្រុង​នៅ​ទូទាំងប្រទេស ក៏ដូចជា​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ផងដែរ” ។

លោក​បន្តថា នៅក្នុង​ផែនការមេ ដែល​លើកឡើង​ដោយ​ក្រសួងទេសចរណ៍​ខាងលើនេះ គឺ​មិនមាន​អ្វី​ខុស​ឆ្គ​ង់​នោះទេ ពោលគឺ​ស្របទៅនឹង​សក្ដានុពល​របស់​ខេត្ត ដែលមាន​ស្រាប់​បន្ថែម​នូវ​ការអភិវឌ្ឍ ក្រោម​ការចូលរួម​ពី​វិស័យ​ឯកជន។ ជាក់ស្ដែង​នៅត្រឹម​ដំណាក់កាល​នាពេលនេះ ឃើញ​មាន​វិស័យ​ឯកជន បាន​បណ្តាក់ទុន​យ៉ាង​ស​ន្ឋឹ​ក​សន្ធាប់ ទៅលើ​ការវិនិយោគ ក្នុង​វិស័យ​ទេសចរណ៍ ដូចជា ការបង្កើត​តំបន់​កម្សាន្ត ការបង្កើត​ជា​បឹង​ហ្គា​ឡូ​ជាដើម ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទេសចរណ៍ ដែល​កើនឡើង​យ៉ាងគំហុក​នៅក្នុង​ខេត្ត​មួយ​នេះ។ ទាំងអស់នេះ​ក៏​ជា​ផ្នែក​មួយ ស្ថិតនៅក្នុង​ផែនការមេ​របស់​ក្រសួងទេសចរណ៍​រួចជាស្រេច។

លោក​ឧកញ៉ា​នួន រិទ្ធី បាន​បញ្ជាក់ថា “នៅ​ថ្ងៃ​ខាងមុខ គម្រោង​អភិវឌ្ឍន៍​ដែល​ស្ថិតនៅក្នុង​ផែនការមេ​អាច​នឹង​លេចចេញ​ជា​រូបរាង ជាពិសេស​ក្រោយពេល​គម្រោង​សាងសង់​ព្រលានយន្ដហោះ​ត្រូវបាន​បញ្ចប់ ព្រោះ​នៅពេលដែល​ព្រលាន​បញ្ចប់ ការសាងសង់ ហើយ​ដាក់​ដំណើរការ​នោះ នឹងធ្វើ​ឱ្យមាន​កំ​ណើ​បន​ទេសចរ កំណើន​គម្រោង​វិនិយោគផ្សេងៗ ក្រោម​ភាពងាយស្រួល​នៅក្នុង​មធ្យោបាយ​ធ្វើដំណើរ” ។

អគ្គនាយិកា​ក្រុមហ៊ុន KAT APPRAISAL លោកស្រី​ចេ​វ សុ​ឃុន បាន​មាន​ប្រ សា សន៍​ថា ខេត្ត​មណ្ឌល​គី​រី​នាពេល​បច្ចុប្បន្ន គឺមាន​ភាពខុសប្លែក​ឆ្ងាយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ជាពិសេស​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០២០ ឃើញ​មាន​សកម្មភាព​វិនិយោគ​ក្នុង​វិស័យ​ដីធ្លី ក៏ដូចជា កំណើន​នៃ​គម្រោង​អភិវឌ្ឍន៍​នានា ដូចជា​តំបន់​ទេសចរណ៍​កែច្នៃ​លំហែរ​កាយ​ជា Resort ជា​ផ្ទះសំណាក់តូចៗបែប​ធម្មជាតិ ក៏ដូចជា​តំបន់​ស្នាក់នៅ​បែប​លំហែរ​កាយ​ផងដែរ ប៉ុន្តែ​ហាក់​មិនទាន់​ផុសផុល​ខ្លាំង​នោះទេ។

លោកស្រី​បាន​បន្តថា “ភាគច្រើន​ច្រើន​គម្រោង​អភិវឌ្ឍន៍​នៅក្នុង​ខេត្ត​នេះ ជាគ​ម្រោ ង​ប​ង្កើ​រ​តំបន់​ទេសចរណ៍ និង​កម្សាន្ត​លក្ខណៈ​ធម្មជាតិ ប៉ុន្តែ​សម្រាប់​គម្រោង​អភិវឌ្ឍន៍ ឬ​សាងសង់​សំណង់ខ្ពស់ៗ គឺ​នៅ​មិនទាន់​ឃើញ​មាន​នោះទេ” ។ លោកស្រី​បន្ថែមថា “តម្លៃ​អចលនវត្ថុ​នៅក្នុង​ខេត្ត​ក៏​នៅ​ទាប បើ​ធៀប​ទៅនឹង​តម្លៃ​អចលនវត្ថុ នៅក្នុង​បណ្តា​ខេត្ត​ផ្សេងទៀត ដែល​វា​នៅតែ​ជា​ឱកាស​សម្រាប់​អ្នកវិនិយោគ ក៏ដូចជា​អ្នកទិញ​សម្រាប់​គម្រោង​អភិវឌ្ឍន៍ផ្សេង” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here