ដោយស៊ីវ ម៉េង
ភ្នំពេញៈ ការវិនិយោគឬទិញអចលនទ្រព្យ មិនមែនទិញតាមតែចិត្តនឹកឃើញនោះទេ ប៉ុន្តែយើងគួរទិញទៅតាមពេលវេលា និងអាយុរបស់អ្នកផងដែរ ប្រសិនជាលទ្ឋភាពសន្សំរបស់អ្នកអាចធ្វើទៅបាន។
ជាបុគ្គលជោគជ័យមួយរូប ក្នុងទីផ្សារដីធ្លី លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រសិនជាអ្នកមានអាយុ៥០ឆ្នាំ ជាពេលដល់អាយុជិតចូលនិវត្តន៍ មិនគួរវិនិយោគលើវិស័យដីធ្លីនោះទេ គឺគួរទិញខុនដូ ទិញដីសាងសង់ផ្ទះជួល ឬទិញផ្ទះល្វែងសម្រាប់ជួល ដែលអាចបានប្រាក់ភ្លាមៗត្រលប់មកវិញ។
ផ្ទុយទៅវិញប្រសិនជាលោក អ្នកមានអាយុចន្លោះពី៣០ទៅ៤០ឆ្នាំ គួរវិនិយោគលើវិស័យដីធ្លី ព្រោះទិញដីមានផលចំណេញខ្ពស់ និងជាវ័យដែលលោក អ្នកកំពុងរកលុយបានច្រើន។
ជាមួយគ្នានេះ លោកបានលើកពីធនធានរបស់មនុស្សម្នាក់ៗជាសំណួរផងដែរ ដោយលោកបានមានប្រសាសន៍ថា តើលោក អ្នកមានប្រាក់ប៉ុន្មាន មានស្ថានភាពជីវិតយ៉ាងដូចម្តេច? ព្រោះការសម្រេចចិត្តក្នុងលក្ខខ័ណ្ឌនេះ មានសារៈសំខាន់ មុនធ្វើការវិនិយោគក្នុងវិស័យនេះ។
លោកបណ្ឌិតគីម ហ៊ាងបានថ្លែងថា ការវិនិយោគលើវិស័យអ្វីមួយ ក៏គួរមានលក្ខខ័ណ្ឌជាក់លាក់ទាក់ទងនឹង ចំនួនទុនវិនិយោគ លក្ខខ័ណ្ឌការងារ លក្ខខ័ណ្ឌជីវិត ជាដើម ដោយលោកបានថ្លែងថា ប្រសិនជាអ្នកទើបរៀបការ ហើយសល់លុយ១០ម៉ឺនដុល្លារ គួរទិញផ្ទះសម្រាប់ស្នាក់នៅសិន ប្រសិនជាមានផ្ទះ ហើយសល់លុយគួរទិញដីទុក ហើយប្រសិនជាមានផ្ទះស្នាក់នៅ និងមានដីរួចហើយ គួរទិញខុនដូ ព្រោះខុនដូជាវិស័យថ្មីមួយដែលកំពុងមានការពេញនិយម និងបង្ហាញពីភាពស៊ីវិល័យ៕