តើសេដ្ឋកិច្ចកម្ពុជានឹងវិវត្តន៍បែបណា ប្រសិនជាជំងឺCovid-19បន្តញំាញីកម្ពុជា

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ មានការលើកឡើងសារជាថ្មីថា ការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១អាចនឹងមានការប្រែប្រួល ប្រសិនបើភាពប្រឈមនឹងការរីករាលដាលជំងឺនៅក្នុងសហគមន៍ នៅតែបន្តអូសបន្លាយពេលវេលាបន្ថែមទៀត។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានមានប្រសាសន៍នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះថា ប្រសិនបើស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-19 នៅតែអូសបន្លាយ និងមិនទាន់មានវ៉ាក់សាំងការពារ សេដ្ឋកិច្ចកម្ពុជានឹងអាចងើបឡើងក្នុងល្បឿនយឺត ដោយសារផលិតកម្មនៅក្នុងស្រុក មិនទាន់បានដំណើរពេញលេញនៅឡើយ។

លោកបណ្ឌិតបន្តថា “ជុំវិញជំងឺ Covid-19 បើសិនបញ្ហានេះធូរស្រាយ ឬត្រឡប់ជាធម្មតា សេដ្ឋកិច្ចកម្ពុជា នឹងអាចងើបឡើងយ៉ាងលឿន ប៉ុន្តែបើស្ថានភាពជំងឺCovid-19 នៅតែអូសបន្លាយ និងមិនទាន់មានវ៉ាក់សាំងការពារ សេដ្ឋកិច្ចកម្ពុជានឹងអាចងើបឡើងដោយល្បឿនយឺត ព្រោះថាផលិតកម្មក្នុងស្រុកមួយចំនួន មិនបានដំណើរពេញលេញ និងមិនមានសកម្មដូចមុននោះឡើយ”។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ បានលើកឡើងបន្តថា ជុំវិញខ្សែសង្វាក់ផលិតកម្មកម្ពុជាមានថ្លៃដើមផលិតខ្ពស់ជាងប្រទេសជិតខាង។ ដើម្បីលើកកម្ពស់ឱ្យសហគ្រាសផលិតបានកាន់តែច្រើន លុះត្រាតែធ្វើឱ្យពួកគាត់ចំណេញ ដូច្នេះក្រសួងស្ថាប័នពាក់ព័ន្ធគួរជួយជាលក្ខណៈបច្ចេកទេស ដើម្បីជំរុញឱ្យសហគ្រាសផលិតមានគុណភាព ការកាត់បន្ថយថ្លៃដើមឱ្យបានជាអតិបរមា កាត់បន្ថយថ្លៃអគ្គិសនី ថ្លៃដឹកជញ្ជូន បញ្ហាកំពង់ផែ ការចំណាយលើនគរបាលតាមដងផ្លូវ និងវិស័យពន្ធជាដើម ដែលទាំងអស់នេះសុទ្ធតែជាបញ្ហាក្នុងការប្រកួតប្រជែង នឹងធ្វើឱ្យសហគ្រាសមួយចំនួនត្រូវបិទទ្វារ ជាពិសេសការផ្តល់ឱកាសឱ្យមានលំហូរទំនិញចូលមកពីក្រៅស្រុក។

ស្ថិតក្នុងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២១ កម្ពុជាត្រូវបានព្យាករណ៍ថា នឹងអាចសម្រេចបានកំណើនក្នុងរង្វង់៣,៥ភាគរយ ដែលធ្វើឱ្យផលទុនជាតិសេរុប(ផ.ស.ស) ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់១១៧៩៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ២៩,០១៣ លានដុល្លារអាមេរិក ស្របពេលដែលផ.ស.ស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់១៧៧១ដុល្លារអាមេរិក បើធៀបនឹង១៦៨៣ ដុល្លារអាមេរិកក្នុងឆ្នាំ២០២០សំរាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានប្រមានសាសន៍ថា នៅត្រឹមដើមឆ្នាំ២០២១ខាងមុខនេះ កម្ពុជា ចិន នឹងចុះហត្ថលេខារួមគ្នាទៅលើការចាប់អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នា ហើយនឹងឈានសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសក្នុងតំបន់ផ្សេងៗទៀត ដូចជា កូរ៉េ ហុងកុង ជប៉ុន និងឥណ្ឌាជាដើម ហើយក៏នឹងមានបណ្តាប្រទេសជាច្រើនទៀតធ្វើជាដៃគូ។

លោកឧកញ៉ាបានបញ្ជាក់ថា “ក្រោយពីទទួលបាននូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទាំងអស់បន្ថែម ពីលើការទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធ (GSP) ពីប្រទេសធំៗផ្សេងទៀត ការនាំចេញរបស់កម្ពុជានឹងមានកំណើនទ្វេដង ហើយក៏ជាការង្កើននូវចំណូលជីវភាពផ្ទៃក្នុងរបស់ប្រជាពលរដ្ឋ ដែលប្រកបកសិកម្ម បន្ទាប់ពីមានក្រុមហ៊ុនវិនិយោគជាច្រើននៅឈប្រមូលទិញ សម្រាប់រៀបចំកែច្នៃជាផលិតផលកសិ-ឧស្សាហកម្មសម្រេច ឬពាក់កណ្តាលសម្រេចសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ”។

​លោកឧកញ៉ាបញ្ជាក់យ៉ាងខ្លីថា“សព្វថ្ងៃនេះ យើងនៅរង់ចាំតែភាពស្ងប់ស្ងាត់នៃកា​ររាតត្បាតជំងឺ Covid-19តែប៉ុណ្ណោះ នៅពេលបញ្ហានៃការរាតត្បាត ត្រូវបានបញ្ចប់ពេលណា នោះគឺជាពេលដែលកម្ពុជា ចាប់ផ្តើមពង្រីកទីផ្សារនាំចេញរបស់ខ្លួនហើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here