អ្នកជំនាញ ៖ តម្រូវការទីផ្សារជួលខុនដូនៅចុងឆ្នាំ២០២០មានការធ្លាក់ចុះខ្លាំង

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ថិតនៅក្នុងត្រីមាសទី៤ ជាពិសេសក្នុងអំឡុងដែលកំពុប្រឈមនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលកំពុងបន្តកើតមាននៅចុងឆ្នាំ២០២០នេះ តម្រូវការទីផ្សារជួលខុនដូត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះខ្លាំងបើធៀបទៅនឹងត្រីមាសទី២ និងត្រីមាសទី៣នៃឆ្នាំនេះ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះថា ស្រដៀងគ្នាទៅនឹងទីផ្សារជួលអាផាតម៉ិនដែលកំពុងបង្ហាញពីសញ្ញាដាំក្បាលចុះនោះ ងាកមកការជួលខុនដូក៏កំពុងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ ពោលគឺអត្រាបានធ្លាក់រហូតប្រមាណ៨០ភាគរយបើធៀបទៅនឹងចុងឆ្នាំ២០១៩។

លោកស្រីបានបញ្ជាក់ថា “យើងទទួលស្គាល់ថាទីផ្សារខុនដូចាប់ផ្តើមមានការទទួលស្គាល់ និងយល់ដឹងពីសំណាក់ប្រជាជនខ្មែរក្នុងស្រុកជាបណ្តើរៗ ប៉ុន្តែសម្រាប់ជនជាតិខ្មែរគឺមិនសូវចូលទៅរស់នៅនោះឡើយ ហើយតម្រូវការជាក់ស្ដែងគឺមានតែជនជាតិបរទេសតែប៉ុណ្ណោះ។ ដោយសារតែបញ្ហាប្រឈមនៃជំងឺជាសាកលដែលមានការបិទជើងហោះហើរ បិទប្រទេស បានធ្វើឱ្យជនបរទេសទាំងនោះផ្អាកចរាចរណ៍ ដូច្នេះហើយបានជាតម្រូវការជួលខុនដូមានការធ្លាក់ចុះ”។

លោកស្រីបន្តថា “អ្វីដែលសំខាន់នៅក្នុងដំណាក់កាលនេះ ដែលកម្ពុជាប្រឈមទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅចុងឆ្នាំនេះ មានជនបរទេសមួយចំនួនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងស្នាក់នៅក្នុងខុនដូ បានសម្រេចចិត្តចេញទៅជួលផ្ទះនៅជាយក្រុងបើទោះជាកិច្ចសន្យានៃការជួលខុនដូមិនទាន់បញ្ចប់ក៏ដោយ ព្រោះពួកគេមានភាពភ័យខ្លាចក្នុងការប្រើប្រាស់អគាររួមគ្នា ប្រើជណ្តើរយន្តរួមគ្នាដែលបញ្ហាប្រឈម”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “វាប្រាកដជាធ្លាក់ចុះ ព្រោះអ្នកជួលដែលជាជនជាតិបរទេសនោះបានចាកចេញទៅស្រុករបស់ពួកគាត់ និងមិនទាន់វិលត្រឡប់មកកម្ពុជាបានវិញនោះទេ”។

លោកបន្តថា “ក្នុងតំណាក់កាលនេះ មិនថាចំពោះតែការជួលនោះទេ ការលក់ក៏ធ្លាក់ចុះខ្លាំងដូចគ្នា ប៉ុន្តែវានឹងវិលទៅរកភាពល្អប្រសើរវិញ បន្ទាប់ពីការគ្រប់គ្រងត្រូវបានធ្វើឡើងប្រកបដោយប្រសិទ្ធភាព។ តាមការប៉ាន់ស្មានរបស់ខ្ញុំ អាចនៅពាកើកណ្តាលឆ្នាំ ឬចុងឆ្នាំ២០២១ ទើបទីផ្សារខុនដូចាប់មានដំណើរការឡើងវិញជាបណ្តើរៗបើទោះជាការចែកចាយវ៉ាក់សាំងត្រូវបានអនុវត្តជាផ្លូវការក៏ដោយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here