ដោយៈវុត្ថា
ភ្នំពេញៈ វិស្វករកម្ពុជាដែលកំពុងបំរើការងារឱ្យក្រុមហ៊ុនចិនមួយនៅក្នុងទីក្រុងព្រះសីហនុបានមើលឃើញថា ការអភិវឌ្ឍវិស័យសំណង់នៅក្នុងក្រុងព្រះសីហនុ នឹងមានសន្ទុះឡើងវិញ បន្ទាប់ពីចូលឆ្នាំខ្មែរនៅក្នុងឆ្នាំ២០២១ខាងមុខនេះ ព្រោះសំណង់ភាគច្រើនត្រូវបានវិនិយោគដោយជនជាតិចិន ហើយគេមិនទុកចោលនោះទេ។
លោកឆន ច័ន្ទសុជាតិ វិស្វករកម្ពុជា ដែលកំពុងបំរើការងារនៅក្នុងក្រុមហ៊ុនចិន China Construction Fouth (CSCEC) នៅក្នុងខេត្តព្រះសីហនុប្រាប់គេហទំព័រPropertyarea.asia កាលពីថ្ងៃទី៩ ខែធ្នូឆ្នាំ ២០២០កន្លងមកនេះថា សម្រាប់វិស័យទាំងអស់រួមទាំងវិស័យសំណង់ផងដែរ ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដែលធ្លាប់តែមានការរីកចំរើនក៏ទទួលរងនូវផលប៉ះពាល់ផងដែរពីជំងឹកូវីដ១៩ ប៉ុន្តែមិនយូរមិនឆាប់វានឹងងើបឡើងវិញនាពេលខាងមុខដ៏ខ្លី។
លោកបញ្ជាក់ថា “វិនិយោគិនចិនវិលត្រឡប់មកកាន់ទីក្រុងព្រះសីហនុនាពេលខាងមុខនេះ ហើយការអភិវឌ្ឍវិស័យសំណង់នៅក្នុងខេត្តព្រះសីហនុ នឹងមានសន្ទុះឡើងវិញ ពីព្រោះថាពួកគេមិនអាចទុកសំណង់របស់គេពាក់កណ្តាលទីបានទេ” ។
លោក ច័ន្ទសុជាតិ ដែលទទួលបានបញ្ចប់ការសិក្សាខាងផ្នែកពីវិស្វកម្មមកពីសកលវិទ្យាល័យមួយនៅក្នុងប្រទេសចិន បានបង្ហាញនូវទស្សនវិជ្ជមានថា អ្វីៗនឹងល្អប្រសើរឡើងវិញនៅឆ្នាំក្រោយនេះ បន្ទាប់ពីចូលឆ្នាំខ្មែរ ។ ពេលនោះ វិស័យនេះនឹងចាប់ផ្តើមដំណើរទៅមុខជាបណ្តើរៗ។
លោកបន្ថែមថា ការអភិវឌ្ឍន៍វិស័យសំណង់នៅក្នុងទីក្រុងព្រះសីហនុពីសំណាក់វិនិយោគិនចិន បានចូលរួមនៅក្នុងអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចំរើន។
ជាមួយគ្នានេះ លោកឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមអ្នកវិនិយោគ អ្នកធ្វើការងារនៅតាមក្រុមហ៊ុនចិនជាច្រើន បាន និងកំពុងចាប់ផ្តើមមកកាន់ខេត្តព្រះសីហនុវិញហើយ ដោយមួយខែមានអ្នកធ្វើដំណើរតាមអាកាសចរណ៍ប្រមាណ១០,០០០នាក់។
លោកបន្តថា “សកម្មភាពវិនិយោគ និងការរសាងសង់សំណង់នៅខេត្តនេះ បាននិងកំពុងចាប់ផ្តើមបណ្តើរៗឡើងវិញ ប៉ុន្តែមិនមានសកម្មភាពមមាញឹកខ្លាំងនោះទេ” ។
ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាល ដាក់បញ្ចូលក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដោយប្រែក្លាយខេត្តនេះជាតំបន់សេដ្ឋកិច្ចពិសេស និងក្រោយមកប្រែក្លាយខេត្តនេះជាតំបន់សេដ្ឋកិច្ចពហុបំណង។
ខេត្តព្រះសីហនុ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចំរើនលើវិស័យសំណង់ និងអចលនទ្រព្យយ៉ាងខ្លាំង តាមរយៈការមកវិនិយោគរបស់ជនជាតិចិនដែលធ្វើឱ្យខេត្តមួយនេះមានឈ្មោះល្បីទាំងនៅក្នុងតំបន់និងពិភពលោក៕