បេក្ខភាពដែលមានសក្ដានុពល២រូប នឹងឈរឈ្មោះជាប្រធាន CVEA ក្នុងអាណត្តិថ្មីឆ្នាំ២០២១

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្រាប់អាណត្តិថ្មីនៃការបោះឆ្នោតជ្រើសតាំងប្រធានដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាឆ្នាំ២០២១ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ឆាប់ៗខាងមុខនេះ នៅសណ្ឋាគារភ្នំពេញ ក្រោមសម្លេងគាំទ្រដែលជាសមាជិកសរុបប្រមាណជាង១០០ក្រុមហ៊ុន។

ខុសប្លែកពីអាណត្តិមុនៗដែលមានបេក្ខភាពជាច្រើនរូបចូលរួមប្រកួតប្រជែងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) សម្រាប់អាណត្តិថ្មីឆ្នាំ២០២១ខាងមុខនេះ បេក្ខភាពប្រកួតប្រជែងមានតែ២រូបប៉ុណ្ណោះ ដែលសុទ្ធតែត្រូវបានគេស្គាល់ថាមានកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យអចលនទ្រព្យយ៉ាងទូលាយ និងមានសក្ដានុពលខ្លាំងដូចគ្នា។

បេក្ខភាពទី១ លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Mekong និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានៅពេលបច្ចុប្បន្ន។ បេក្ខភាពទី២ លោក វ៉ន ចាន់ថន អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ TOWN CITY Real Estate និងអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានាពេលបច្ចុប្បន្ន។

ជាមួយនឹងការឈរឈ្មោះជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក្រោមការស្វែងរកសន្លឹកឆ្នោតពីសមាជិកនៅក្នុងសមាគមសរុបជាង១០០ក្រុមហ៊ុន ដែលនឹងប្រព្រឹត្តទៅនៅត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ បេក្ខភាពទាំង២រូប សុទ្ធតែមានចក្ខុវិស័យ និងផែនការដឹកនាំសមាគម ក៏ដូចជាសមាជិកទាំងអស់ឱ្យមានដំណើរឆ្ពោះទៅមុខប្រកបដោយភាពរីកចម្រើន និងបង្កើនការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជាឱ្យមានសន្ទុះខ្លាំងជាងពេលបច្ចុប្បន្ន។

គួរកត់សម្គាល់ផងដែរថា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជាចំណុះរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់មានប្រធានដឹកនាំក្នុងវិស័យឯកជនចំនួន៥រូប រួមមានលោក ស៊ឹង ប៊ុណ្ណា លោកឧកញ៉ា ចេង ខេង លោកឧកញ៉ា សុខ ប៊ុន លោកឧកញ៉ា គឹម ហ៊ាង និងលោក ច្រឹក សុខនីម ដែលកំពុងបន្តឈរឈ្មោះជាប្រធានសមាគមសម្រាប់អាណត្តិថ្មី ឆ្នាំ២០២១ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here