ក្នុងកាលៈទេសៈដ៏លំបាកដែលប្រទេសកម្ពុជាបានជួបប្រទះនៅក្នុងឆ្នាំ២០២០នេះ សាធារណៈជនសង្កេតឃើញថា
មានធុរៈជន និងក្រុមហ៊ុនធំៗជាច្រើនបានសាមគ្គីគ្នាឧបត្ថម្ភថវិកាជាហូរហែរដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជាកំពុងជួបប្រទះ។
ជាក់ស្តែងចាប់តាំងពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ គេសង្កេតឃើញមាន ឧកញ៉ា អ្នកឧកញ៉ាល្បីៗពីបណ្តាក្រុមហ៊ុនធំៗជាច្រើនបានបង្ហាញសាមគ្គីភាពសង្គមតាមរយៈការបរិច្ចាគថាវិកាយ៉ាងច្រើនជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ក្នុងចំណោមបណ្ដាក្រុមហ៊ុនធំៗទាំងនោះ ក៏មានក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលឈានមុខគេក្នុងវិស័យអចលនទ្រព្យ អភិវឌ្ឍបុរី និងវីឡាប្រណីតៗ បានបរិច្ចាគថវិកាចំនួន ៣លានដុល្លារអាមេរិចផងដែរ។
តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប លោក ចាន់ រដ្ឋា ប្រធានផ្នែកកិច្ចការសាធារណៈជាន់ខ្ពស់ បានលើកឡើងថា៖ “ភាពជោគជ័យ ការរីកចម្រើន និងទំនួលខុសត្រូវរបស់ក្រុមហ៊ុនមួយឆ្លុះបញ្ចាំងតាមរយៈ ការចែករំលែក និងចូលរួមក្នុងសង្គម។
ការីកចម្រើនរបស់ក្រុមហ៊ុនរហូតមកដល់សព្វថ្ងៃផ្សារភ្ជាប់ទៅនឹងទស្សនៈ ដែលជានិច្ចជាកាលដក់ជាប់ក្នុងផ្នត់គំនិតរបស់ថ្នាក់ដឹកនាំពោលគឺ “ផឹកទឹកនឹកដល់ប្រភព” ព្រមជាមួយចក្ខុវិស័យដែល “គ្រប់បែបយ៉ាងគឺដើម្បីធ្វើឲ្យជីវិតកាន់តែមានន័យ” ។ ប្រភពនៃការរីកចម្រើនរបស់ក្រុមហ៊ុន គឺការគាំទ្រពីរាជរដ្ឋាភិបាលតាមរយៈ សន្តិភាព ស្ថិរភាពសង្គម និងបរិយាកាសវិនិយោគល្អ ការគំាំទ្រពីអតិថិជន កាខិតខំប្រឹងប្រែងរបស់បងប្អូនកម្មករ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ខណៈដែលការចែករំលែក ការជួយគ្នាក្នុងគ្រាលំបាកគឺជាសេចក្តីសុខដែលធ្វើឲ្យជីវិតយើងទាំងអស់គ្នាកាន់តែមានន័យ។ ឆ្លៀតក្នុងឳកាសនេះដែរ ខ្ញុំបាទ សូមថ្លែងអំណអរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតផល និងគម្រោងនានារបស់ក្រុមហ៊ុន និងចូលរួមចែករំលែកភាពជោគជ័យរបស់យើងទាំងអស់គ្នាទៅដល់សង្គមវិញ។ សូមចូលរួមរក្សាអនាម័យ ពាក់ម៉ាស់ និងរក្សាគម្លាតសង្គមអោយបានគ្រប់ៗគ្នា ដើម្បីបង្ការជំងឺកូវីដ-១៩។
សូមរំលឹកផងដែរថាជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្មក្នុងការចែករំលែកនិងតបស្នងទៅសង្គមដូចជា សាងសង់វត្តអារាម ផ្លូវថ្នល់ មន្ទីរពេទ្យ ឧបត្ថម្ភថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ ចូលរួមជាមួយរាជរដ្ឋាភិបាលរាល់គ្រប់កាលៈទេសៈដូចជាគ្រោះទឹកជំនន់ កូវីដ-១៩។ល។