អចលនទ្រព្យ​កម្ពុជា៖ ទិដ្ឋភាព​អ្វីខ្លះ​នឹង​ប្រែប្រួល និង​គួរ​វិនិយោគ​នៅ​ឆ្នាំ២០២១?

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ដែល​បាននិងកំពុង​ធ្វើ​ការងា​រ​យ៉ាងសកម្មជាមួយ​អ្នកវិនិយោគ​ចិន និង​អន្តរជាតិ​ដទៃទៀត​បាន​ប្រមើលមើល​លើ​ទិដ្ឋភាព​ប្រែប្រួល​នៃ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជាសំរាប់​ឆ្នាំ២០២១ខាងមុខ​ថា​តើ​មាន​ភាពប្រែប្រួល ​និង​បត់បែន​បែបណា។

លោក​ឡោ វិចិត្រ អនុប្រធាន​សមាគម​អចលនទ្រព្យ​សកល​ប្រចាំរាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃចុង​សប្តាហ៍​កន្លងមក​ថា ឆ្នាំ២០២០នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​នឹង​ឈានចូល​ឆ្នាំ២០២១ បងប្អូន​ប្រាកដជា​ចង់ដឹងថា អចលនទ្រព្យ​កម្ពុជា​នឹងមាន​សភាព​បែបណា ក៏ដូចជាវិវឌ្ឍន៍​ដល់​កម្រិតណា​សំរាប់​ឆ្នាំ២០២១ ខាងក្រោម​នេះ???។

លោក​បន្តថា ជាមួយនឹង​ការវិភាគផ្អែក​លើ​ទិដ្ឋភាព​សេដ្ឋកិច្ចកម្ពុជា និង​ទិដ្ឋភាព​សាកល លោក​បា​នស​ង្ខែ​ប​បទ​បង្ហាញខ្លះៗ ដោយ​បែងចែក​អចលនទ្រព្យ​ជា​ប្រភេទសំខាន់ៗដូចជា ១ ដីធ្លី ២ ផ្ទះ​ជាប់​ដី​ ឬ​ផ្ទះ​អាជីវកម្ម និង៣ ខុន​ដូជា​លំនៅដ្ឋាន​សហកម្ម​សិទ្ធិ។

តើ​ការវិនិយោគ​ទៅលើ​ប្រភេទ​មួយណា​ល្អ​ជាង និង​ហានិភ័យ​នៃ​ការវិនិយោគ​លើ​ប្រភេទ​អចលនទ្រព្យនីមួយៗ លោក​សូម​ធ្វើការ​ចែករំលែក​លើ​ចំណុចសំខាន់ៗមួយចំនួន ៖

ទី១ ដីធ្លី​នៅ​ឆ្នាំ២០២១

ដី​ជា​ប្រភេទ​អចលនទ្រព្យ​ល្អ​បំផុតសំរាប់​បងប្អូន ដែលមាន​ការស្វែងយល់​ពី​ភូមិសាស្ត្រ​ច្បាស់លាស់ ហើយ​ទទួល​ជ្រាប​ព័​ត៍​មាន​ជាក់លាក់​ស្តីអំពីគំរោង​រដ្ឋាភិបាល​ទៅ​ផែនការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ដូចជា​ផ្លូវថ្នល់ សាលារៀន និង​ផ្សារ​ជាដើម។

ប៉ុន្តែ​ប្រភេទ​អចលនទ្រព្យ​នេះ សំរាប់​បងប្អូន​ដែលមាន​សាច់ប្រាក់​គ្រប់គ្រាន់ និង​ទុន​សំរាប់​វិនិយោគ​យ៉ាងតិច​ពី៣ឆ្នាំ ឬ​អាច​រហូតដល់១០ឆ្នាំ បើ​ទិញ​ខុសពី​តំបន់​ដែល​គេ​អភិវឌ្ឍ​ន៍ ឬ​រូ​បរាង​ដី​ខុសប៉ាន់។ បើ​បងប្អូន​ត្រូវការ​សាច់ប្រាក់​បង្វិល​សំរាប់​រកស៊ី សូមពិចារណា​អោយបាន​ច្បាស់​សិន​ថា លទ្ធភាព​យើង​អាច​ទិញ​ដី​ទំហំ​ណា? ហើយ​បើកប់​ទុន​យូរ តើ​យើង​ទប់ទល់​បាន​ ឬទេ?

ទី២ ផ្ទះ​ជាប់​ដី​ ឬ​ផ្ទះ​អាជីវកម្ម

លោក​ឡោ វិចិត្រ​បាន​បន្តថា បច្ចុប្បន្ននេះ បើ​លទ្ធភាព​បងប្អូន​នៅមាន​គ​ម្រិ​ត​គឺ​ពិបាក​ទិញ​ផ្ទះ​នៅក្នុង​ក្រុង​ខ្លាំងណាស់ ព្រោះ​តម្លៃ​សំរាប់​ផ្ទះ​ជាប់​ដីនៅ​កណ្តាល​ក្រុង​គឺ​ថ្លៃ​ខ្លាំងណាស់ ដូច្នេះ​ជម្រើស​គឺ​ផ្ទះ​ជាយក្រុង។

ផ្ទះ​ជាប់​ដី​ជាយក្រុង គឺជា​ជម្រើស​ល្អ​សំរាប់​បងប្អូន ដែល​ប្រកប​អាជីវកម្ម​ ឬ​ការងារ​នៅ​ជាយក្រុង ព្រោះ​ការធ្វើដំណើរ​បច្ចុប្បន្ន​គឺ​ស្ទះ​ចរាចរ​ខ្លាំង ហើយ​ប្រើពេល​យូ​រដូចដែល​បងប្អូន​បាន​ជ្រាប​ស្រាប់​ហើយ។

ទី៣ ខុន​ដូ សហកម្ម​សិទ្ធិ

ខុន​ដូ ជា​ប្រភេទ​អចលនទ្រព្យ​ថ្មី​មួយ សំរាប់​បងប្អូន​ដែល​ត្រូវការ​បែបបទ​រស់នៅ​សម័យថ្មី ហើយ​ជា​អ្នក​ប្រកប​អាជីវកម្ម ឬ​ការងារ​នៅ​កណ្តាល​ក្រុង តែ​លទ្ធភាព​នៅមានកម្រិត។

ខុន​ដូ​ផ្តល់​ភាពងាយស្រួលសំរាប់​ទំហំ​គ្រួសារ​តូច ឬ​មធ្យម​ដែល​ត្រូវការ​លំនៅដ្ឋាន​កណ្តាល​ក្រុង ដែល​នៅ​ជិត​កន្លែងធ្វើការ​ឬ​អាជីវកម្ម។

ប៉ុន្តែ​ខុន​ដូរ​មាន​ហានិភ័យ​ខ្ពស់ ជាង​ប្រភេទ​អចលនទ្រព្យ​ជា​ដី ឬ​ផ្ទះ​ជាប់​ដី ព្រោះ​គំរោង​ដែល​ត្រូវ​បានបញ្ចប់​ការសាងសង់ តាម​កិច្ចសន្យា​ទិញ លក់ ហើយ​ប្រគល់​សោ​ទៀងទាត់​ជូន​ភ្ញៀវ​គឺ​នៅមាន​តិច។

បើ​បងប្អូន​ជាវ​ប៉ះចំ​គំរោង​ស្អុយ គឺ​ស្មើនឹង​បោះ​លុយ​ចោល​ដូចគ្នា។

ការសន្និដ្ឋាន

ប្រភេទ​អចលនទ្រព្យ​ទាំងបី​ប្រភេទ សុទ្ធតែ​មានគុណ​វិបត្តិ និង​គុណសម្បត្តិ​ដូចគ្នា​ដូច្នេះ​បងប្អូន ត្រូវ​វិនិយោគ​ទៅតាម​លទ្ធភាព ដែលមាន​ជាក់ស្តែង និង​ជ្រើសរើស​ទីតាំង​ដែល​ស្រប និង​កន្លែង​ការងារ ឬ​អាជីវកម្ម ក៏ដូចជា​ទំហំ​គ្រួសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here