ដោយគង់ សូរិយា
ភ្នំពេញៈ ទោះបីជាអាផាតតម៉ិននៅតែបន្តកើនឡើងក៏ដោយ ក៏ចំនួនអាផាតម៉ិននៅតំបន់មួយចំនួននៅតែមានភ្ញៀវស្នាក់នៅពេញៗ ស្របពេលនឹងតំបន់មួយចំនួនមិនមានភ្ញៀវស្នាក់នៅ ហើយម្ចាស់បានទម្លាក់តម្លៃចន្លោះពី២០ ទៅ ៣០ភាគរយ។
កញ្ញាឈុន ចរិយា អ្នករកអាផាតម៉ិនឲ្យភ្ញៀវកូរ៉េជាប្រចាំ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២២ ធ្នូកន្លងមកថា កញ្ញាបានរកអាផាតម៉ិនជួលជាប្រចាំ សំរាប់ភ្ញៀវកូរ៉េ ព្រោះកញ្ញាមានមិត្តភ័ក្ត និងទំនាក់ទំនងជាមួយជនជាតិកូរ៉េច្រើន។ កញ្ញាបន្តថា ប៉ុន្តែភ្ញៀវកូរ៉េនិយមស្នាក់នៅកន្លែងណាមួយ មិនលើសរយៈពេល៦ខែទេ ដោយសារពួកគេចង់ផ្លាស់ប្តូរបរិយាកាសរស់នៅ។
កញ្ញាបន្តថា “អាផាតម៉ិននៅតំបន់បឹងកេងកង១ មិនសូវមានសល់បន្ទប់នោះទេ ហើយសង្កាត់បឹងកេងកង២ ក៏ដូចគ្នា ប៉ុន្តែបើអាផាតម៉ិននៅតំបន់ទួលទំពូង ផ្សារដើមថ្កូវ ទួលស្វាយព្រៃជាដើម មាននៅសល់ច្រើន” ។ កញ្ញាបន្តថា “ដោយសារអាផាតម៉ិនកើនឡើង និងតម្រូវការធ្លាក់ចុះបានធ្វើឲ្យម្ចាស់អាផាតម៉ិនទម្លាក់តម្លៃ ដោយសារចង់រក្សាភ្ញៀវចាស់ និងរកភ្ញៀវថ្មី” ។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍ថា ទីផ្សារអាផាតម៉ិនមានការប្រកួតប្រជែងគ្នាខ្លាំងណាស់ ដោយសារចំនួនផ្គត់ផ្គង់កើនឡើងខ្ពស់ ពិសេសគម្រោងអាផាតម៉ិនចាស់ៗ តែងតែបាត់ភ្ញៀវ ដែលទាមទារឲ្យច្បាស់អាផាតម៉ិនរៀបចំកែលំអរឡើងវិញជាប្រចាំ ដើម្បីទាក់ទាញភ្ញៀវស្នាក់នៅ។
លោកបន្តថា “ពេលនេះទីផ្សារនេះបានឈានដល់ដំណាក់កាលត្រីធំ ស៊ីត្រីតូចហើយ ព្រោះអាផាតម៉ិនដែលមានកំពស់៥ជាន់ មិនមានសេវាកម្មសម្រួលដល់ការរស់នៅច្រើននឹងប្រឈមមុខនឹងការស្លាប់” ។ លោកបន្តថា “ផ្ទុយទៅវិញ អាផាតម៉ិនថ្មីៗបាននិងកំពុងសាងសង់ មានកំពស់ខ្ពស់ៗ និងបានផ្តល់សេវាកម្មដល់ការរស់នៅប្រកបដោយផាសុខភាពដល់អតិថិជន គំរោងបែបនេះនឹងលេចធ្លោ និងទាក់ទាញបានភ្ញៀវស្នាក់នៅច្រើន” ៕