ហេដ្ឋារចនាសម្ព័ន្ធ​ល្អ៖ ផ្លូវជាតិ​លេខ១ ទាក់ទាញ​អ្នកវិនិយោគ​សាងសង់​បុរី​កាន់តែច្រើន

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ ជាមួយនឹង​កំនើន​នៃ​ការវិនិយោគ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ប្រសើរ ផ្លូវជាតិ​លេខ១ បាននិងកំពុង​ទាក់ទាញ​ការវិនិយោគ​បុរី​កាន់តែច្រើន ដែល​បច្ចុប្បន្ន​សំណង់​បុរី លំនៅដ្ឋានធំៗមិន​ក្រោម១០នោះទេ បាននិងកំពុង​វិនិយោគ​នៅ​តំបន់​នេះ។

លោក​អាន រ៉ា​ឌី អគ្គនាយក​ក្រុមហ៊ុន​បុរី​មង្គល​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា បុរី​មង្គល​ភ្នំពេញ បាននិងកំពុង​វិនិយោគ​សាងសង់​គំរោង​ទី៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ហើយ​ការសម្រេចចិត្ត​មក​វិនិយោគ​នៅ​តំបន់​នេះ ដោយសារ​តំបន់​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​ដ៏​សំខាន់​នេះ មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ល្អប្រសើរ មាន​សាលារៀន មន្ទីរពេទ្យ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ។

លោក​បន្តថា “តំបន់​នេះ​បានផ្តល់​បរិយាកាស​រស់​នៅ​យ៉ាង​ល្អប្រសើរ ដោយមាន​ទន្លេ​នៅ​អម​សងខាង មាន​សេវាកម្ម​រថយន្ត​សាធារណៈ​របស់​រដ្ឋ ដែល​ផ្តល់​ឲ្យ​អ្នករស់នៅ​តំបន់​នេះ​មាន​ភាពងាយស្រួល​និង​ផាសុខភាព” ។

អគ្គនាយក​ក្រុមហ៊ុន KFA លោក​ឧកញ៉ា​នួន រិទ្ធី បាន​មានប្រសាសន៍ថា បន្ទាប់ពី​ការពង្រីក​ផ្លូវជាតិ​លេខ១ បានបញ្ចប់ សកម្មភាព​ពាណិជ្ជកម្ម និង​ការវិនិយោគ​សេវាកម្ម​នានា​នៅតាម​បណ្តោយ​ផ្លូវ​នេះ​កើនឡើង ដោយសារ​កត្តា​ភូមិសាស្ត្រ កៀក​នឹង​កណ្តាល​ក្រុងភ្នំពេញ កំនើន​ប្រជាសាស្ត្រ​នៅ​តំបន់​នេះ​កើនឡើង សេវាសាធារណៈ​កាន់តែ​ប្រសើរ លក្ខ​ខ័​ណ្ឌ​អាកាសធាតុ​ល្អ ដោយសារ​មាន​ទន្លេ​អម​សងខាង និង​សណ្ឋាន​ដី​ល្អប្រសើរ​ផងដែរ។

លោក​បន្តថា “ដោយសារ​ជា​តំបន់​មាន​សក្តានុពល ងាយ​ស្រូល​រស់នៅ កៀក​នឹង​រាជធានី​ភ្នំពេញ និង​ផ្លូវជាតិសំខាន់ៗដូចជា​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤ និង​ការពង្រីក​កំពស់​ផែ​ភ្នំពេញ នឹងធ្វើ​ឲ្យ​តំបន់​ស្ថិតនៅតាម​ដងផ្លូវ​ជាតិ​លេខ១ នឹងមាន​ការរីកចម្រើន​លឿន​បន្ថែមទៀត​នាពេល​អនាគត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here