អ្នកអភិវឌ្ឍន៍សាទរនឹងការសម្រេចរបស់រាជរដ្ឋាភិបាលលើការលើកលែងពន្ធប្រថាប់ត្រាទិញ-លក់លំនៅដ្ឋាន

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាមួយនឹងការសម្រេចអនុគ្រោះពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តបន្តលើកលែងពន្ធប្រថាប់ត្រាទិញ-លក់លំនៅដ្ឋានដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ បណ្តាអ្នកអភិវឌ្ឍន៍បានបង្ហាញពីក្ដីសាទរ ជាមួយនឹងជំនឿជឿជាក់ថា កំណើនទីផ្សារនៃការលក់នឹងទទួលបានភាពល្អប្រសើរនៅឆ្នាំ២០២១ខាងមុខនេះ។

អគ្គនាយកក្រុមហ៊ុន PREMIUM Group លោកម៉ាន់ ច័ន្ទឌី ដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះថា ក្នុងនាមរូបលោកជាអ្នកអភិវឌ្ឍន៍ពិតជារីករាយជាមួយនឹងការអនុគ្រោះរបស់រាជរដ្ឋាភិបាលកម្ពុជាលើការលើកលែងពន្ធប្រថាប់ត្រានៃការទិញ-លក់លំនៅដ្ឋានដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារសម្រាប់ឆ្នាំ២០២១។

លោកម៉ាន់ ច័ន្ទឌី បានបញ្ជាក់ថា “វាគឺជាដំណឹងដ៏ល្អសម្រាប់អ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យម ព្រោះនៅពេលដែលមានការលើកលែងពន្ធប្រថាប់ត្រា តម្លៃលំនៅដ្ឋានដែលនឹងត្រូវដាក់លក់នៅទីផ្សារក៏ត្រូវបានបញ្ចុះ ដើម្បីងាយស្រួលក្នុងការទទួលបានចំណាប់អារម្មណ៍ពីអតិថិជនរបស់ខ្លួន”។

លោកបន្តថា “ទីផ្សារលំនៅដ្ឋានកម្រិតមធ្យមដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារគឺមានភាពទូលំទូលាយណាស់ ដូច្នេះនៅពេលដែលមានការលើកលែងពន្ធប្រថាប់ត្រាពីសំណាក់រាជរដ្ឋាភិបាល ខ្ញុំជឿថា នៅក្នុងឆ្នាំ២០២១នឹងមានកំណើននៃការលក់យ៉ាងប្រាកដខណៈដែលស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩ត្រូវបានធូរស្បើយ ដូច្នេះ ស្ថានភាពសេដ្ឋកិច្ចនឹងមានកំណើនឡើងវិញ ប្រជាពលរដ្ឋអាចមានចំណូលថេរ នោះការលក់លំនៅដ្ឋានក៏នឹងកើនឡើងផងដែរ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា “ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះពេញមួយឆ្នាំ២០២១ នឹងធ្វើឱ្យប្រជាពលរដ្ឋមានឱកាសទិញលក់ផ្ទះច្រើនជាងមុន ព្រោះផ្ទះតម្លៃត្រឹម៧ម៉ឺនចុះក្រោម ភាគច្រើនពលរដ្ឋមានលទ្ធភាពអាចទិញបាន ជាពិសេសនៅតាមតំបន់ជាយក្រុងដែលត្រូវបានដាក់លក់ត្រឹមជាង៤-៥ម៉ឺនដុល្លារតែប៉ុណ្ណោះ”។

ជាមួយនឹងការសម្រេចបន្តអនុវត្តនូវវិធានការជុំទី៧ និងការលើកលែងពន្ធប្រថាប់ត្រាខាងលើនេះ រាជរដ្ឋាភិបាលក៏បានអំពាវនាវដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃផ្ទះទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧)៕

LEAVE A REPLY

Please enter your comment!
Please enter your name here