គម្រោង​វិនិយោគ​ចំនួនធំៗតម្លៃ​ជិត២០ពាន់​លាន​ដុល្លារ​នឹង​កែប្រែ​មុខ​ខេត្តព្រះសីហនុ​នាពេល​អនាគត

0

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ គម្រោង​អភិវឌ្ឍណ៍ធំៗចំនួន៣ នឹង​ផ្លាស់ប្តូរ​មុខ​ព្រះសីហនុ​កាន់តែខ្លាំង​បន្ថែម បន្ទាប់ពី​គម្រោង​ទាំងអស់​បញ្ចប់​នាពេលខាងមុខ ខណៈ​គម្រោង​ទាំងបី​នេះ​មាន​ទុនវិនិយោគ​សរុប​ប្រមាណ១៩.២ពាន់​លាន​ដុល្លារ។

ទី១) គម្រោង​ទីក្រុង​រាម

ក្រុមហ៊ុន Canopy Sands Development ដែលជា​សមាជិក​របស់​ក្រុមហ៊ុន ព្រី​នស៍ ហូ​ឌី​ង គ្រុប ដែលជា​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ និង​កំពុងមាន​ភាព​រីកចម្រើន​លឿន​ជាងគេ​មួយ​នៅ​កម្ពុជា បានអនុម័ត​ផែនការ​គោល​សម្រាប់​ទីក្រុង​រាម ដែល​បាន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Surbana Jurong Group ដែលជា​ក្រុមហ៊ុន ផ្ដល់​ប្រឹក្សា​ផ្នែក​សេវាកម្ម​ក្នុងការ​គ្រប់គ្រង និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ទូទាំង​ពិភពលោក ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល នៅ​ប្រទេស​សិង្ហ​បុរី។

ផែនការ​គោល​បានបញ្ជាក់​អំពី​ប្លង់ដី​សម្រាប់​ប្រើប្រាស់ ក្នុង​គម្រោង​ដែលមាន​ទំហំ៨៣៤ហិកតា ដែល​ការវិនិយោគ​សរុប ត្រូវបាន​គេ​ប៉ាន់ស្មាន​ប្រមាណ១៦ពាន់​លាន​ដុល្លារ ហើយនឹង​ត្រូវបាន​អភិវឌ្ឍន៍ នៅលើ​ដី​ដែល​បាន​ចាក់​បំពេញ ដែលមាន​ទីតាំងនៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ។

ទីក្រុង​រាម នឹង​ដើរតួ​ជា​កត្តា​ជំរុញ សម្រាប់​សក្ដានុពល​រីកចម្រើន នៃ​តំបន់​ខេត្ត​ព្រះសីហនុ​ទាំងមូល ដែលជា​ទីក្រុង​ធំជាងគេ​លំដាប់​ទី​បី និង​ជា​កំពង់ផែ​ទឹក​ជ្រៅ​របស់​កម្ពុជា។

ទីក្រុង​រាម នឹង​ផ្លាស់ប្តូរ​ខេត្ត​ព្រះសីហនុ តាមរយៈ​ការណែនាំ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី ប្រកបដោយ​ចីរភាព​សម្រាប់​សកម្មភាព​ផ្នែក ទេសចរណ៍ ផ្នែក​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន ដែលមាន​សក្ដានុពល អាច​ផ្ដល់​ជា​កន្លែង​ស្នាក់នៅ ដល់​ប្រជាជន​រហូតដល់១៣០,០០០នាក់។ នៅពេល​បញ្ចប់ ផែនការ​គោល​ដែល​ផ្តោត​សំខាន់​ទៅលើ ការសាងសង់​កន្លែង​លំហែ​សម្រាប់​គ្រួសារ ខុន​ដូ ផ្ទះ​ដែលមាន​ទីធ្លា និង​ផ្ទះ​ជាប់​ឆ្នេរ និង​លំនៅដ្ឋាន ដែលមាន​តម្លៃ​សមរម្យ ផ្សារ​ទំនើប មជ្ឈមណ្ឌល​ពាណិជ្ជកម្ម រមណីយដ្ឋាន​តាម​មាត់​ឆ្នេរ សណ្ឋាគារ ខុន​ដូ​តែ​ល កប៉ាល់​និង​ក្លឹប​កំពង់ផែ​កំសាន្ត និង​ទីលាន​វាយ​កូន​ហ្គោល។

ទី២) គម្រោង​រោងចក្រ​អគ្គិសនី​កម្លាំង៧០០មេ​ហ្គា​វ៉ា​ត់

រាជរដ្ឋាភិបាល តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​អនុម័ត​រោងចក្រ​អគ្គិសនី​ដែលមាន​កម្លាំង៧០០មេ​ហ្គា​វ៉ា​ត់ ដែល​បោះទុន​វិនិយោគ១.៣០០លាន​ដុល្លារ នៅ​ខេត្ត​ព្រះសីហនុ។

CDC បានឱ្យដឹងថា ក្រុមហ៊ុន Huadian Sihanoukville Power Generation បង្កើត​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី ប្រើ​ដោយ​ធ្យូងថ្ម អានុភាព៧០០មេ​ហ្កា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​ទី១ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ១២៨៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៥២០កន្លែង។

ទី៣) គម្រោងការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សីហនុ

គម្រោងការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សីហនុ ដែល​ស្ថាបនា​សម្រេចបាន​ប្រមាណ៤០ភាគរយ ពេលនេះ​ត្រៀម​ចាក់​អ៊ុត​កៅស៊ូ​ហើយ ដែល​គំរោង​នេះ នឹង​បញ្ចប់​តាម​ផែ​ម​ការគ្រោងទុក។

ផ្លូវ​នេះ មាន​ប្រវែង​ជាង១៩០គីឡូម៉ែត្រ សាងសង់​ដោយ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ក្រោម​ថវិកា​ប្រមាណ២ពាន់​លាន​ដុល្លារ និង​ប្រើ​រយៈពេល​សាងសង់៤៨ខែ។ វា​ជា​ផ្លូវ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​របស់​កម្ពុជា និង​ចិន ដែល​បង្ហាញ​នូវ​តម្លៃ​មិត្តភាព​កិច្ចសហប្រតិបត្តិការ ដោយ​ឈរលើ​ភាពជា​ដៃគូ​យុ​ទ្ឋ​សាស្ត្រ គ្រប់​ជ្រុងជ្រោយ នៃ​សហគមន៍​ពីរ​វាសនា​តែមួយ។

គិត​ចាប់ពី​ឆ្នាំ២០១៧ ដល់​ខែធ្នូ ឆ្នាំ២០២០ ខេត្ត​ព្រះសីហនុ​មាន សំណង់​សរុប​បានអនុញ្ញាត​ឲ្យ​សាងសង់​មាន​ចំនួន១,៥១៤អគារ មាន​ក្រឡា​ផ្ទៃ​សរុប១៤,៧៣៦,៥៥៩ម៉ែត្រការ៉េ និង​ទុនវិនិយោគ​សរុប ៨,០៤៩,៦៩២,៨៣១ដុល្លារ​អាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here