ដោយៈគង់ សូរិយា
ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកឃើញថា ទំហំផ្ទៃក្រឡាផ្សារទំនើប កំពុងកើនឡើងនៅក្នុងទីផ្សារ ខណៈផ្សារតូចធំចំនួនបួន នឹងដំណើរការដាក់ចូលទីផ្សារនៅឆ្នាំនេះ។
របាយការណ៍បច្ចុបប្បន្នភាពរបស់ CBRE Cambodiaបានបង្ហាញកាលពីសប្តាហ៍មុនថា បញ្ហាការផ្គត់ផ្គង់ច្រើនហួសតម្រូវការ និងភាពមិនប្រាកដប្រជានៃវិបត្តិកូវីដ បាននិងកំពុងបង្កជាឧបសគ្គ សម្រាប់ទីផ្សារលក់រាយ ឬផ្សារទំនើបសម្រាប់ឆ្នាំ ២០២២។
របាយការណ៍ដដែលបានបង្ហាញថា ឆ្នាំ២០២២នេះ នឹងមានផ្សារទំនើបធំៗ យ៉ាងហោច៤កន្លែង បើកដំណើរការ រួមមាន ផ្សារ Chip Mong Sen Sok ផ្សារ Chip Mong 271 ផ្សារ Prince International Plaza និងផ្សារ Lucky Pavilion Mall។
ផ្សារទាំងនេះ នឹងបង្កើតផ្ទៃក្រឡាផ្គត់ផ្គង់ដល់ទៅ១៩០,០០០ ម៉ែត្រការ៉េ នៅឆ្នាំ ២០២២ ដែលនឹងធ្វើឱ្យទីផ្សារកាន់តែប្រកួតប្រជែង។
កត្តានេះនឹងធ្វើឱ្យម្ចាស់អាជីវកម្មផ្សារ ត្រូវតែងាកទៅរកការឌីសាញ ផ្សារ និងសកម្មភាពក្នុងផ្សារឱ្យទាក់ទាញជាងមុន។ លើសពីនេះ និន្នាការបញ្ចុះតម្លៃជួលនឹងនៅតែបន្ដ ជាមួយនឹងកិច្ចសន្យារយៈពេលវែង។
និន្នាការថ្មីមួយទៀតដែលនឹងកើតឡើង គឺតម្រូវការធនធានមនុស្សជំនាញច្រើនជាងមុន ពិសេសលើវិស័យ mini-mart ឬ convenient store និងផ្សារលក់ទំនើបបែបរហ័សជាដើម។
កាលពីឆ្នាំ២០២១ កន្លងមក ផ្សារទំនើបថ្មី១២ឬស្មើនឹង៨៨,000 ម៉ែត្រការ៉េ ត្រូវបានបញ្ចប់ ព្រមនឹងការហូរចូលមកនូវម៉ាកយីហោថ្មីៗ២០ ខណៈដែលអត្រាជួល មានត្រឹមតែ៦៧ភាគរយប៉ុណ្ណោះ នៃផ្ទៃក្រឡាជួលសរុប៕