តម្លៃខុនដូ និងអាផាតម៉ិននៅក្រុងតូក្យូ ហក់ឡើងខ្ពស់មិនធ្លាប់មានក្នុងពេល៣០ឆ្នាំមកនេះ

0

ដោយៈសុខុម

តូក្យូ: តម្លៃខុនដូ និងអាផាតម៉ិនថ្មីៗនៅក្រុងតូក្យូ ប្រទេសជប៉ុនបានហក់ឡើងខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល៣០ឆ្នាំមកនេះកាលពីឆ្នាំ២០២១​។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៥ មករា។

តាមពិតទៅទីផ្សារលំនៅដ្ឋានក្នុងទីក្រុងតូក្យូ បានត្រដររស់ទាំងលំបា​ក ឬ អាចនិយាយបានថា ជួបការលំបាករាប់ទសវត្សរ៍មកហើយ ប៉ុន្តែស្រាប់តែហក់ឡើងថ្លៃស្រឺតៗ យ៉ាងឆាប់រហ័សគួរឱ្យភ្ញាក់ផ្អើល នៅពេលមានកំណើនតម្រូវការ ពីគ្រួសារដែលគ្មានកូន និងមានចំណូលទាំងពីរនាក់ប្ដីប្រពន្ធ ព្រមទាំងការឡើងថ្លៃសាងសង់។

យោងតាមតួលេខ ដែលវិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យ (Real Estate Economic Institute) បានបញ្ចេញកាលពីថ្ងៃអង្គារ ទី២៥ មករា បង្ហាញថា តម្លៃខុនដូ និងអាផាតម៉ិនថ្មីៗក្នុងក្រុងកូត្យូ និងតំបន់ជុំវិញបានហក់ឡើងខ្ពស់ រហូតដល់៦២,៦លានយេន (៥៥០.០០០ដុល្លារអាមេរិក) ក្នុងមួយយូនីតក្នុងឆ្នាំ២០២១ គឺខ្ពស់ជាងក្នុងឆ្នាំ១៩៩០ ជាពេលដែលពពុះសេដ្ឋកិច្ច បានហក់ដល់កម្រិតខ្ពស់បំផុតទៅទៀត ដែលកាលនោះមានតម្លៃ៦១,២លានយេន (៤៣៧.០០០ដុល្លារអាមេរិក) ក្នុងមួយយូនីត។

ក្រុមអ្នកតាមដានស្ថានភាពទីផ្សាររំពឹងថា តម្លៃនេះនឹងបន្តហក់ឡើងទៀតនៅឆ្នាំ២០២២ នេះ។
លោក Ryuta Hayakawa នាយកគ្រប់គ្រងនៅក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sumitomo Realty & Development Co បានលើកឡើងថា “ដោយខ្វះដីធ្លី និងតម្លៃសាងសង់ហក់ឡើងខ្ពស់ ការផ្គត់ផ្គត់ទំនងជាមិនកើនឡើងច្រើនទេក្នុងពេលឆាប់ៗនេះ ដោយសារមានតម្រូវការខ្ពស់ តម្លៃទំនងជាមិនធ្លាក់ចុះឡើយ”។

តម្លៃជាមធ្យម៦០,៨លានយេន (៥៣៤.០០០ដុល្លារអាមេរិក) សម្រា​ប់ខុនដូ និងអាផាតម៉ិនថ្មីៗក្នុងមួយយូនីត នៅតំបន់កណ្ដាលក្រុងតូក្យូ ក្នុងឆ្នាំ២០២០ គឺខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩០ មុនពេលសេដ្ឋកិច្ចប្រទេសជប៉ុន បានដាំក្បាលចុះរយៈពេលវែង។ តម្លៃដីធ្លីនៅពេលនោះ គឺខ្ពស់ខ្លាំងណាស់ ដោយដីនៅម្ដុំព្រះរាជដំណាក់ របស់ព្រះចៅអធិរាជ ឬ Imperial Palace ក្នុងក្រុងតូក្យូ មានតម្លៃខ្ពស់ជាងដីគ្រប់កន្លែងទាំងអស់ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកទៅទៀត៕Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here