ដោយៈ សុផារី
ភ្នំពេញ៖ វិស័យអចលនទ្រព្យប្រភេទលំនៅឋាន បានស្រូបយកអ្នកវិនិយោគថ្មីៗពីវិស័យផ្សេងៗជិត៥០ភាគរយ ដែលបានចូលមកវិនិយោគគម្រោងបុរី ជាអ្វីដែលនិន្នាការរីកចម្រើនលើទីផ្សារ លំនៅដ្ឋានបានកំពុងកើនឡើង។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា បានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ទោះបីជាស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជានៃវិបត្តិក្តី អចលនទ្រព្យប្រភេទលំនៅឋាន នៅតែបន្តមានភាពធន់និងរឹងមាំ ហើយបានស្រូបយកអ្នកអភិវឌ្ឍន៍ថ្មីៗពីវិស័យផ្សេងៗ ជាច្រើន។ លើសពីនេះទៅទៀត អ្នកអភិវឌ្ឍន៍ទាំងនោះ បានឈានជើងចូលមកក្នុងវិស័យនេះ ប្រកបដោយជំនឿចិត្តខ្ពស់ ក្នុងការប្រកួតប្រជែងក្នុងវិស័យនេះ។
នៅក្នុងរយៈពេល៦ខែចុងក្រោយនេះ មានគម្រោងប្រកាសលក់ថ្មីចំនួន៣៩គម្រោង។ ក្នុងនោះមានគម្រោងធំៗ និងគួរឱ្យចាប់អារម្មណ៍ មានដូចជា បុរីបុស្បា (គម្រោងអប្សរមេរ៉ា) ជាគម្រោងតម្លៃមធ្យម នៅក្នុងខណ្ឌដង្កោ បុរី Prince One Tropical ជាគម្រោងតម្លៃមធ្យម នៅក្នុងខណ្ឌសែនសុខ បុរី ELT The Courtyard 60M ជាគម្រោងតម្លៃមធ្យម នៅក្នុងខណ្ឌដង្កោ និងបុរី Angkor Palace ជាគម្រោងបុរីប្រណីត នៅក្នុងខណ្ឌដង្កោ។
របាយការណ៍ដដែលឱ្យដឹងទៀតថា ចំនួនគម្រោងបុរីនៅកម្ពុជានឹងបន្ដកើនឡើងដល់ទៅជាង៣០០គម្រោង ត្រឹមចុងឆ្នាំ២០២២នេះ ហើយនឹងកើនដល់ជិត៤០០គម្រោងនៅចុងឆ្នាំ២០២៣ ដែលភាគច្រើនជាប្រភេទគម្រោងតម្លៃមធ្យម។
សម្រាប់តម្លៃលំនៅឋានបុរី នៅក្នុងរយៈពេល៦ខែចុងក្រោយនេះ មានការធ្លាក់ចុះបន្ដិចបន្ដួច សម្រាប់ផ្ទះល្វែងបានធ្លាក់ចុះ២% និងវីឡាភ្លោះ (Twin Villa) ធ្លាក់ចុះ០,៤% វីឡាកូនកាត់ (Link House) ធ្លាក់ចុះ០,២% ប៉ុន្តែតម្លៃលក់ផ្ទះអាជីវកម្ម (Shop House) មានការកើនឡើងដល់ទៅ៤%៕