ដោយៈគង់ សូរិយា
ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនចិនធំមួយ បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនចិនជាច្រើនបាន និងកំពុងត្រៀមខ្លួនចូល ទៅវិនិយោគលើតំបន់ឧស្សាហកម្មនៅក្រុងបាវិត ក្នុងខេត្តស្វាយរៀង។
ថ្នាក់ដឹកនាំដដែលបានបង្ហើបថា រដ្ឋាភិបាលកម្ពុជាកំពុងលើកទឹកចិត្ត និងពង្រីកសក្តានុពល តំបន់ឧស្សាហកម្មនៅក្រុងបាវិត កាន់តែធំដោយសារទីក្រុងនេះ ស្ថិតនៅព្រំប្រទល់ប្រទេសវៀតណាម ងាយស្រួលដឹកជញ្ជូនទៅកាន់កំពង់ផែទឹកជ្រៅ និងតភ្ជាប់ជាមួយបណ្តាញផ្លូវអាស៊ានហាយវេ ដែលស្ថិតនៅច្រករបៀងភាគខាងត្បូងអាស៊ាន។
រដ្ឋាភិបាលបានដាក់ក្រុងចំនូនបី ដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ រួមមានទីក្រុងបាវិត ទីក្រុងប៉ោយប៉ែត និងទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ធនាគារអភិវឌ្ឍន៍អាស៊ីកាលពីពេលថ្មីៗនេះ បានផ្តល់ជំនួយចំនួន១៨០លានដុល្លារអាមេរិក ដើម្បីលើកស្ទួយសុខមាលភាពសង្គម និងបរិស្ថានក្នុងក្រុងបាវិត ក្រុងប៉ោយប៉ែត និងក្រុងបាត់ដំបង ដើម្បីសម្រួលដល់ភស្តុភារកម្ម ប្រព័ន្ឋចម្រោះទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត។
ថ្នាក់ដឹកនាំាំក្រុមហ៊ុនចិនដដែលបានឲ្យដឹងទៀតថា ផ្លូវល្បឿនលឿនភ្នំពេញ បាវិតបានសិក្សាបញ្ចប់ហើយ ដោយគ្រោយចំណាយទុនវិនិយោគ២០០០លានដុល្លារអាមេរិក។ បច្ចុប្បន្នគំរោងនេះ បានដាក់ទៅកាន់រដ្ឋាភិបាលចិន ដើម្បីពិភាក្សានិងផែនការរៀបចំឥណទាន ហិរញប្បទាននាពេលខាងមុខ។
ក្រុងបាវិតខេត្តស្វាយរៀង ស្ថិតនៅចំណចកណ្តាលរវាងទីក្រុងធំចំនួនពីរ គឺទីក្រុងភ្នំពេញ និងក្រុងហូ ជីម៉ិញ ប្រទេសវៀតណាម ដែលជាខ្សែប ណ្តាញនៃលំហូរពាណិជ្ជកម្ម ការរដឹកជញ្ជូន និងទេសចរណ៍ផងដែរ។
ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា ការរីករាលដាលមេរោគកូវីដ១៩ រយៈពេល២ឆ្នាំមកនេះ បានធ្វើឲ្យទីក្រុងបាវិត ក៏ដូចជាទីក្រុងប៉ោយប៉ែត បានរងភាពស្លោកស្រពោនលើសកម្មភាពសេដ្ឋកិច្ច និងអចលនទ្រព្យ ប៉ុន្តែសម្រាប់ក្រុងបាវិតនឹងមានសន្ទុះ នៃការទិញ លក់អចលនទ្រព្យ នឹងមានសកម្មភាពបណ្តើរៗឡើងវិញនាពេលឆាប់ៗខាងមុខនេះ។
លោកបន្តថា “សកម្មភាពទិញលក់អចលនទ្រព្យ ក្នុងទីក្រុងនេះនឹងអាចចាប់ផ្តើមកំរើកសកម្មឡើងវិញ នៅអំឡុងត្រីមាសទី២ឆ្នាំនេះ ស្របពេលការប្រកាសពីគំរោងផ្លូវល្បឿនលឿន ជាផ្លូវការរបស់រដ្ឋាភិបាល អាចនឹងធ្វើឡើងនៅពេលផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុដាក់ឲ្យប្រើប្រាស់ដោយសម្តេចតេជោឆ្នាំនេះ”។លោកបន្តថា “ជាទីក្រុងមួយស្ថិតក្នុងផែនការផ្លួវសូត្ររបស់ចិន ទីក្រុងបាវិតនឹងក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្ម មជ្ឈមណ្ឌលពាណិជ្ជកម្ម និងល្បែងកំសាន្តដ៏មានសក្តានុពលនាពេលអនាគត”៕