ក្រសួងៈ ផ្លូវជាតិលេខ៤១ជាសសៃឈាមសេដ្ឋកិច្ច ដែលឆ្លងកាត់ ខេត្តចំនួន៤

0

ដោយៈ គង់ សូរិយា

    កម្ពុជាៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់ សម្រា​ប់ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត។

ផ្លូវដ៏សំខាន់នេះ តភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗ ដូចជាកំពង់ផែក្រុងព្រះសីហនុ កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈម​ណ្ឌលភស្តុភារកម្ម កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែបកោះទន្សាយ។

ក្រសួងបានឲ្យដឹងទៀតថា ផ្លូវនេះថែមទាំងតភ្ជាប់ទៅតំបន់ទេស​ចរណ៍ធម្មជាតិ នៅតាមបណ្ដាខេត្ត មានខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៣១ និងផ្លូវជាតិ៣៣។

ផ្លូវជាតិលេខ៤១ មានប្រវែងសរុបចំនួន៩៥,២៦គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤-ខេត្តកណ្តាល) ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣-ខេត្តកំពត) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ AC មានកម្រាស់៥សង់ទីម៉ែត្រ និងទទឹង១១ម៉ែត្រ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៩ខែមេសា ឆ្នាំ២០២៥៕

តើតម្លៃមាសថ្ងៃនេះប្រែប្រួលដូចម្តេច នៅលើទីផ្សារ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងសម្រេចចិត្តជ្រើសរើសបេក្ខភាពដើម្បីចូលមកបំពេញតួនាទីទំនេរក្នុងក្រុមប្រឹក្សាភិបាលនៃធនាគារកណ្តាលអាមេរិក(Fed)។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៦ភាគរយដល់៣៣៧៥,១២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១១ភាគរយដល់៣.៤៣១ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣១នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩២,៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៧៨ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ៕

រដ្ឋាភិបាលអនុម័តទុនវិនិយោគក្នុងវិស័យសំណង់ជិត៥០០០លានដុល្លារនៅឆមាសទី១ តើផ្នែកណាមួយកើនច្រើនជាងគេ?

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ទុនវិនិយោគក្នុងវិស័យសំណង់បានកើនឡើងរហូតជិត៣៨ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទំហំទឹកប្រាក់បានកើនឡើង ជិត៥០០០លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC)បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ តម្លៃគម្រោងសំណង់ទទួលបានការអនុម័តបាន កើនឡើង៣៧.៧% ខណៈការនាំចូលសម្ភារ និងបរិក្ខារសំណង់បានកើនឡើង៤៤.១% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ របស់ធនាគារជាតិនៃកម្ពុជា​ បានឲ្យដឹងទៀតថា ក្នុងឆមាសទី១ឆ្នាំនេះ តម្លៃគម្រោងសំណង់ ទទួលបានការអនុម័តកើនឡើង៣៧.៧ភាគរយ ដែលតម្លៃប្រហែលជិត៥ពាន់លានដុល្លារ ​ក្នុងនោះសំណង់ឧស្សាហកម្ម​ កើនឡើង៩៣.៣% សំណង់លំនៅឋានកើនឡើង៨៤% និង សំណង់ផ្សេងៗ​កើនឡើង៣៩.៨% ស្របពេលសំណង់សាធារណៈ​កើន ២.៤%។​

រីឯការនាំចូលសម្ភារនិងបរិក្ខារសំណង់វិញ បានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដោយកើនឡើង៤៤.១% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលតម្លៃប្រមាណជិត១៥០០លានដុល្លារ។ ​

ទោះជាយ៉ាងនេះក្តី ធនាគារជាតិបានលើកឡើងថា ទោះជាការនាំចូលសម្ភារ និងបរិក្ខារសំណង់កើនឡើងខ្ពស់ ប៉ុន្តែវិស័យសំណង់នៅតែបន្តមានកំណើនទាប០.៧% ​​​ស្របពេលដែលលំហូរវិនិយោគផ្ទាល់បរទេសទៅកាន់វិស័យសំណង់បន្តធ្លាក់ចុះ១៤%។

រីឯការរទិញ លក់ក្នុងវិស័យអចលនទ្រព្យវិញ បន្តមានកំណើនទាប ០.៨% ដោយសារការធ្លាក់ចុះនៃថ្លៃ និងទំហំឥណទាន សម្រាប់លំនៅឋាន ស្របពេលដែលការវិនិយោគផ្ទាល់បរទេស ក្នុងវិស័យនេះធ្លាក់ចុះ។

ធនាគារជាតិបានបញ្ជាក់ដែរថា សន្ទស្សន៍ថ្លៃលំនៅឋាន (RPPI) រួមបានថយចុះជាមធ្យម​៣.៦% ដែលក្នុងនោះនៅរាជធានីភ្នំពេញ បានថយ ​៣.៦% និង​តាមបណ្តាខេត្តបានថយចុះ៧.១% ​។ ជាមួយគ្នានេះ ទំហំឥណទានសម្រាប់លំនៅឋានបែងចែក តាមប្រភេទ សមាមាត្រ ៤៨.៦% នៃឥណទានសរុបបានថយចុះប្រមាណ​១៧.២%។​

ធនាគារជាតិនៃកម្ពុជា បន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការគាំទ្រការផ្តល់ឥណទាន ទៅកាន់វិស័យសំខាន់ៗ ការបន្ធូរបន្ថយអត្រាការប្រាក់ ការរៀបចំឥណទានឡើងវិញ ការសម្រួលលក្ខខណ្ឌឥណទាន ជាពិសេសទៅកាន់វិស័យអចលនទ្រព្យ កសិកម្ម ព្រមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ប្រទេសឥណ្ឌារំពឹងក្លាយជាទីផ្សារការិយាល័យធំជាងគេទី៤ នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្តុកការិយាល័យ(Office Stock)ក្នុងប្រទេសឥណ្ឌាត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ទំហំលើសពី១ពាន់លានហ្វីតការ៉េនៅត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥។ ការណ៍នេះនឹងធ្វើឱ្យឥណ្ឌាក្លាយជាទីផ្សារការិយាល័យធំជាងគេទី៤ ទូទាំងពិភពលោក។

គិតមកទល់ឆ្នាំ២០២៥នេះ ទីផ្សារការិយាល័យនៅឥណ្ឌាបានរីកចម្រើនយ៉ាងឆាប់រហ័ស បើធៀបនឹងស្តុកការិយាល័យ ដែលមានទំហំក្រោម២០០លានហ្វីតការ៉េកាលពីដើមទសវត្សរ៍ឆ្នាំ២០០០។នេះបើយោងតាមរបាយការណ៍សិក្សាថ្មីរបស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank។

យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank បានឱ្យដឹងថា តម្លៃជួលការិយាល័យនៅប្រទេសឥណ្ឌាមានតម្លៃសមរម្យបើប្រៀបធៀបនឹងបណ្តាប្រទេសធំៗនានាលើពិភពលោក ស្របពេលប្រទេសឥណ្ឌាសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់នៃតម្រូវការ។

យោងតាមក្រុមហ៊ុន Knight Frank បានឱ្យដឹងបន្តថា ទីក្រុង Bengaluru តំបន់រដ្ឋធានីញូវដែលី (NCR) និងទីក្រុងបុមបៃ គ្របដណ្តប់បានចំណែក៦០ភាគរយ នៃស្តុកការិយាល័យសរុបនៅប្រទេសឥណ្ឌា ខណៈទីក្រុង Hyderabad ទីក្រុង Pune និងទីក្រុង Chennai គ្របដណ្តប់បានចំណែក៣៣ភាគរយ។

ទីផ្សារការិយាល័យរបស់ប្រទេសឥណ្ឌាបានកើនឡើងក្នុងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៨,៦ភាគរយក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ។ របាយការណ៍បានបង្ហាញថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ប្រទេសឥណ្ឌាមានទំហំការិយាល័យសរុបចំនួន៩៩៣លានហ្វីតការ៉េ៕ប្រភព: Hindustan Times៕

ឥណ្ឌូនេស៊ីអនុញ្ញាតឱ្យជនបរទេសអាចទិញអចលនទ្រព្យងាយស្រួលជាងមុន ទោះច្បាប់នៅតែមានការរឹតបន្តឹង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌូនេស៊ីបានបង្កភាពងាយស្រួលជាងមុនដល់ជនបរទេសក្នុងការទិញអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន។ ប៉ុន្តែ ច្បាប់នៅតែមានភាពស្មុគស្មាញ និងអាស្រ័យលើប្រភេទ និងទីតាំងនៃអចលនទ្រព្យ។

បច្ចុប្បន្ន ជនបរទេសអាចទិញអាផាតមុិន ឬខុនដូ ដែលមានប័ណ្ណកម្មសិទ្ធិរួម(Strata title) និងអាចទិញផ្ទះជាប់ផ្ទាល់ដី(Landed house) ក្រោមច្បាប់ “Right to Use” ឬច្បាប់”Right to Build”។

យ៉ាងណាមិញ ជនបរទេសមិនមានកម្មសិទ្ធិពេញលេញ១០០ភាគរយក្នុងការកាន់កាប់ដី និងអគារនោះទេ។ ជាមួួយគ្នានេះ នៅទីក្រុងហ្សាការតា ជនបរទេសមានសិទ្ធិទិញអចលនទ្រព្យ ដែលមានតម្លៃអប្បបរមាត្រឹម១៩៥.០០០ដុល្លារ។

ចំណែក នៅកោះបាលី ជនបរទេសមានសិទ្ធិទិញអចលនទ្រព្យ ដែលមានតម្លៃអប្បបរមាត្រឹម១៣០.០០០ដុល្លារ។នេះមានន័យថា ជនបរទេសមិនអាចទិញអចលនទ្រព្យក្នុងតម្លៃទាបជាងតម្លៃអប្បបរមា ដែលរដ្ឋាភិបាលឥណ្ឌូនេសុីបានកំណត់នោះទេ។

វិធានការកំណត់តម្លៃអប្បបរមាទាំងនេះមានគោលបំណងជំរុញឱ្យជនបរទេសងាកទៅទិញអចលនទ្រព្យលំដាប់ខ្ពស់ដែលមានតម្លៃថ្លៃ និងការពារប្រជាជនឥណ្ឌូនេសុី ពីការប្រកួតប្រជែងដោយជនបរទេស។

ការណ៍នេះមានន័យថា ប្រសិនបើជនបរទេសអាចទិញអចលនទ្រព្យក្នុងតម្លៃថោក នោះប្រជាជនក្នុងស្រុកនឹងពិបាកប្រកួតប្រជែងក្នុងការទិញផ្ទះ ដែលមានតម្លៃសមរម្យ ព្រោះតម្រូវការរបស់ជនបរទេសនឹងធ្វើឱ្យតម្លៃផ្ទះហក់ឡើងថ្លៃ។

ជនបរទេសក៏ប្រឈមមុខនឹងលក្ខខណ្ឌហិរញ្ញប្បទានតឹងរ៉ឹង។ ប៉ុន្តែ ពួកគេនៅតែមានជម្រើសខ្ចីប្រាក់ពីធនាគារមួយចំនួនរួមមាន ធនាគារ Permata Syariah ធនាគារ Commonwealth Bank និងធនាគារ J-Trust Bank។

ស្ថាប័នហិរញ្ញវត្ថុទាំងនេះផ្តល់ប្រាក់កម្ចីដល់វិនិយោគិនបរទេស ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌជាក់លាក់ និងដែនកំណត់លើទំហំប្រាក់កម្ចី៕ប្រភព: Bamboo Routes៕

ក្រុមអ្នកធុរកិច្ចអាមេរិកស្វែងរកឱកាសវិនិយោគនៅកម្ពុជា

0

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek និងលោក Pavel Fedorov ប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន Salmon Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងឈ្វេងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃបរិយាសវិនិយោគនៅកម្ពុជា សំដៅស្វែងរកឱកាសវិនិយោគក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។

ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនហិរញ្ញវត្ថុដែលបានបណ្តាក់ទុនវិនិយោគក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ។ ក្នុងជំនួបនេះលោកប្រធានប្រតិបត្តិក្រុមហ៊ុន Salmon Group បានជម្រាបជូនពីវឌ្ឍនភាព និងគំរូអាជីវកម្ម របស់ក្រុមហ៊ុនខ្លួន ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍លើវិសាលភាពនៃការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធឌីជីថល ដែលកំពុងតែមានភាពរស់រវើកនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន និងពោរពេញដោយសក្តានុពល ក្នុងការចាប់យកនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពនៃកំណើនថ្មី។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចានថុល បានសម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍លើសក្តានុពលវិនិយោគក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងបានលើកឡើងពីសក្កានុពលនានាបន្ថែម ដែលជាភាពអំណោយផលខ្ពស់ដល់វិនិយោគិនបរទេស។ លើសពីនេះលោកក៏បានជម្រាបបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ រីករាយក្នុងការផ្តល់ការណែនាំ ការសម្របសម្រួល សំដៅធ្វើឱ្យការសម្រេចចិត្តវិនិយោគកាន់តែមានភាពច្បាស់លាស់ត្រឹមត្រូវ មានអនុលោមភាពតាមច្បាប់ និងប្រកបដោយភាពងាយស្រួល។

គួររំលឹកដែរថា ជំនួបពិភាក្សាការងារនាឱកាសនេះត្រូវបានប្រព្រឹត្តទៅបន្ទាប់ពីជំនួបជាមួយប្រតិភូក្រុមហ៊ុន Argentem Creek នៅក្នុងឱកាសនៃការបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី នៅសហរដ្ឋអាម៉េរិកកាលពីចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២៤ កន្លងទៅ៕

ព្រែកជីកហ្វូណនតេជោៈ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចផ្ទៃក្នុង និងការបង្ហាញសក្តានុពលកម្ពុជាតាមរយៈផ្លូវទឹក

0

ដោយៈ សហសេវិក

    ភ្នំពេញៈ ការដ្ឋានសំណង់ព្រែកជីកហ៊្វូណន-តេជោ បានរំកិលពេលវេលាបានមួយឆ្នាំហើយ ស្របពេលផែនការសាងសង់ព្រែកជីកជាប្រវត្តិសាស្ត្រនេះ នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៨។

Fresh Exclusive មានអត្ថបទស៊ីជម្រៅតាមដានភាពវិវត្តន៍ និងចក្ខុវិស័យនៃសំណង់ ដែលនឹងផ្តល់ផលប្រយោជន៍ជាតិ និងអន្តរជាតិនេះ។

នៅពេលដែលផ្លូវពាណិជ្ជកម្ម ក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងកំណត់ទិសដៅថ្មីនៃអំណាច និងឥទ្ធិពលប្រកួតប្រជែងសេដ្ឋកិច្ច ខណៈប្រទេ​សមួយចំនួន បានប្រើប្រាស់សមុទ្រពិភពលោក ជាឧបករណ៍បង្កើតអំណាច ដើម្បីគ្រប់គ្រងខ្សែសរសៃពាណិជ្ជកម្មទៀតផងនោះ, កម្ពុជាកំពុងបើកទ្វារថ្មីមួយរបស់ខ្លួនឯង។ គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាវិស័យយុទ្ធសាស្ត្រដ៏អស្ចារ្យ ដែលនឹងដោះស្រាយភាពពឹងផ្អែកជាប្រវត្តិសាស្ត្រលើច្រកសមុទ្របរទេស និងផ្លាស់ប្តូរផែនទីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាថែមទៀត។

គម្រោងព្រែកជីកហ៊្វូណន-តេជោ ប្រវែងប្រមាណ១៨០គីឡូម៉ែត្រ មិនត្រឹមជាផ្លូវទឹកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញានៃឯករាជ្យសេដ្ឋកិច្ច និងសេរីភាពយុទ្ធសាស្ត្រ ដ៏សំខាន់សម្រាប់កម្ពុជា និងតំបន់ទាំងមូល។ គម្រោងនេះ មានតម្លៃវិនិយោគជិត២ពាន់លានដុល្លារ ដែលនឹងភ្ជាប់ទន្លេមេគង្គ តាមរយៈព្រែកជីកនេះលាតសន្ធឹងរហូតដល់ឆ្នេរសមុទ្រខេត្តកែប ដោយការបើកផ្លូវទឹក សម្រាប់កប៉ាល់ដឹកទំនិញមានទំហំរហូតដល់ច្រើនពាន់តោន។

ព្រែកជីកហ៊្វូណន-តេជោ មិនត្រឹមជាការផ្លាស់ប្តូរប្រព័ន្ធដឹកជញ្ជូនទំនិញរបស់កម្ពុជាទេ ប៉ុន្តែជាស្តង់ដារថ្មី ក្នុងការបង្កើតអំណាចសេដ្ឋកិច្ច សន្តិសុខអាហារ និងអនុភាពយុទ្ធសាស្ត្ររបស់ប្រទេស តភ្ជាប់កម្ពុជាជាមួយខ្សែក្រវាត់វិនិយោគពិភពលោក។

* ប្រែក្លាយទឹកដីកម្ពុជា ក្លាយជាកម្រងសរសៃឈាមដឹកជញ្ជូនទឹក

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កាលពីឆ្នាំទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងនេះ ដោយលើកឡើងនូវចក្ខុវិស័យដ៏វែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអ្នកផ្តួចផ្តើមគម្រោង ដើម្បីបង្កើតបណ្តាញផ្លូវទឹកជាតិ ដែលអាចបន្ថែមសមត្ថភាពនៃការដឹកជញ្ជូន និងពង្រឹងឥទ្ធិពលនាវាចរណ៍ផ្ទាល់ខ្លួនរបស់កម្ពុជា។

គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ វាមានរយៈពេលមួយឆ្នាំហើយ នៃការរៀបចំជីកព្រែកធ្វើសំណង់ នៃសសៃឈាមដឹកជញ្ជូនតាមផ្លូវទឹកនោះ។

សំណង់ព្រែកជីកហ៊្វូណន-តេជោ នឹងត្រូវឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងកែប ចាប់ផ្តើមពីព្រែកតាកែវ (ទន្លេមេគង្គ) ឆ្លងកាត់ព្រែកតាឯក និងព្រែកតាហ៊ីង (ទន្លេបាសាក់ ស្រុកកោះធំ) ហើយបន្តរហូតដល់ឆ្នេរសមុទ្រខេត្តកែប។ សំណង់ផ្លូវទឹកដ៏សំខាន់នេះ ដែលកំពុងផ្លាស់ប្តូរផែនទីសេដ្ឋកិច្ច នៃការដឹកជញ្ជូនជាតិ ត្រូវបានគ្រោងបញ្ចប់សាងសង់នៅឆ្នាំ២០២៨។

វាមានប្រវែងសរុបប្រមាណ១៨០គីឡូម៉ែត្រ ជាមួយប្រជាជនជាង១,៦០០,០០០នាក់ រស់នៅតាមបណ្តោយទ្វេភាគីផ្លូវទឹក។ បន្ទាប់ពីសាងសង់រួច នាវាដឹកទំនិញនឹងអាចចូលចតបាន ដោយសមត្ថភាពផ្ទុកប្រមាណ៣,០០០តោន (DWT) ក្នុងរដូវប្រាំង និងរហូតដល់៥,០០០តោនក្នុងរដូវវស្សា បង្ហាញពីសក្តានុពលដ៏អស្ចារ្យ ក្នុងការកសាងបណ្តាញដឹកជញ្ជូនផ្លូវទឹកជាតិសម្រាប់កម្ពុជា។

អនុប្រធានទីមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសចុះបោះបង្គោល បញ្ចប់ចុងក្រោយ នៃការងារកំណត់និយាមការក្នុងភូមិសាស្ត្រខេត្តកែបបានបញ្ជាក់ថា ការដឹកជញ្ជួនផ្លូវទឹកនេះ គឺជាគម្រោងដ៏សំខាន់របស់រាជរដ្ឋាភិបាល “រាជរដ្ឋាភិបាលយើង មានគោ​លការណ៍ គឺចង់ផ្លាស់ប្តូរការដឹកជញ្ជួនតាមផ្លូវគោក មកផ្លូវទឹកឱ្យបានច្រើន ដើម្បីកាត់បន្ថយការខូចខាតផ្លូវ គ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយឧស្ម័នបំពុលដល់បរិស្ថាននេះ ដោយសារតែយើងដឹកបានច្រើន និងការប្រើឡានតិច”។ លោកបន្ថែមថា “ដូច្នេះវាកាត់បន្ថយ បានច្រើនណាស់។ គម្រោងរបស់យើងនៅតែទៅមុខ ជាដដែលចប់នៅក្នុងឆ្នាំ២០២៨

បន្ថែមពីការជួយកាត់បន្ថយការកកស្ទះ លើការធ្វើចរាចរណ៍ផ្លូវគោក និងកាត់បន្ថយការបំភាយឧស្ម័នកម្រិតទាប ដែលប៉ះពាល់ដល់កត្តាបរិស្ថាន ព្រែកជីកក្នុងសតវត្សរ៍ថ្មីនេះ នឹងជួយការអភិវឌ្ឍក្នុងតំបន់ផងដែរ ដែលគេនឹងឃើញនូវសហគមន៍នៅតាមដងព្រែក មួយជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍កាន់តែប្រសើរឡើង និងកម្រិតជីវភាពរស់នៅ របស់ពលរដ្ឋកាន់តែខ្ពស់។

ព្រែកជីកហ៊្វូណន-តេជោ មិនត្រឹមតែជាប្រភពផ្លូវដឹកជញ្ជួនឯករាជ្យ, ជួយបង្កើនជីវភាពសេដ្ឋកិច្ច តាមរយៈផ្លូវទឹក ដែលតភ្ជាប់ផ្ទាល់ពីទន្លេមេគង្គ ទៅសមុទ្រខាងត្បូងប៉ុណ្ណោះទេ ច្រកទឹកនៃសតវត្សទី២១របស់កម្ពុជានេះ គឺជាការបំប្លែងលក្ខណៈដែនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលអាចកាត់បន្ថយ ការពឹងផ្អែកលើច្រកសមុទ្រអន្តរជាតិ ដែលធ្លាប់តែគ្រប់គ្រងដោយប្រទេសជិតខាង និងវានឹងជួយជម្រុញឱ្យកម្ពុជា ក្លាយជាចំណុចចាប់ផ្ដើម នៃការចេញចូលនាវាចរណ៍ពាណិជ្ជកម្មជាតិ និងអន្តរជាតិ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ថែមទៀត។

បច្ចុប្បន្ននេះ ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ត្រូវពឹងផ្អែកលើប្រទេសវៀតណាមជាចម្បង ក្នុងនាមជាច្រកឆ្លងសំខាន់។ មានន័យថា ការដឹកទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសទីបី ត្រូវឆ្លងកាត់ផ្លូវទឹករបស់វៀតណាមជាមុនសិន ហើយបន្ទាប់មកទើបអាចឆ្លងទៅប្រទេសគោលដៅបាន។

ដូចគ្នានេះផងដែរ ទំនិញនាំចូលពីបរទេស ក៏ត្រូវឆ្លងកាត់កំពង់ផែរបស់វៀតណាមជាមុន មុននឹងបញ្ជូនចូលមកដល់កម្ពុជា។

ក្នុងមួយឆ្នាំៗ ការដឹកជញ្ជួនផ្លូវទឹកក្នុងកំពង់ផែភ្នំពេញ មានច្រើនដល់ ៤៧៥,០០០ TEUs ខណៈកំពង់ផែសមុទ្រមានសមត្ថភាពដល់ទៅ ១លានTEUs។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ប៉េង ពោធិ៍នា បានថ្លែងថា បើសិនជាការអភិវឌ្ឍផ្លូវទឹក តាមរយៈព្រែកជីកហ៊្វូណន-តេជោ បានសម្រេចទាំងស្រុងហើយនោះ ខេត្តទាំងបួន គឺកណ្តាល តាកែវ កំពត និងកែប នឹងទទួលផលប្រយោជន៍ផ្ទាល់ជាប្រចាំ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថាយើងកំពុងអនុវត្តគោលនយោ​បាយអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវទឹករយៈពេល១០ឆ្នាំ ដែលសម្តេចបវរធិបតីហ៊ុន ម៉ាណែត បានឯកភាពជាផ្លូវការហើយ”។

លោកបន្ថែមថា គោលនយោបាយនេះ មានបំណងប្តូរផ្លូវទឹក ឱ្យក្លាយជាវិស័យយុទ្ធសាស្ត្រសំខាន់ សម្រាប់ការដឹកជញ្ជូនជាតិ ពីព្រោះផ្លូវគោក មិនអាចធ្វើតួនាទីយុទ្ធសាស្ត្របានទេ។ ជាក់ស្តែងការដឹកជញ្ជូនតាមរថភ្លើងក៏ជួបឧបសគ្គ ដោយសារមិនមានផ្លូវភ្ជាប់ទៅឡាវ ឬថៃ ដែលជារបាំងច្រកចេញរបស់ទំនិញ។ ផ្ទុយទៅវិញ ការដឹកជញ្ជូនតាមផ្លូវទឹក មានអានុភាពនិងទូលំទូលាយខ្ពស់ និងមិនមានការបិទបាំងច្រកដូចផ្លូវគោក ឬរថភ្លើងឡើយ។ ដូច្នេះហើយ គោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវតម្រង់ទិសអភិវឌ្ឍផ្លូវទឹក ឱ្យក្លាយជាច្រកដឹកជញ្ជូនយុទ្ធសាស្ត្រដ៏សំខាន់។

លោកបន្តថា “ការអភិវឌ្ឍនេះ ត្រូវការសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ាន និងបណ្តាប្រទេសក្នុងតំបន់ ដើម្បីធានាថាកម្ពុជាអាចជាអ្នកកាន់កាប់ផ្លូវដឹកជញ្ជូនផ្ទាល់ដោយខ្លួនឯង

* គម្រោងជាតិ នៃភាពជោគជ័យលើកដំបូង

បច្ចុប្បន្នគម្រោងនេះ កំពុងសម្រេចបានវឌ្ឍនភាពជាបណ្តើរ ជាមួយនឹងការបញ្ចប់ទាំងស្រុង នូវសកម្មភាពបោះបង្គោលនិយាមកា និងពិនិត្យផ្ទៀងផ្ទាត់ ទីតាំងក្នុងទឹកដីខេត្តទាំងបួន ដែលសំណង់ព្រែកជីកនឹងត្រូវឆ្លងកាត់។

សរុបរួចមកនេះ គឺមានបង្គោលចំនួន១,៩២០បង្គោល ត្រូវបានបោះរួចរាល់ ដែលបង្ហាញពីស្មារតីការងារយ៉ាងសកម្ម និងការរួមចំណែកយ៉ាងខ្ពង់ខ្ពស់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្រសួងសេដ្ឋកិច្ច និងប្រជាពលរដ្ឋនៅតាមបណ្តោយព្រែកជីក នៃប្រវែង១៨០គីឡូម៉ែត្រនេះ។

គម្រោងនេះ មិនត្រឹមតែជាច្រកផ្លូវទឹក នៃការធ្វើពាណិជ្ជកម្មរបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាប្រយោជន៍ នៃការរួមបញ្ចូលគំនិតធារាសាស្ត្រសម្រាប់កសិកម្មលើការគ្រប់គ្រងទឹក និងការអភិវឌ្ឍអភិរក្សបរិស្ថានថែមទៀត។

ព្រែកជីកហ៊្វូណន-តេជោ នឹងជួយកាត់បន្ថយភាពក្រីក្រតាមបណ្តោ​យខ្សែសេដ្ឋកិច្ចមួយនេះ ព្រមទាំងបង្កើតឱកាសការងារ និងផ្លាស់ប្តូរអាជីវកម្មជាតិ។ ខណៈសំណង់ព្រែកជីកហ៊្វូណន-តេជោ នឹងត្រូវបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៨ កិច្ចការប្រើគ្រឿងចក្រក្នុងការជីកព្រែក នឹងត្រូវប្រើប្រាស់រយៈពេល៣ឆ្នាំ បន្តបន្ទាប់ជាប់គ្នានៅក្នុងរដូវប្រាំង មានន័យថារដូវនៃការប្រើគ្រឿងចក្រ ដើម្បីទម្លាយផ្លូវទឹកក្នុងខេត្តទាំងបួនឱ្យមានភាពតភ្ជាប់គ្នា នឹងចាប់ផ្តើមនៅក្នុងខែ១១ ឬ១២ឆ្នាំ២០២៥នេះ។

ដូចប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីខែកក្កដាកន្លងមកនេះ “សព្វថ្ងៃយើងនៅក្នុងរដួវវស្សា។ យើងត្រៀមនៅពេលទឹកស្រក ទៅយ៉ាងយូរខែ១១ ឬខែ១២ គឺយើងនឹងឃើញសកម្មភាពទ្រង់ទ្រាយធំ ក្នុងការកសាងព្រែកជីករបស់យើងនេះ”។

លោកបញ្ជាក់បន្តថា អញ្ចឹងយើងត្រូវការ៣រដូវប្រាំង។ អញ្ចឹងវានឹងចាប់ផ្តើមពីខែ១២ ឆ្នាំ២០២៥នេះ ទៅរហូតដល់ឆ្នាំ២០២៦ ២០២៧ ២០២៨ គឺថាគម្រោងនេះធ្វើចប់។ នេះតាមការគ្រោងទុកនឹងចប់ក្នុងឆ្នាំ២០២៨។ ដូច្នេះគឺនឹងឃើញគ្រឿងចក្រធំៗ ចូលមកហើយក្នុងពេលរដូវប្រាំងរបស់យើង។

គម្រោងព្រែកជីកហ៊្វូណន-តេជោ គឺជាព្រឹត្តិការណ៍នៃប្រវត្តិសា​ស្រ្ត​ជាតិមួយក្នុងសតវត្សថ្មី ដែលរួមបញ្ចូលចក្ខុវិស័យ នយោបាយ សេដ្ឋកិច្ច បរិស្ថាន និងអភិវឌ្ឍន៍មនុស្សទាំងស្រុង។ កម្ពុជា កំពុងឈានទៅរកការបង្កើន អំណាចសេដ្ឋកិច្ចរបស់ខ្លួនដ៏ធំមួយ តាមរយៈផ្លូវទឹកដែលបង្កើតដោយខ្លួនឯង។

* ផលប្រយោជន៍ជាតិ៖ បម្រើវិស័យកសិកម្ម និងវារីវប្បកម្ម

ព្រែកជីកហ៊្វូណន-តេជោ មិនត្រឹមតែជាព្រែកជីកនៃការជម្រុញវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេ។ ព្រែកជីកជាប្រវត្តិសាស្ត្រនេះ នឹងផ្តល់នូវផលប្រយោជន៍ដល់កម្ពុជា យ៉ាងហោចចំនួន៤យ៉ាង ដូចជា ទី១ ផ្តល់ការងាយស្រួលដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា សម្រាប់តភ្ជាប់ទៅសមុទ្រ ដោយផ្ទាល់តែម្តង ដោយមិនឆ្លងកាត់ប្រទេសផ្សេង ហើយក៏បានផ្តល់ជាប្រយោជន៍សេដ្ឋកិច្ចនៅទិសនិរតី ក៏ដូចទូទាំងប្រទេសឲ្យមានរីកចម្រើនផងដែរ។

ទី២- នៅទិសនីរតីរបស់កម្ពុជា នឹងមានប្រព័ន្ធស្រោចស្រពមួយជំនួសឲ្យការខ្វះទឹក។ នៅពេលដែលកម្ពុជា មានព្រែកជីកហ៊្វូណន-តេជោនេះ វាគឺជាប្រភពផ្គត់ផ្គង់ទឹកនៅទិសនីរតីរបស់កម្ពុជា ដែលរួមមានខេត្តកណ្តាល ខេត្តតាកែវ កំពត និងកែប។ ព្រែកជីកហ៊្វូណន-តេជោ ក៏អាចទាញប្រយោជន៍ ទៅខេត្តកំពង់ស្ពឺបានដែរ នៅពេលដែលតំបន់នោះខ្វះខាតទឹកដូចបច្ចុប្បន្ននេះ។ ព្រែកជីកហ៊្វូណន-តេជោ នឹងធ្វើឱ្យផ្ទៃស្រែ នៅទិសនិរតីនឹងក្លាយទៅជាការធ្វើស្រូវម្តង ទៅពីរដង ឬ បីដងជាដើម។

ទី៣- ព្រែកជីកហ៊្វូណន-តេជោ គឺជាព្រែក ដែលនឹងរំដោះទឹកជំនន់នៅពេលដែលវាយលុក នៅទិសនីរតីដែលកន្លងមកធ្លាប់បានជួបប្រទះក្តីលំបាក។ ខេត្តទិសនីរតី ក្នុងអតីតកាលជាតំបន់ តែងតែលិច ដោយសារតែអត់មានកន្លែងជម្លៀសទឹក។ នៅពេលដែលមានទឹកជំនន់ខ្លាំង សូម្បីតែវៀតណាម ដែលជាប់នឹងកម្ពុជាផ្នែកទិសនីរតី ក៏ទទួលរងផលប៉ះពាល់ពីទឹក ដែលហូរទៅពីកម្ពុជាផងដែរ។

ប៉ុន្តែនៅពេលដែលកម្ពុជា មានព្រែកជីកថ្មី ដែលភ្ជាប់ទៅនឹងសមុទ្រនេះ គឺនៅខែវស្សាទឹកច្រើន វាអាចរុញទម្លាក់ទឹកចូលទៅក្នុងសមុទ្រ ដែលធ្វើឲ្យការលិចលង់នៅបែកនីរតីរបស់កម្ពុជា ត្រូវបានកាត់បន្ថយរួមទាំងកាត់បន្ថយទឹក ដែលរុញធ្លាក់ទៅវៀតណាមផងដែរ។

ទី៤- ជាមួយនឹងផលប្រយោជន៍នេះ បញ្ហាវារីវប្បកម្ម ទាក់ទងទៅ​ដល់ត្រី នឹងកើត សាយកូនដែលមានមិនត្រឹមតែនៅក្នុងទន្លេ ប៉ុន្តែរីកសាយត្រីដ៏ច្រើនថែមទៀត នៅក្នុងព្រែកជីក របស់កម្ពុជានេះ។ បន្ថែមនៅលើនោះ ប្រជាជនអាចមានលទ្ធភាពប្រើប្រាស់ទឹក ដែលមាននៅក្នុងព្រែកជីកថ្មី ក្នុងប្រយោជន៍ធ្វើវារីវប្បកម្មចិញ្ចឹមត្រី ចិញ្ចឹមបង្កង ដើម្បីផ្គត់ផ្គង់ជីវភាពប្រជាជន ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងចាត់ទុកថា ព្រែកជីកហ៊្វូណន-តេជោ គឺជាសំណង់ព្រែកជីក ដែលមិនត្រឹមតែមានលក្ខណៈជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែមានសារៈសំខាន់ដ៏ខ្លាំងបម្រើជាយុទ្ធសាស្ត្រដល់សេដ្ឋកិច្ចជាតិ នេះជាគម្រោងប្រវត្តិសាស្ត្រ គម្រោ​ងយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយតម្លៃដឹកទំនិញ ការកាត់បន្ថយគ្រោះរាំងស្ងួត និងទឹកជំនន់ ដែលពេលនេះរដូវវស្សា តាកែវលិច…ឥឡូវធ្វើហើយ អត់មានលិចទឹកទៀតទេ…ហើយប្រជាជនយើងដែលរស់នៅតាមដងព្រែកនេះ មួយលាន៦សែននាក់ លោកនឹងអាស្រ័យផលពីព្រែកជីកនេះ។

លោកបញ្ជាក់ថា “អញ្ចឹងគម្រោងប្រវត្តិសាស្ត្រ គម្រោងយុទ្ធសាស្ត្ររបស់កម្ពុជាយើង

* ផលប្រយោជន៍អន្តរជាតិ និងអាស៊ីអាគ្នេយ៍

ព្រែកជីកហ៊្វូណន-តេជោ នេះអាចក្លាយជាគន្លងដឹកជញ្ជូនថ្មីនៅក្នុងបណ្តាញអនុតំបន់ទន្លេមេគង្គ ដែលតភ្ជាប់ទីផ្សារកម្ពុជា ឬប្រទេសជិតខាងដូចជាប្រទេសឡាវជាដើម ដែលគេអាចប្រើប្រាស់ផ្លូវទឹកក្នុងទឹកដីរបស់កម្ពុជានេះ សម្រាប់ការនាំចេញទំនិញ ទៅកាន់ទីផ្សារពិភពលោក។

ចំពោះកម្ពុជា ព្រែកជីកហ៊្វូណន-តេជោ មិនត្រឹមតែពង្រីកច្រកផ្លូវទឹកថ្មីធ្វើឱ្យមានការរីកចម្រើន ដល់សេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេ ព្រែកជីកជាប្រវត្តិសាស្ត្រនេះ នឹងបង្កើនសន្តិសុខសេដ្ឋកិច្ច កាត់បន្ថយហានិភ័យអន្តរជាតិ បើសិនជាមានការកើតជម្លោះ តាមច្រកសមុទ្រអន្តរជាតិនោះជាដើម។

ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសមួយចំនួន បានប្រើប្រាស់ដែនសមុទ្រពិភពលោក ធ្វើជាឧបករណ៍បង្កើតអំណាចសេដ្ឋកិច្ច ដើម្បីគ្រប់គ្រងផ្លូវពាណិជ្ជកម្ម ប៉ុន្តែចំពោះកម្ពុជា គម្រោងព្រែកជីកហ៊្វូណន-តេជោ ដែលជាសមិទ្ធផលដ៏អស្ចារ្យរបស់ខ្លួនឯង នឹងក្លាយជាសំណង់ឯករាជ្យដ៏សំខាន់ ក្នុងការបម្រើវិស័យដឹកជញ្ជូន ដោយកាត់បន្ថយការពឹងផ្អែកលើដែនសមុទ្រអន្តរជាតិ និងកាត់បន្ថយចំណាយយ៉ាងច្រើន។

ការបើកច្រកផ្លូវទៅកាន់សមុទ្រខាងត្បូង ដោយអំណាចរបស់ខ្លួនឯង នឹងផ្តល់ឱកាសដ៏ធំសម្រាប់កម្ពុជា ក្នុងការកសាងឯករាជ្យពេញលេញក្នុងវិស័យនាវាចរណ៍ និងពាណិជ្ជកម្មអន្តរជាតិ។

គម្រោងនេះ នឹងក្លាយជាគ្រឹះសំខាន់ក្នុងការបង្កើត “ផ្លូវទឹកកម្ពុជា ដើម្បីឱ្យប្រទេសមានច្រកចេញសេដ្ឋកិច្ចផ្ទាល់ខ្លួន និងអាចប្រកួតប្រជែងជាមួយតំបន់ដោយគ្មានការទប់ស្កាត់ពីអ្នកដទៃ។

ព្រែកជីកហ៊្វូណន-តេជោ មិនមែនគ្រាន់តែជាគម្រោងសាងសង់ទឹកនោះទេ។ វាជាសញ្ញាបង្ហាញនូវអំណាចថ្មីរបស់កម្ពុជា ដែលកំពុងបើកទ្វារទៅផ្លូវឯករាជ្យសេដ្ឋកិច្ច បង្កើតច្រកពាណិជ្ជកម្មថ្មីក្នុងតំបន់ និងផ្តល់ផលប្រយោជន៍យូរអង្វែង ដល់ប្រជាជនកម្ពុជា។

ដូច្នេះរហូតដល់ព្រែកជីកនេះ ត្រូវបានសម្ពោធជាផ្លូវការ ក្រោយការបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៨ សំណង់ផ្លូវទឹកជាប្រវត្តិសាស្ត្ររបស់ជាតិនេះ នឹងក្លាយជាមូលដ្ឋានសំខាន់ សម្រាប់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ក្នុងសតវត្សថ្មី ដោយធ្វើឱ្យប្រទេសតូចមួយ នៅចន្លោះប្រទេសធំៗ អាចឈរលើជើងដោយខ្លួនឯងបាន និងសម្លឹងឃើញពិភពលោកដោយមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃណាទៀតឡើយ៕

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១៥,០០០ ដុល្លារ សម្រាប់ជួយដល់ប្រជានុរាស្ត្រភៀសសឹក

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១៥,០០០ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លារអាម៉េរិក) សម្រាប់ជួយដល់ប្រជានុរាស្ត្រភៀសសឹក។

ក្នុងសារលិខិតនោះមានខ្លឹមសារថា “ខ្ញុំម្ចាស់ មានសេចក្តីសោម​នស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលនូវព្រះរាជូបត្ថម្ភនូវថវិកា ចំនួន15.000 USD (មួយម៉ឺនប្រាំពាន់ដុល្លារសហរដ្ឋអាម៉េរិក) ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វ ព្រះរាជហឫទ័យដ៏ថ្លៃថ្លាប្រោសព្រះរាជទាន ចំពោះកាកបាទក្រហមកម្ពុជា។

ខ្ញុំម្ចាស់ សូមលំឱនកាយសម្តែងនូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ហើយខ្ញុំម្ចាស់ សូមព្រះបរម រាជានុញ្ញាតប្រើប្រាស់ព្រះរាជូបត្ថម្ភដ៏ឧត្ដុង្គឧត្តមខាងលើនេះ ជាប្រយោជន៍សម្រាប់ចែកជូនប្រជារាស្ត្រជាជនភៀសសឹក ដែលកំពុងត្រូវការឱ្យជួយ។ ព្រះរាជគុណូបការៈដ៏ថ្លៃថ្លា របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តែងតែប្រោសព្រះរាជទាននូវភាពកក់ក្ដៅដល់ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា ដើម្បីបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

ខ្ញុំម្ចាស់ សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិ នានាក្នុងលោក និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូម ព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រគ្រប់ៗរូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៕

តម្លៃលំនៅដ្ឋាននៅទីក្រុងធំជាងគេបំផុត Yangon របស់មីយ៉ាន់ម៉ាហក់ឡើងកប់ពពកក្នុងរយៈពេល៥ឆ្នាំចុងក្រោយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ទីក្រុង Yangon ដែលជាទីក្រុងធំជាងគេបំផុតមួយក្នុងប្រទេសមីយ៉ាន់ម៉ាបន្តរក្សាបានគន្លងវិជ្ជមាន ដោយសារកត្តានគរូបនីយកម្ម និងការធ្លាក់ថ្លៃចុះនៃរូបិយបណ្ណក្នុងស្រុក។

ជាមួយគ្នានេះ ប្រជាជនមីយ៉ាន់ម៉ាបានចាត់ទុកការវិនិយោគអចលនទ្រព្យជាជម្រើសល្អប្រកបដោយសុវត្ថិភាព ស្របពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងអស្ថិរភាពនយោបាយក្នុងស្រុក បន្ទាប់ពីរដ្ឋប្រហារយោធាបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២១។

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥នេះ ខុនដូទំហំ៦០ម៉ែត្រការ៉េនៅចំកណ្តាលទីក្រុង Yangon មានតម្លៃជាមធ្យមចំនួន៩៥.០០០ដុល្លារអាមេរិកក្នុងមួយយូនីត ហក់ឡើង១០០ភាគរយ បើប្រៀបធៀបនឹងតម្លៃកាលពីឆ្នាំ២០២០។

ជាមួយគ្នានេះ អាផាតមុិនទំនើបទំហំ៧៥ម៉ែត្រការ៉េមានតម្លៃជាមធ្យមចំនួន១៤៣.០០០ដុល្លារក្នុងមួយយូនីត កើនឡើង៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពី២០២៤។ ចំណែក ផ្ទះ Penthouse ទំហំ១០០ម៉ែត្រការ៉េមានតម្លៃជាមធ្យមចំនួន២៣៨.០០០ដុល្លារ។

គិតត្រឹមខែមិថុនា ឆ្នាំ២០២៥នេះ ទីផ្សារអចលនទ្រព្យស្ថិតនៅទីក្រុង Yangon សម្រេចបាននូវសន្ទុះយ៉ាងរឹងមាំ។ លើសពីនេះ តម្លៃលំនៅដ្ឋាននៅទីក្រុងរណបថ្មីបានកើនឡើងយ៉ាងលឿនបំផុតក្នុងរយៈពេល២ឆ្នាំ។

ប្រជាជនមីយ៉ាន់ម៉ាបានងាកទៅរកការវិនិយោគអចលនទ្រព្យកាន់តែច្រើនឡើង ក្រោយឆ្នាំ២០២១ ខណៈអចលនទ្រព្យជាទ្រព្យសកម្មដ៏មានសុវត្ថិភាពក្នុងអំឡុងពេលមានហានិភ័យនយោបាយ។ ការដាំក្បាលចុះនៃរូបិយបណ្ណក្នុងស្រុកពីក្នុងរង្វង់១.៥០០គីយ៉ាត(Kyat) មកនៅត្រឹម៧.០០០គីយ៉ាតក្នុងមួយដុល្លារបានធ្វើឱ្យការទិញអចលនទ្រព្យក្នុងប្រទេសនេះមានភាពទាក់ទាញ។

ជាមួយគ្នានោះ អាផាតមុិន ដែលមានតម្លៃសមរម្យក្រោម១០០លានគីយ៉ាត បានហក់ឡើងថ្លៃក្នុងរង្វង់១០ភាគរយជារៀងរាល់ឆ្នាំ។ កាលពីឆមាសទី១ ឆ្នាំនេះ អាផាតមុិនទាំងនោះមានតម្លៃចន្លោះពី៧០លានគីយ៉ាតទៅ១០០លានគីយ៉ាតក្នុងមួយយូនីត បើធៀបនឹងតម្លៃចន្លោះពី៣០លានគីយ៉ាតទៅ៤០លានគីយ៉ាតក្នុងមួយយូនីតកាលពីឆ្នាំ២០២០៕ប្រភព: Bamboo Routes៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ ខណៈធនាគារ Fed អាចបញ្ចុះអត្រាការប្រាក់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ស្របពេលមានការរំពឹងទុកថា ធនាគារកណ្តាលអាមេរិក(Fed) នឹងកាត់បន្ថយអត្រាការប្រាក់ក្នុងរង្វង់០,២៥ភាគរយក្នុងកិច្ចប្រជុំរបស់ខ្លួននៅខែក្រោយ។ការណ៍នេះអាចជំរុញឱ្យប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃចុះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៦ភាគរយដល់៣៣៧៤,៦៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៩ភាគរយដល់៣៤៣២,៨ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣០នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩០,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៧៨ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ៕