ក្រុមអ្នកវិភាគបង្ហើបសូចនាករចំនួន៥ ដែលបង្ហាញថា ទីផ្សារអចលនទ្រព្យចិននឹងចាប់ផ្តើមងើបឡើងវិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមអ្នកវិភាគបានលើកឡើងថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនអាចនឹងចាប់ផ្តើមងើបឡើងវិញ ខណៈបណ្តាអ្នកអភិវឌ្ឍន៍កំពុងទទួលបានឥណទានថ្មី ហើយចំនួនផ្ទះលក់មិនដាច់(Unsold)កំពុងធ្លាក់ចុះ។

បន្ទាប់ពីទីផ្សារអចលនទ្រព្យចិនបានបង្ហាញសញ្ញាល្អប្រសើរនៅឆមាសទី១ ទីភ្នាក់ងារវាយតម្លៃឥណទាន Fitch Ratings បានទាញការព្យាករណ៍សារជាថ្មីថា ការលក់ផ្ទះថ្មីរបស់ប្រទេសចិនអាចនឹងធ្លាក់ចុះ៧ភាគរយនៅឆ្នាំនេះ បើធៀបនឹងការព្យាករណ៍ពីមុនថា នឹងដាំក្បាលចុះ១៥ភាគរយ។

វិធានការនានារបស់រដ្ឋាភិបាលចិន ដូចជា ការបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះ ការបន្ទាបអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះ និងការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលចិនបានជួយជំរុញទីផ្សារអចលនទ្រព្យក្នុងស្រុក។

ជាមួយគ្នានេះ រដ្ឋបាលក្នុងតំបន់មូលដ្ឋានបានបោះផ្សាយលក់មូលបត្របំណុលក្នុងគោលបំណងកៀរគរមូលនិធិដើម្បីជួយទិញលំនៅដ្ឋានលក់មិនដាច់(Unsold home)ពីបណ្តាអ្នកអភិវឌ្ឍន៍ ដែលជួបប្រទះវិបត្តិសាច់ប្រាក់។

ក្រុមអ្នកវិភាគនៅធនាគារ HSBC បានសង្កេតឃើញសូចនាករថ្មីចំនួន៥ ដែលបង្ហាញថា ទីផ្សារលំនៅដ្ឋាននៅប្រទេសចិនអាចនឹងងើបឡើងវិញ។ សូចនាករទាំងនោះ រួមមានដូចជា ភាពប្រសើរឡើងនៃលក្ខខណ្ឌឥណទានរបស់បណ្តាអ្នកអភិវឌ្ឍន៍ និងការធ្វើសមាហរណកម្មតាមរយៈការច្របាច់បញ្ចូលគ្នារវាងបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតតូច។

សូចនាករចំនួន៣ផ្សេងទៀត រួមមានដូចជា ការកើនឡើងនៃការលក់ដីធ្លី ការថយចុះនៃចំនួនលំនៅដ្ឋានលក់មិនដាច់ និងការកំណត់តម្លៃលំនៅដ្ឋានដោយផ្អែកលើយន្តការទីផ្សារសេរី។

ជាពិសេស រដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យបណ្តាអ្នកអភិវឌ្ឍន៍នៅទីក្រុងធំៗអាចកំណត់តម្លៃផ្ទះដោយខ្លួនឯង៕ប្រភព: SCMP៕

កម្ពុជារៀបចំនីតិវិធីចងក្រងសៀវភៅមគ្គុទ្ទេសក៍ណែនាំស្ដីពីបរិយាបន្នពិការភាពនៅក្នុងសេវាដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែក

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំស្ដីពី ការរៀបចំនីតិវិធីចងក្រងសៀវភៅមគ្គុទ្ទេសក៍ណែនាំស្ដីពីបរិយាបន្នពិការភាព នៅក្នុងសេវាដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។

កិច្ចប្រជុំកាលពីទី០៦ ខែសីហា ឆ្នាំ២០២៥ ដឹកនាំដោយលោកមាស ម៉ូនីកា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារមនុស្សចាស់អន្តរជំនាន់ និងពហុមុខងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំនីតិវិធីចងក្រងសៀវភៅមគ្គុទ្ទេសក៍ណែនាំស្ដីពី បរិយាបន្នពិការភាព នៅក្នុងសេវាដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ ក្រោមឱវាទក្រសួង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្ត្រីជាច្រើនរូបផ្សេងទៀត។

ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ណែនាំ ដល់មន្រ្តីបង្គោលមកពីអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ ដើម្បីឱ្យជួយសហការ និងសម្របសម្រួលក្នុងការចងក្រងសៀវភៅនេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមបទដ្ឋានគតិយុត្តរបស់ក្រសួង។

សៀវភៅមគ្គុទ្ទេសក៍នេះ មានសារៈសំខាន់ណាស់នៅក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា នៅក្នុងការជួយសម្រួលដល់ការបម្លាស់ទីរបស់មនុស្សវ័យចាស់ និងជនមានពិការភាព ដើម្បីជំរុញអនុវត្តគោលនយោ​បាយជាតិ ស្តីពីមនុស្សវ័យចាស់២០១៧-២០២៣ និងស្របតាមការណែនាំរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕

ក្រុមហ៊ុនជប៉ុនមួយគ្រោងពង្រីកការវិនិយោគលើទឹកស្អាត និងទឹកពិសារនៅកម្ពុជា

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្រុមហ៊ុន Marubeni Asian Power Singapore Pte. Ltd. បានបង្ហាញបំណងពង្រីកការវិនិយោគលើការផ្គត់ផ្គង់ និងផលិតទឹកកស្អាត និងទឹកពិសារនៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងកាលពីថ្ងៃទី៦ សីហា នៅពេលជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក IKEYA Yusuke អនុប្រធានក្រុមហ៊ុន Marubeni Asian Power Singapore Pte. Ltd.។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោម​នស្សរីករាយដែលលោក IKEYA Yusuke និងសហការីមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។

លោកអគ្គលេខាធិការ បានជម្រាបជូនក្រុមហ៊ុនពីបរិស្ថានវិនិយោគនៅកម្ពុជា ដែលពោរពេញដោយភាពអំណោយផល ពិសេសរបបលើកទឹកចិត្ត និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាល ដែលបន្តដាក់ចេញសំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរទ្បើង។

បន្ថែមពីនេះ លោកអគ្គលេខាធិការក៏បានលើកទ្បើងពីគំរូ និងភាពជោគជ័យ របស់បណ្តាក្រុមហ៊ុនវិនិយោគជប៉ុនធំៗ នៅកម្ពុជាមួយចំនួនផងដែរ។

លោក IKEYA Yusuke បានធ្វើបទបង្ហាញខ្លីជូន លោកអគ្គលេខាធិការអំពីសាវតាររបស់ក្រុមហ៊ុន ជាពិសេសក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតរបស់លោក (Khmer Water Supply Holdings-KWSH) ដែលបាន និងកំពុងមានប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាត និងទឹកពិសាបរិសុទ្ធ នៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា រួមមានខេត្តតាកែវ ព្រៃវែង សៀមរាប និងក្រចេះ។

ក្រុមហ៊ុន Khmer Water Supply Holdings ត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ២០១៣ ហើយបច្ចុប្បន្នក្រុមហ៊ុនមានបំណង ពង្រីកអាជីវកម្មរបស់ខ្លួន ឱ្យស្របនឹងនិន្នាការនាពេលបច្ចុប្បន្ន និងតម្រូវការចាំបាច់ចំពោះមុខរបស់ក្រុមហ៊ុន។

ជាការឆ្លើយតប លោកអគ្គលេខាធិការបានសម្តែងនូវការគាំទ្រ ក៏ដូចជាផ្តល់នូវអនុសាសន៍ណែនាំ ដល់ក្រុមហ៊ុនឱ្យធ្វើការសិក្សាចំពោះការផ្គត់ផ្គង់ទឹកស្អាត និងរៀបចំប្រព័ន្ធសម្អាតទឹកកង្វក់ នៅខេត្តស្វាយរៀង និងបាវិត ដោយនៅទីនោះមានបណ្តុំឧស្សាហកម្ម និងរោងចក្រជាច្រើន ប៉ុន្តែមិនទាន់មានប្រព័ន្ធអាងចម្រោះទឹករួម និងប្រព័ន្ធផ្គត់ផ្គង់ទឹករួមនៅទ្បើយទេ។

បន្ថែមពីនេះ លោកអគ្គលេខាធិការបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តបណ្តាក់ទុននៅកម្ពុជា ដើម្បីឆាប់ទទួលបាននូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍នានា ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា៕

តម្លៃហាងឆេងមាសនៅថ្ងៃព្រហស្បតិ៍នេះមានសភាពបែបណា ខណៈភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលបន្តអូសបន្លាយ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារកត្តានានា ដូចជា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងតម្រូវការទិញមាសដោយធនាគារកណ្តាលនានា។ ជាមួយគ្នានេះ សេដ្ឋកិច្ចសកលនៅតែមានហានិភ័យ ដោយសារគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៩ភាគរយដល់៣៣៧៨,៤១ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២៦ភាគរយដល់៣៤៤២,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣៣នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៣,៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៨,២៥ពិន្ទុនៅព្រឹកថ្ងៃព្រហស្បត៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,១៨ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ៕

រដ្ឋមន្រ្តីដែនដីៈ ស្នើឲ្យយុវជនចូលរួមកសាងសហសម័យកម្ពុជា ជាមួយគ្នា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា ប្អូនៗទាំងអស់គ្នា ត្រូវចូលរួមកសាងសហសម័យកម្ពុជាជាមួយគ្នា ជាសម័យដែលសង្គមកម្ពុជាមានអរិយធម៌ វប្បធម៌ ទំនៀមទំលាប់ និងមានភាពជឿជាក់លើខ្លួនឯង។

លោកបានមានប្រសាសន៍នៅ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស សម្រាប់ឆ្នាំសិក្សា២០២៥ កាលពីថ្ងៃទី៦ សីហាដោយបានលើកឡើងទៀតថា “យើងត្រូវយកឱកាសនេះរៀនស្គាល់ពីគេ និងប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចរបស់ពិភពលោក និងខ្លួនឯង ចេះទាញប្រយោជន៍ពីនោះ ដើម្បីកសាងខ្លួននិងគ្រួសារ និងអភិវឌ្ឍកម្ពុជាមាតុភូមិយើងឱ្យកាន់តែរីកចម្រើន ពិសេសក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកំពុងជួបប្រទះនេះ ក៏ជាពេលវេលាល្អសម្រាប់ឱ្យយើងរៀនរស់ដោយខ្លួនឯង ឯករាជ្យម្ចាស់ការ និងកសាងខឿនសេដ្ឋកិច្ចជាតិកម្ពុជាឱ្យរឹងមាំ”។

លោកសាយ សំអាល់បានបញ្ជាក់ថា នេះក៏ត្រូវផ្តើមចេញពីប្អូនៗទាំងអស់គ្នា ព្រោះមានតែយើងរឹងមាំដោយខ្លួនឯងទេ ទើបសង្គមជាតិរឹងមាំ។

លោកក៏បានក៏សូមចូលរួមអបអរសាទរ និងកោតសរសើរជាមួយលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែង រៀនសូត្ររបស់ជ័យលាភីអាហារូបករណ៍ទាំងអស់ ព្រមទាំងលើកទឹកចិត្តឱ្យប្អូនៗ ជ័យលាភីគ្រប់ៗរូប បន្តយកចិត្តទុកដាក់ឱ្យបានកាន់តែច្រើនទៀត អំឡុងពេលបន្តការសិក្សានៅក្រៅប្រទេស។

ជាមួយគ្នានេះ សូមគូសបញ្ជាក់ពីសារសំខាន់ នៃការវិនិយោគលើធនធានមនុស្ស ហើយប្អូនៗគឺជាកោសិកាដ៏សំខាន់ សម្រាប់ការកសាងពូនជ្រំសង្គមជាតិកម្ពុជា ប្រកបដោយភាពរស់រវើក ស្របទៅតាមបំណ​ងដ៏ពិសិដ្ឋរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕

កម្ពុជាសម្ពោធជាផ្លូវការនៃពិព័រណ៌ឧស្សាហកម្មគ្រឿងយន្តកម្ពុជា-អន្តរជាតិលើកទី៩

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ  លោកហែម វណ្ណឌី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ពិធីបើក “សម្ពោធជាផ្លូវការនៃពិព័រណ៌ឧស្សាហកម្មគ្រឿងយន្កកម្ពុជា-អន្តរជាតិលើកទី៩(CIMIF2025) និងពិព័រណ៌ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជា-អន្តរជាតិ លើកទី៩(CTG2025)។

លោកឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

ពិព័រណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ហើយពិព័រណ៍នឹងនាំយកមកនូវក្រុមហ៊ុនល្បីៗ អ្នកជំនាញផ្នែកឧស្សាហកម្ម អ្នកជំនាញច្នៃប្រឌិត និងវិនិយោគិនជាច្រើន ដើម្បីចូលរួម នឹងស្វែងយល់អំពីវិស័យឧស្សាហកម្មនៅកម្ពុជា ដែលកំពុងរីកចម្រើនជាលំដាប់។

ក្នុងព្រឹត្តការណ៍ពិព័រណ៍នេះ នឹងបង្ហាញពីបច្ចេកវិទ្យាម៉ាស៊ីនឧស្សាហកម្មស្វ័យប្រវត្តិថ្មីៗ ដំណោះស្រាយផ្នែកសម្លៀកបំពាក់ និងវាយនភណ្ឌប្រកបដោយចីរភាព ដែលស្របតាមនិន្នាការ ទីផ្សារពិភពលោក បូករួមជាមួយវេទិកា ក៏ដូចជាសិក្ខាសាលាឧស្សាហកម្មជាច្រើន ដែលនឹងផ្តល់ឱកាសដល់ភ្ញៀវចូលរួម ក្នុងការយល់ដឹងអំពីនិន្នាការសំខាន់ៗ និងកិច្ចពិភាក្សាលម្អិត។

ជាមួយគ្នានេះផងដែរពិព័រណ៍នេះ នឹងរួមបញ្ចូលនូវឱកាស ក្នុងការចាប់ដែគូអាជីវកម្ម បណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយ ដើម្បីផ្សាភ្ជាប់ជាមួយម្ចាស់ក្រុមហ៊ុន អ្នកសម្រេចចិត្តសំខាន់ៗ ព្រមទាំងបង្ហា​ញបច្ចេកវិទ្យា ផលិតដោយភាពច្នៃប្រឌិតចុងក្រោយដោយផ្ទាល់។ ជួបជាមួយក្រុមហ៊ុន អ្នកតាំងពិព័រណ៍ពីជុំវិញពិភពលោក និងអ្នកជំនាញឧស្សាហកម្ម CIMIF និងCTG ២០២៥ នឹងក្លាយជាទិសដៅសំខាន់សម្រាប់អាជីវកម្មក្នុងវិស័យឧស្សាហកម្ម និងវាយនភណ្ឌរបស់កម្ពុជា៕

កាណាដាកំពុងសាងសង់អគារខុនដូខ្ពស់ជាងគេបំផុតក្នុងប្រទេសរបស់ខ្លួន ស្របពេលដង់សុីតេប្រជាជនកើនឡើង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Pinnacle International កំពុងសាងសង់អគារខុនដូកប់ពពកមួយនៅទីក្រុង Toronto ក្នុងប្រទេសកាណាដា។ អគារនេះមានឈ្មោះថា “SkyTower”ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍“Pinnacle One Yonge”។

អគារខុនដូកប់ពពកនេះនឹងមានកំពស់៣៤៥ម៉ែត្រ ហើយវានឹងក្លាយជាអគារលំនៅដ្ឋានខ្ពស់ជាងគេបំផុតក្នុងប្រទេសកាណាដា នៅពេលការសាងសង់បញ្ចប់រួចរាល់។ ទោះជាយ៉ាងណា មនុស្សជាច្រើន ជាពិសេសអ្នកនៅក្នុងអគារខុនដូតាមបណ្តោយមាត់ទឹកនៅទីក្រុង Toronto បានបង្ហាញក្តីព្រួយបារម្ភអំពីកង្វះមធ្យោបាយធ្វើដំណើរ។

តួយ៉ាង គម្រោងស្ថាបនាបណ្តាញផ្លូវរថភ្លើង Waterfront East LRT តភ្ជាប់ពីស្ថានីយ Union ទៅកាន់តំបន់ Port Lands នៅមិនទាន់មានមូលនិធិសម្រាប់សាងសង់នៅឡើយ។

លោក Ben Hoff អ្នកជំនាញរៀបចំផែនការអភិវឌ្ឍន៍ទីក្រុង និងជាដៃគូសហការជាមួយក្រុមហ៊ុន Urban Strategies បានអះអាងថា “ការរស់នៅក្នុងអគារខ្ពស់កប់ពពកនៅទីក្រុង Toronto ជារឿងសមហេតុផល ព្រោះថា ដង់ស៊ីតេប្រជាជនក្នុងទីក្រុងមួយនេះកំពុងកើនឡើងជាលំដាប់”។

លោកបានបន្ថែមថា មនុស្សជាច្រើននឹងងាកមកដើរលេងកំសាន្ត ជិះកង់ ឬធ្វើដំណើរទៅកាន់ទីតាំងជិតៗ។ ការណ៍នេះនឹងអាចជួយកាត់បន្ថយសម្ពាធលើប្រព័ន្ធដឹកជញ្ជូនសាធារណៈ។

ប៉ុន្តែ ទោះជាយ៉ាងណា លោក Hoff បានព្រមានថា ជម្រើសនៃការសាងសង់អគារខ្ពស់ៗកប់ពពកពុំមែនជាដំណោះស្រាយល្អឥតខ្ចោះនោះទេ លុះត្រាតែហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងមានស្ថានភាពល្អប្រសើរឡើង។

លោកបានគូសបញ្ជាក់ថា កំណើនដង់សុីតេប្រជាជននឹងដាក់សម្ពាធលើមជ្ឈមណ្ឌលសហគមន៍ សួនកម្សាន្ត និងបណ្ណាល័យជាដើម៕ប្រភព: Toronto Life៕

តើការជួល និងទិញអាផាតមុិននៅទីក្រុងភ្នំពេញមានតម្លៃខុសគ្នាបែបណាធៀបនឹងបណ្តាទីក្រុងផ្សេងទៀតក្នុងតំបន់អាស៊ាន?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ Global Property Guide បានចងក្រងបញ្ជីតម្លៃជួល និងទិញអាផាតមុិនជាមធ្យមនៅទូទាំងទីក្រុងធំៗមួយចំនួននៅតំបន់អាស៊ាន។ ខាងក្រោមនេះជាតួលេខ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងខែសីហា ឆ្នាំ២០២៥៖

ទី១: រាជធានីភ្នំពេញ

ការជួលអាផាតមុិនដែលមានបន្ទប់គេងចំនួន១ នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជាមានតម្លៃជាមធ្យមប្រចាំខែចំនួន៥៥០ដុល្លារ ខណៈអាផាតមុិន ដែលមានបន្ទប់គេងចំនួន១ សម្រាប់ដាក់លក់មានតម្លៃជាមធ្យម​ចំនួន១០០.០០០ដុល្លារក្នុងមួយយូនីត។

ទី២: រដ្ឋធានីហាណូយ

ការជួលអាផាតមុិនដែលមានបន្ទប់គេងចំនួន១ នៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាមមានតម្លៃជាមធ្យមប្រចាំខែចំនួន២៧៥ដុល្លារ ខណៈអាផាតមុិន សម្រាប់ដាក់លក់មានតម្លៃជាមធ្យម​ចំនួន១០៦.០០០ដុល្លារក្នុងមួយយូនីត។

ទី៣: រាជធានីគូឡាឡាំពួរ

ការជួលអាផាតមុិនដែលមានបន្ទប់គេងចំនួន១ នៅរាជធានីគូឡាឡាំពួរនៃប្រទេសម៉ាឡេសុីមានតម្លៃជាមធ្យមប្រចាំខែចំនួន៥៦២ដុល្លារ ខណៈអាផាតមុិន សម្រាប់ដាក់លក់មានតម្លៃជាមធ្យម​ចំនួន១៥១.០០០ដុល្លារក្នុងមួយយូនីត។

ទី៤: រដ្ឋធានីហ្សាការតា

ការជួលអាផាតមុិនដែលមានបន្ទប់គេងចំនួន១ នៅរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូនេសុីមានតម្លៃជាមធ្យមប្រចាំខែចំនួន៤០០ដុល្លារ ខណៈអាផាតមុិន សម្រាប់ដាក់លក់មានតម្លៃជាមធ្យម​ត្រឹមតែ៤៦.០០០ដុល្លារក្នុងមួយយូនីត។

ទី៥: ប្រទេសសិង្ហបុរី

ការជួលអាផាតមុិនដែលមានបន្ទប់គេងចំនួន១ នៅប្រទេសសិង្ហបុរីមានតម្លៃជាមធ្យមប្រចាំខែចំនួន២.៧៤០ដុល្លារ ខណៈអាផាតមុិន សម្រាប់ដាក់លក់មានតម្លៃជាមធ្យម​ចំនួន៩០០.០០០ដុល្លារក្នុងមួយយូនីត៕ប្រភព: CNBC៕

អភិបាលខេត្តព្រះសីហនុពិនិត្យ និងអនុម័តគំរោងបើករោងចក្រកេសកាតុង និងសម្ភារៈមួយចំនួនទៀត

0

ដោយៈ ចំណាន

    ព្រះសីហនុៈ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំ អនុគណៈកម្មាធិការវិនិយោគខេត្តដើម្បីពិនិត្យ និងអនុម័តលើសំណើសុំបង្កើតរោងចក្រផលិតកេសកាតុង ផលិតផលធ្វើពីក្រដាសសម្ភារវេចខ្ចប់ និងសម្ភារបន្ទាប់បន្សំគ្រប់ប្រភេទ។

គំរោងវិនិយោគនេះ ជារបស់ក្រុមហ៊ុន ហ៊ី យីង ភែកឃីជីង (ខេមបូឌា) ឯ.ក ដែលមានទៅតាំងនៅអគារលេខ F-1 ភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

គំរោងវិនិយោគនេះ ស្ថិតក្រោមសមត្ថកិច្ចរបស់អនុគណៈកម្មាធិការវិនិយោគខេត្ត ដែលមានសិទ្ឋអនុម័តគំរោងវិនិយោគ ដែលមានទឹកប្រាក់ចាប់ពី៥លានដុល្លារអាមេរិកចុះ៕

ក្រសួងៈ ផ្លូវជាតិលេខ៤១ជាសសៃឈាមសេដ្ឋកិច្ច ដែលឆ្លងកាត់ ខេត្តចំនួន៤

0

ដោយៈ គង់ សូរិយា

    កម្ពុជាៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់ សម្រា​ប់ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត។

ផ្លូវដ៏សំខាន់នេះ តភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗ ដូចជាកំពង់ផែក្រុងព្រះសីហនុ កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈម​ណ្ឌលភស្តុភារកម្ម កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែបកោះទន្សាយ។

ក្រសួងបានឲ្យដឹងទៀតថា ផ្លូវនេះថែមទាំងតភ្ជាប់ទៅតំបន់ទេស​ចរណ៍ធម្មជាតិ នៅតាមបណ្ដាខេត្ត មានខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៣១ និងផ្លូវជាតិ៣៣។

ផ្លូវជាតិលេខ៤១ មានប្រវែងសរុបចំនួន៩៥,២៦គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤-ខេត្តកណ្តាល) ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣-ខេត្តកំពត) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ AC មានកម្រាស់៥សង់ទីម៉ែត្រ និងទទឹង១១ម៉ែត្រ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៩ខែមេសា ឆ្នាំ២០២៥៕