អ្នកឧកញ៉ាសំ សុខនឿនៈលំហូរចូលរបស់អ្នកវិនិយោគចិនបាននិងកំពុងផ្តោតលើវិស័យឧស្សាហកម្មធ្វើឲ្យតម្រូវការដីធ្លីកើនឡើង

0

ដោយៈ គង់ សួរិយា

    ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Group អ្នកឧកញ៉ាសំ សុខនឿនបានលើកឡើងថា តម្រូវការដីធ្លីក្នុងវិស័យឧស្សា​ហកម្មកំពុងកើនឡើង ដោយសារលំហូររបស់អ្នកវិនិយោគចិន។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គមកាលពីចុងសប្តាហ៍មុនថា ការសាងសង់រោងចក្រ ឃ្លាំង និងតំបន់ឧស្សាហកម្មកំពុងកើនឡើង ដែលអ្នកវិ​និយោគភាគច្រើនមានមកពីប្រទេសចិន និងប្រទេសមួយចំនួនទៀត។

លោកបញ្ជាក់ថា “បណ្តាខេត្តដែលស្ថិតនៅជុំវិញ រាជធានីភ្នំពេញ និងខេត្តមានសក្តានុពលសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ឋងាយស្រួល កំពុងក្លាយជាគោលដៅវិនិយោគ”។

អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា ទោះបីមានការដាក់ពន្ឋគយ លើទំនិញកម្ពុជាពីអាមេរិក និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកំពុងចចារក្តី ក៏វិស័យឧស្សាហកម្មនៅបន្តរីកចម្រើន ដោយសារទីផ្សារយើងមិនពឹងតែអាមេរិកមួយទេ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតកំពុងធ្វើពិពិធកម្មទីផ្សារនាំចេញ និងទាក់ទាញការវិនិយោគពីបណ្តាប្រទេសជាច្រើន៕

តើអគារខុនដូថ្លៃបំផុតទាំង៥នៅរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេសុីមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

0

ដោយ គង់ លាងហួរ
អន្តរជាតិ: គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ទីផ្សារខុនដូប្រណីតរបស់ទីក្រុងហ្សាការតាក្នុងប្រទេសឥណ្ឌូនេសុីបានទាក់ទាញការអភិវឌ្ឍន៍គម្រោងលំដាប់ខ្ពស់ជាច្រើន។ ខាង​ក្រោម​នេះ​ជា​អគារ​ខុនដូ​ថ្លៃ​បំផុត​ចំនួន៥ នៅ​ទីក្រុង​ហ្សាកាតា បើគិតពីតម្លៃក្នុងមួយម៉ែត្រការ៉េ៖

ទី១: អគារ Raffles Residences

អគារនេះមានទីតាំងនៅភាគខាងត្បូងនៃទីក្រុងហ្សាការតា ដែលមានតម្លៃខុនដូក្នុងមួយម៉ែតការ៉េចន្លោះពី៩៨លានរូពៀទៅ១២៦លានរូពៀ(ប្រហែល៦.០២៨ដុល្លារទៅ៧.៧៥០ដុល្លារ)។អគារ Raffles Residences ផ្តល់ជូននូវខុនដូធំទូលាយ ដែលសម្បូរដោយបុគ្គលមានទ្រព្យសម្បត្តិខ្ពស់ រួមទាំងអ្នកការទូត និងថ្នាក់ដឹកនាំអាជីវកម្ម។

ទី២: អគារ Anandamaya Residences

អគារខុនដូប្រណីតនេះត្រូវបានអភិវឌ្ឍន៍រួមគ្នាដោយក្រុមហ៊ុន Astra Property និងក្រុមហ៊ុន Hongkong Land ដែលមានទីតាំងនៅតំបន់ Sudirman ក្នុងទីក្រុងហ្សាការតា។ តម្លៃខុនដូនៅអគារនេះមានទំហំទឹកប្រាក់ចាប់ពី៧០លានរូពៀទៅ៩០លានរូពៀ(ប្រហែល៤.៣០៥ដុល្លារទៅ៥.៥៣៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ទី៣: អគារ Rajawali Place

អគារនេះមានទីតាំងនៅភាគខាងត្បូងរដ្ឋធានីហ្សាការតា។ អគារខុនដូប្រណីតនេះមានតម្លៃចំនួន៧២,៨លានរូពៀក្នុងមួយម៉ែត្រការ៉េ (ប្រមាណ៤.៤៧៧ដុល្លារ)ដែលផ្តល់ជូននូវសេវាកម្ម និងគ្រឿងបរិក្ខារផ្តាច់មុខ។

ទី៤: អគារ Le Parc at Thamrin Nine

អគារខុនដូនេះមានទីតាំងនៅចំកណ្តាលរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេសុី។អគារនេះផ្តល់ជូនយូនីតខុនដូធំទូលាយ ដែលមានអាងហែលទឹក និងយានដ្ឋានឯកជន។ តម្លៃខុនដូមានទំហំទឹកប្រាក់ចាប់ពី៦៥លានរូពៀទៅ៧០លានរូពៀ(ប្រហែល៣.៩៩៨ដុល្លារទៅ៤.៣០៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ទី៥: អគារ Verde Two

អគារនេះមានទីតាំងនៅភាគខាងត្បូងរដ្ឋធានីហ្សាការតា។អគារលំនៅដ្ឋានលំដាប់ខ្ពស់នេះមានយូនីតខុនដូធំទូលាយ ជាមួយនឹងតម្លៃប្រហែល៦៧,៤លានរូពៀ(ប្រហែល៤.១៤៥ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ៕

សម្តេចធិបតីចេញបញ្ជាក់ពីស្ថានភាពនៅព្រំដែនកម្ពុជា ថៃមិនថាមិនមានការដកកងទ័ពកម្ពុជាចេញពីដែនអធិបតេយ្យទេ

0

ដោយៈ គង់ សូរិយា

    ប្រទេសបារាំងៈ ចេញពីទីក្រុងនីស ប្រទេសបារាំង សម្តេចមហាបវរធិតបីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់លើស្ថានភាពនៅតាមព្រំប្រទល់កម្ពុជា ថៃ។

សម្តេចបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមមុននេះបន្តិចថា “ខ្ញុំសូមផ្ញើរសារខ្លីមួយ ជូនចំពោះបងប្អូនជនរួមជាតិពីទីក្រុង នីស បារាំង”។

១. ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសពត៌មាន បញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់ របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជា-ថៃ ដោយពុំមានការដកកងទ័ពកម្ពុជា ចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពយើងបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។

. រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពា​របូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ។

. កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំ ស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជ រដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងនឹងរាល់ការប៉ុនប៉ងឈ្លានពាននានា។

. កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមគាំទ្រដល់យន្តការចរចារព្រំដែនជាមួយប្រទេសថៃ ដែលមានគណៈកម្មការជម្រុះព្រំដែន ដើម្បីបន្តកិច្ចការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

២.  បន្ថែមទៅលើ ប្រកាសរបស់ក្រសួងការពារជាតិខាងលើ ខ្ញុំសូមបញ្ជាក់សារជាថ្មីជូនបងប្អូនជនរួមជាតិថា÷ រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការ គណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ ២០០០) និងច្បាប់អន្តរជាតិ (រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។

សម្តេចបានបញ្ជាក់បន្តថា “រាជរដ្ឋាភិបាល ក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើ​ម្បី​ជាឧត្តមប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ”។

ជាពិសេសចំណុចទី៣. សម្តេចបានលើកឡើងថា “ខ្ញុំក៏សូមអំពាវនាវអោយបណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋរបស់យើងសូមរក្សាភាពស្ងៀមស្ងាត់ និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រ​យោ​ជន៍ជាតិខ្មែរយើង។

ជាពិសេស សូមជៀសវាងការបង្កើត ឬចែករំលែកពត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំអោយមានការយល់ច្រឡំ និងនាំអោយបំប៉ោងសភាពការណ៏លើសពីការពិត ដែលអាចពង្រីកបញ្ហា ទៅជាជម្លោះរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ៕

តើផ្លូវជាតិលេខ៤១ដើរតួនាទីសំខាន់ក្នុងវិស័យអ្វីខ្លះនៃសេដ្ឋកិច្ចជាតិ?

0

ដោយៈ គង់ សូរិយា

    កណ្តាល កំពតៈ ផ្លូវជាតិលេខ៤១(ថ្នល់ទទឹង-ខេត្តកំពត) តភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងតភ្ជាប់ជាមួយខ្សែផ្លូវផ្សេងៗនៅក្នុងតំបន់នេះ ក្នុងទិសដៅឆ្ពោះទៅកាន់ខេត្តកំពត។

ផ្លូវជាតិដ៏សំខាន់មួយនេះ ​ជាតំបន់ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិ តំបន់កោះ និងរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រដ៏ស្រស់ស្អាត ដែលមានភាពទាក់ទាញបំផុតរួមទាំងឆ្ពោះទៅព្រំដែនកម្ពុជា-វៀតណាម។

ផ្លូវជាតិលេខ៤១ (ថ្នល់ទទឹង-ខេត្តកំពត) តភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងតភ្ជាប់ជាមួយខ្សែផ្លូវផ្សេងៗនៅក្នុងតំបន់នេះ ក្នុងទិសដៅឆ្ពោះទៅកាន់ខេត្តកំពត ជាពិសេសតំបន់ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិ តំបន់កោះ និងរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រដ៏ស្រស់ស្អាត ដែលមានភាពទាក់ទាញបំផុត រួមទាំងឆ្ពោះទៅព្រំដែនកម្ពុជា-វៀតណាម។

ផ្លូវជាតិនេះ បានចូលរួមលើកកម្ពស់ ការអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗ ជាពិសេសបានចូលរួមជួយសម្រួល និងបញ្ចៀសការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានមួយកម្រិត បន្ថែមទៀតផងដែរ។

ផ្លូវជាតិលេខ៤១ មានប្រវែងសរុបចំនួន ៩៥,២៦គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤-ខេត្តកណ្តាល)ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣-ខេត្តកំពត​) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ AC មានកម្រាស់៥សង់ទីម៉ែត្រ និងទទឹង១១ម៉ែត្រ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥៕

សេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យអាមេរិកអាចរងផលប៉ះពាល់ខ្លាំង ពីការឈប់ផ្តល់ទិដ្ឋាការដល់និស្សិតបរទេសរបស់លោក ត្រាំ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លំហូរនិស្សិតអន្តរជាតិបានចាក់បញ្ចូលទឹកប្រាក់បន្ថែមចំនួន៤៤ពាន់លានដុល្លារដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកក្នុងឆ្នាំសិក្សា២០២៣-២០២៤ ហើយអវត្តមានរបស់ពួកគេអាចជះផលប៉ះពាល់មិនត្រឹមតែស្ថានភាពហិរញ្ញវត្ថុរបស់សាកលវិទ្យាល័យនានានៅអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ទីផ្សារអចលនទ្រព្យ និងអ្នកប្រើប្រាស់ផងដែរ។

ការចូលរួមចំណែករបស់និស្សិតអន្តរជាតិប្រមាណ១,១លាននាក់កាលពីឆ្នាំមុនបានគាំទ្រការងារជាង៣៧៨.០០០កន្លែង។នេះបើយោងតាមសមាគមអ្នកអប់រំអន្តរជាតិ (NAFSA) ដែលជាអង្គការមិនរកប្រាក់ចំណេញ។

លោក Nicholas Barr សាស្ត្រាចារ្យនៅសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍(London School of Economics)បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post ថា សិស្ស-និស្សិតបរទេសមិនគ្រាន់តែចំណាយប្រាក់បង់ថ្លៃសិក្សាទេ។ ពួកគេ​ក៏បង់​ថ្លៃ​ជួលផ្ទះ ហើយពួកគេ​ទៅ​ភោជនីយដ្ឋាន និងធ្វើ​ដំណើរ។

ជាក់ស្តែង បណ្តារដ្ឋ ដែលមានសាកលវិទ្យាល័យច្រើនបានទទួលអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ពីលំហូរនិស្សិតអន្តរជាតិ។

លោកបានកត់សម្គាល់ថា សកម្មភាពសេដ្ឋកិច្ចរបស់និស្សិតអន្តរជាតិបានជួយបង្កើតការងារជាច្រើនរាប់ចាប់ពីបុគ្គលិកនៅតាមអាជីវកម្មក្នុងស្រុកដូចជាបារ និងហាងនានា រហូតដល់បុគ្គលិកនៅតាមសាកលវិទ្យាល័យនានា ដែលត្រូវបង្កើនដើម្បីគ្រប់គ្រងកំណើននៃចំនួននិស្សិត។

យ៉ាងណាមិញ ស្របពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឈប់ផ្តល់ទិដ្ឋាការថ្មីដល់និស្សិតបរទេស ក្រុមសេដ្ឋវិទូបានព្រមានថា ការបាត់បង់និស្សិតអន្តរជាតិនឹងប៉ះពាល់ដល់មិនត្រឹមតែស្ថាប័នដែលពឹងផ្អែកលើថ្លៃសិក្សារបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុក និងរដ្ឋផងដែរ។

លោក Constantine Yannelis សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Cambridge ក្នុងប្រទេសអង់គ្លេសបានអះអាងថា ការផ្អាកទិដ្ឋាការអាចជះផលប៉ះពាល់យ៉ាងខ្លាំងដល់អ្វីគ្រប់យ៉ាងរាប់ចាប់ពីទីផ្សារអចលនទ្រព្យរហូតដល់ភោជនីយដ្ឋាន និងអាជីវកម្មពឹងផ្អែកលើអ្នកប្រើប្រាស់។

លោក Yannelis បានបន្ថែមថា ទីផ្សារអចលនទ្រព្យក្នុងស្រុកពឹងផ្អែកលើការជួលផ្ទះដល់សិស្សបរទេស។ ប្រសិនបើមានការថយចុះគួរឱ្យកត់សម្គាល់នៃចំនួនសិស្ស នោះវានឹងជះឥទ្ធិពលយ៉ាងខ្លាំងលើទីផ្សារអចលនទ្រព្យ ហើយអាជីវកម្មក្នុងស្រុកជាច្រើន ដូចជារោងកុន បារ នឹងជួបប្រទះការធ្លាក់ចុះនៃតម្រូវការ៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងជួបថ្នាក់ដឹកនាំក្រុមហ៊ុនបរទេសចំនួន២ដើម្បីពិភាក្សាលើកិច្ចសហការ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនសឹង្ហបុរីចំនួន២រូប បានជួបពិភាក្សាស្វែងយល់ពីឱកាសវិនិយោគ និងកិច្ចសហការជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ស្ថាបនិកនិងជាអគ្គនាយកបុរីវិមានសំណាង។

ក្រុមហ៊ុនទាំងនោះ រួមមាន Vos Advisory និងក្រុមហ៊ុន Terence Khng Production មានមូលដ្ឋាននៅប្រទេសសឹង្ហបុរី។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងថា ថ្មីៗនេះមានក្រុមហ៊ុនជាច្រើន មកពីប្រទេសជប៉ុន កូរ៉េ និងសឹង្ហបុរីជាដើម ដែលពួកគេបានមកសិក្សា ស្វែងយល់ពីឱកាសវិនិយោគ និងស្វែងរកដៃគូវិនិយោគនៅកម្ពុជា។

លោកឧកញ៉ាបានបន្តថា ដូចគ្នាថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ ដែលមានជំនាញបច្ចេកទេសផ្នែកសំណង់ និងអចលនទ្រព្យបានមកសិក្សាពីទីផ្សារកម្ពុជា និងពិភាក្សាពីោកាសវិនិយោគ និងកិច្ចសហការរួមគ្នាជាមួយលោកនាពេលអនាគត។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបញ្ជាក់ថា “តាមរយៈកិច្ចពិភាក្សាគ្នា ក្រុមហ៊ុនខាងលើនិងក្រុមហ៊ុនរបស់លោក នឹងអាចចាប់ដៃគូសហការគ្នានាពេលអនាគត”៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃចន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះបន្តុិចក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣០៩,៦៧ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៦ភាគរយដល់ត្រឹម៣៣០៧,៥៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៥៨ភាគរយដល់៣៣២៧,២០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:១៥នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៩,៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនានេះ។

ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបជាមួយនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៩ពិន្ទុនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,១៩ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន៕

ក្រុមហ៊ុនកម្ពុជា ចិនចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តលើការនាំចេញធុរេន និងដំណាប់ស្វាយពីកម្ពុជា

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកលីម ឡោក ពិសិដ្ឋ បានអញ្ជើញចូលរួមជាអធិបតី ក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយទំនិញកសិផលកម្ពុជា និងការចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត រវាងក្រុមហ៊ុនកម្ពុជា និងចិន។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ពិធីនេះក៏មានការចូលរួមពីលោកស្រីZeng Ling អភិបាលរងទីក្រុងប៉ីហៃ។

ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលកសិកម្ម ដែលមានសក្តានុពលរបស់កម្ពុជា តាមច្រកតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី ទៅកាន់ទីផ្សារប្រទេសចិន ឱ្យកាន់តែទូលំទូលាយ។

ក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាយុទ្ឋសាស្ត្រសម្រាប់ទិញ- លក់ដំណាប់ស្វាយកម្ពុជា ចំនួន២០,០០០តោន (២០២៥-២០២៧) និងទុរេនកម្ពុជា ចំនួន១៥,០០០តោន (២០២៥-២០២៦) រវាងក្រុមហ៊ុនចំនួន២ រួមមាន៖ ក្រុមហ៊ុន Guangxi Xiyaya Food Co., Ltd. និងក្រុមហ៊ុន Lumisun Asian Fruits Co., Ltd. ដោយភាគីចិន នឹងទិញដំណាប់ស្វាយកម្ពុជាចំនួន៣ពាន់តោន ក្នុងឆ្នាំ២០២៥នេះ៕

អភិបាលខេត្តព្រះសីហនុស្នើអភិបាលខេត្តជាំង ស៊ូជួយជម្រុញអ្នកវិនិយោគ និងជើងហោះហើរត្រង់មកកម្ពុជា

0

ដោយៈ ម៉ាល័យ

    ប្រទេសចិនៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត បានស្នើចំនួន៤ចំណុច ដល់អភិបាលខេត្តជាំង ស៊ូជួយជម្រុញការវិនិយោគ និងជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុនាពេលខាងមុខ។

សំណើរនេះបានធ្វើឡើងនៅពេលលោកម៉ាង ស៊ីណេត បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ឺ ឃុនលីន (XU KUNLIN)អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។

ជាកិច្ចចាប់ផ្តើម លោកស៊ឺ ឃុនលីន អភិបាលខេត្តជាំងស៊ូ បានសំដែងនូវការអបអរស្វាគមន៍ ចំពោះវត្តមានរបស់គណៈប្រតិភូខេត្តព្រះសីហនុ ដែលដឹកនាំដោយលោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត។

លោកអភិបាលខេត្តជាំងស៊ូ ក៏បានលើកឡើងអំពីស្ថានភាពភូមិ​សាស្រ្ត ប្រជាសាស្ត្រ និងសក្តានុពលរបស់ខេត្តជាំងស៊ូ ដែលជាខេត្តមួយ ដែលមានការអភិវឌ្ឍខ្លាំង លើវិស័យឧស្សាហកម្ម ការផលិត និងបច្ចេកវិទ្យា។

ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរ ក៏បានលើកឡើងអំពីទំនាក់ទំនងកម្ពុជា និងចិន បានបង្កើតជាផ្លូវការក្នុងឆ្នាំ១៩៥៨ គិតមកដល់ឆ្នាំនេះមាន រយៈពេល៦៧ឆ្នាំហើយ ប៉ុន្តែប្រជាជននៃប្រទេសទាំងពីរមានការប្រាស្រ័យទាក់ទងគ្នា យ៉ាងជិតស្និទ្ធរាប់រយឆ្នាំកន្លងមក។

ទំនាក់ទំនងនេះជាទំនាក់ទំនង (មិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ) ដែលជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នារវាង យុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបច្ចកោណ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ “ខ្សែក្រវាត់ និងផ្លូវ” របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។

ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពជាមួយប្រទេ​សចិន ខេត្តព្រះសីហនុ បានបង្កើតសម្ព័ន្ធមេត្រីភាពខេត្ត -ក្រុងបងប្អូនជាមួយបណ្តាខេត្ត-ក្រុង នៃប្រទេសចិនចំនួន២០ ក្នុងនោះរួមទាំងខេត្តជាំងស៊ូ និងក្រុងអ៊ូស៊ីផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកម៉ាង ស៊ីណេត ក៏បានពាំនាំមកនូវផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះឯកឧត្តម ស៊ឺ ឃុនលីន និងថ្នាក់ដឹកនាំខេត្តជាំងស៊ូផងដែរ។

បន្ថែមពីលើនេះទៀត ដើម្បីពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការខេត្តទាំងពីរ លោកអភិបាលខេត្តបានសំណូមពរ ដល់ឯកឧត្តមអភិបាលខេត្តជាំងស៊ូ ជួយលើកិច្ចការមួយចំនួនដូចជា ១-ជំរុញអ្នកវិនិយោគនៅខេត្តជាំងស៊ូ ឱ្យសម្រេចចិត្តទៅបណ្តាក់ទុនវិនិយោគ កាន់តែច្រើនថែមទៀតនៅខេត្តព្រះសីហនុ។

ទី២ បង្កើនចំនួនជើងហោះហើរត្រង់ពីខេត្តជាំងស៊ូ- ក្រុងវូស៊ីទៅកាន់ខេត្តព្រះសីហនុ ឬមកខេត្តជាំងស៊ូវិញ ដើម្បីផ្តល់ឱកាសដល់អ្នកវិនិយោគ និងភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្ត ឬទៅបំពេញធុរកិច្ចនៅខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត។

ទី៣-ស្នើសុំជួយសាងសង់អគារសិក្សា ចំនួន១ខ្នង៣ជាន់ស្មើ ១៨បន្ទប់ នៅសាលាបឋមសិក្សា- អនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ ដើម្បីបំពេញតម្រូវការចាំបាច់ ក្នុងការសិក្សារបស់កូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងកូនចៅបងប្អូនកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

៤-ស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា សម្រាប់និស្សិតនៅខេត្តព្រះសីហនុ បានមកបន្តការសិក្សា នៅខេត្តជាំងស៊ូ។

ជាការឆ្លើយតប លោកស៊ឺ ឃុនលីន បានទទួលយកសំណើទាំង៤ចំណុចរបស់អភិបាលខេត្តព្រះសីហនុ។

បន្ថែមពីលើនេះទៀត លោកស៊ឺ ឃុនលីន អភិបាលខេត្តជាំងស៊ូ ក៏បានបញ្ជាក់ថា លោកបានណែនាំដល់មន្ទីរ ពាណិជ្ជកម្មខេត្តជាំងស៊ូ ឱ្យដឹកនាំប្រតិភូអ្នកវិនិយោគចិនចំនួន៥០ក្រុមហ៊ុន ទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីឱកាស វិនិយោគនៅខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះផងដែរ៕

វិភាគៈពេលវេលាដែលខ្មែរត្រូវរូបរួម និងផ្លាស់ប្តូរទស្សនវិទ្យារបស់ខ្លួន

0

ដោយៈ យិន លាងគង់

    ភ្នំពេញៈ កំដៅភ្លើងសង្រ្គាមជាមួយប្រទេសជិតខាង បាននិងកំពុងកើតមាន ហើយសង្រ្គាមនេះបានកើតមានឡើង ដោយសារកត្តាចិត្តសាស្រ្ត និងមនោគមវិជ្ជា ដែលមជ្ឈដ្ឋានអន្តរជាតិមើលឃើញថា “ដោយសារខ្មែរមិនទាន់ខ្លាំង ដែលអាចឲ្យជាតិសាសន៍នេះ ខ្លាចនៅឡើយ”។

ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា រយៈពេលប្រមាណ៤ទសវត្សរ៍ និងសម្តេចមហាបរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន បានធ្វើឲ្យគេមើលឃើញនូវអ្វីដែលជាព្រលឹង និងភាពខ្លាំងរបស់ខ្មែរចាប់បដិសន្ឋិ ក្នុងដួងព្រលឹងជាតិឡើងវិញបណ្តើរៗ។

អតីតកាល និងមេរៀនក្នុងប្រវត្តិសាស្រ្តជាតិ រយៈពេលជាង៥០០ឆ្នាំមកនេះ ខ្មែរបានបែកបាក់ និងចាញ់ឧបាយកលជាតិសាសន៍ជិតខាងមួយនេះ ក្នុងប្រវត្តិសាស្រ្តច្រំដែល និងដដែលៗ។

ជាក់ស្តែងនៅក្នុងសម័យលង្វែកខ្មែរចាញ់កល “សៀម” ដោយ​សារមានសង្ឃចារកម្មថៃ ដើរតួនាទីជាអ្នកសង្រ្គោះប្រជាជនខ្មែរ នៅទីបំផុតសង្ឃទាំង២អង្គ បានបញ្ចូនសារ ដើម្បីឲ្យកងទ័ពខ្មែរវាយចូលបន្ទាយលង្វែក។

ប្រវត្តិសាស្រ្តសម័យកាលជាច្រើនកន្លងមក ខ្មែរចាញ់ឧបាយកលសៀមនឹងជំនឿ “ពុទ្ឋសាសនា” ដូចជា ការប្រកាន់សច្ចៈធ៌ម ដែលពាក្យឬជំនឿលើសច្ចៈធ៌ម គេមិនប្រើប្រាស់លើសត្រូវនោះឡើយ។ រឿទាំងនោះមានសរសេរក្នុងរឿង “ហង្សយន្ត” ជាដើម។

នៅសតវត្សរ៍ទី២១នេះ សម័យកាលមុនកើតមានសង្រ្គាម នៅប្រាសាទព្រះវិហារឆ្នាំ២០០៨ ខ្មែរបានចាញ់កលពួកសៀមម្តងទៀត ដោយពួកគេប្រើប្រាស់ “ដូនជី និងសង្ឃ”ដើម្បីឈ្លានពាន ព្រោះគេមើលឃើញថា ខ្មែរជាជាតិសាសន៍ ដែលប្រកាន់ជំនឿបែបជ្រុលនិយម និងជឿលើអ្វីតាមសភាវគតិជាជាងប្រើសតិបញ្ញា។

ប្រព័ន្ឋជំនឿ “ចាញ់ជាព្រះ ឈ្នះជាមា” និងការលើកឡើងពីឋានសួគ៌ ឋាននរកច្រើនពេក និងការយកសាសនាធ្វើជារបរ ឬអាជីវកម្ម បាននិងកំពុងកើតមាន ក្នុងសន្តានចិត្តអ្នកពុទ្ឋនិយម ពុតត្បុតមួយចំនួន។

ខ្មែរគួរផ្លាស់ប្តូរទស្សនវិទ្យារបស់ខ្លួន

ការប្រកាន់ជំនឿ និងការបែកបាក់ជំនឿ បានធ្វើឲ្យអាណាចក្រចខ្មែរដួលរលំ ដោយសារហេតុមួយជាច្រើន ដូចជា ទី១ ការឈ្លានពានរបស់ប្រទេសជិតខាង ទី២ ការបែកបាក់សមគ្គីជាតិ ដោយសារតែជំនឿ និងការប្រកាន់យកភាពអញនិយម ទី៣ ការបែកបាក់ខាងជំនឿសាសនា ដែលជារឿងធំជាងគេ។

ជាក់ស្តែង ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មហាក្សត្រអង្គនេះបានផ្លាស់ប្តូរសាសនា ប្រាសចាកនូវជំនឿដើមរបស់ខ្លួន ដែលពីដើមមកដូនតាខ្មែរ “គោរពសាសនាព្រលឹង” និងព្រហ្មមញ្ញសាសនា ដែលសាសនាទាំងពីរនេះ រលាយចូលគ្នាបង្កើតបាននូវអ្វីហៅថា “ព្រលឹងខ្មែរ”ដ៏ខ្លាំងក្លាមួយ។

ខ្មែរបានចាប់ផ្តើមបែកបាក់ នៅពេលជំនឿដើមរបស់ពួកគេត្រូវបានគេមិនឲ្យតម្លៃ អ្នកសច្ចំ ព្រាហ្មណ៍ បរោហិត បានភៀសខ្លួនចេញពីរាជវាំង ដោយសារពួកគេដឹងថា មហានគរចាប់ផ្តើមស្រយុតហើយ។

ប៉ុន្តែគួរឲ្យសោកស្តាយ អ្នកប្រាជ្ញបារាំងក្តី អ្នកប្រាជ្ញខ្មែរក្តី មិនបានលើករឿងនេះ មកនិយាយនោះទេ ដោយសារពួកគេមិនផ្តោតលើមនោគមន៍វិទ្យាសាសនាថា មានភាពសំខាន់ ប៉ុន្តែការពិតប្រព័ន្ឋជំនឿមួយ អាចធ្វើឲ្យជាតិសាសន៍មួយធ្លាក់ក្នុងឱនភាព និងខ្លាំង។

ជំនឿក្លាយជាព្រលឹង

នៅពេលជាតិសាសន៍មួយ ដែលមិនសូវចាប់អារម្មណ៍លើការគិតពិចារណា មិនសូវចូលចិត្តរៀនសូត្រ នៅពេលពួកគេប្រកាន់ជំនឿអ្វីមួយ ដែលមានអាយុកាលលើសពី១០០ឆ្នាំ ជំនឿនោះបានក្លាយជាព្រលឹង ជាឈាមរបស់ពួកគេ។

ឧទាហរណ៍ជាក់ស្តែង “នៅពេលស្រ្តីពរផ្ទៃទារក” នៅក្នុងពោះ ចូលចិត្តមើលសិល្បៈ ការរាំច្រៀង ទារកនោះកើតមក ពួកគេនឹងមានទេពកោសល្យខាងការរាំច្រៀង” បើទោះបីឪពុកម្តាយពួកគេមិនសូវមានទេពកោសល្យខាងរាំច្រៀងក្តី។

ឧទាហរហ៍សាមញ្ញមួយទៀត “នៅពេលម្តាយមានផ្ទៃពោះ បានដាក់បាត្រលោកសង្ឃជាប្រចាំ” នៅពេលកូនរបស់ពួកគេកើតមក អា​យុ មិនទាន់បានមួយខួបស្រួលបួលផង ទារកនោះអាចដើរតេសតះ យកលុយឬនំចំណី ប្រគេនសង្ឃដោយស្វ័យប្រវត្តិ។

នេះជាមូលដ្ឋានបែបវិទ្យាសាស្រ្តមួយ ដែលមិនអាចប្រកែកបាន ដែលទិដ្ឋភាពបែបនេះ បានកើតមានក្នុងបរិបទសង្គមកម្ពុជា រាប់រយឆ្នាំមកហើយ ប៉ុន្តែប្រជាជាតិនេះមិនបានយកចិត្តទុកដាក់ ឬភ្លេចពិចារ​ណាលើទិដ្ឋភាពសង្គមមួយនេះ។

តើអ្វីជាមូលដ្ឋានវិទ្យាសាស្រ្ត? ហេតុផលគឺដោយសារពេលនៅក្នុងផ្ទៃ ចាប់ពីអាយុ៣ខែឡើង ពួកគេមានវិញ្ញាណរួចទៅហើយ ពួកគេអាចស្តាប់លឺ និងមានអារម្មណ៍ជិតស្និទ្ឋនឹងទិដ្ឋភាព សកម្មភាព ដែលម្តាយរបស់ពួកគេប្រព្រឹត្តប្រចាំថ្ងៃ។

សុំសន្តិភាពពីសត្រូវ?

និយាយពីញាតិជិតខាងកម្ពុជា ដែលជាជនជាតិថៃ ពួកគេមិនដែលឲ្យតម្លៃ និងគោរពខ្មែរនោះទេ បើទោះបីប្រវត្តិសាស្រ្តពួកគេទាំងអក្សរសាស្រ្ត សំនៀងភាសានិយាយដូចខ្មែរ និងទទួលឥទ្ឋិពលលើវិស័យវប្បធ៌ម និងសាសនាពីខ្មែរក្តី។

ជាតិសាសន៍មួយ ដែលមានចរិកបែបអេលីត និងត្រូវបានប្រជាជាតិជុំវិញ ភូមិផងរបងជាមួយ មិនសូវចូលចិត្តនេះ ពួកគេតែងតែចិញ្ចឹមចិត្តឈ្លានពាន និងលេបទឹកដីកម្ពុជាមិនចប់ មិនហើយ ដោយ​សារពួកគេមើលឃើញនូវអ្វីដែលខ្មែរមាន ទី១ កម្ពុជាមានសេដ្ឋកិច្ចអន់ថយជាងពួកគេ មានអាវុធយុទ្ឋ  ភ័ណ្ឌទំនើបជាងខ្មែរ ទី៣ មានប្រជាជនតិចជាងពួកគេ ទី៤ ជនជាតិខ្មែរ ពួកគេមើលឃើញនូវភាពទន់ជ្រាយ ពីខាងក្នុងនិងបែកបាក់ ទី៥ មានមូលដ្ឋានកងទ័ព និងចំនួនកងទ័ពតិចជាងពួកគេ។

ដូច្នេះ ការ “សុំសន្តិភាព”ពីពួកគេមិនត្រូវបានសន្តោស ផ្ទុយទៅវិញពួកគេកាន់តែមើលស្រាលខ្មែរកាន់តែខ្លាំង។ ហេតុនេះប្រជាជាតិខ្មែរ គួរប្រកាន់យកពាក្យ “យើងត្រូវការសន្តិភាព និងយើងត្រៀមខ្លួនដើម្បីប្រយុទ្ឋគ្រប់ពេល” ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណៈភាពទឹកដីខ្មែរ។

បើខ្មែរង់ចាំតែទប់ទល់ជាមួយសត្រូវ ដោយមិនវាយបកទាំង(ចិត្តសាស្រ្ត និងកំលាំង) ប្រៀបដូចជា អ្នកប្រដាល់ម្នាក់ឡើងរេញ លើកដៃការពាររហូត ខណៈកីឡាករម្នាក់ទៀត បានវាយសន្ឋាប់មកលើកីឡាកររូបនោះ ទោះបីតិចឬច្រើននឹងឈឺ បែកឈាម និងសន្លប់នៅក្នុងទឹកណាមួយ។

ប្រកាន់យកទស្សនបែបពួកជ្វីស ឬទស្សនខខ្មែរសម័យមហានគរ

ជាតិសាសន៍មួយដែលខ្លាំងពិតប្រាកដ “ពួកគេត្រូវមានទស្សនវិទ្យាខ្លាំង និងមានសាមគ្គីភាពជាតិជាធ្លុងមួយ” (មិនលើកឡើងពីសេដ្ឋកិច្ចនៅឡើយ) ប៉ុន្តែការរីកចម្រើនសេដ្ឋកិច្ចខ្ពស់ ក៏ផ្តល់តុល្យភាពផ្នែកផ្លូវចិត្ត និងអារម្មណ៍នៃមនសិកាស្នេហាជាតិផងដែរ។

“ជនជាតិជ្វីស” ជាជនជាតិពួកែរៀនសូត្រ និងអានសៀវភៅជាប់ជាប្រចាំ ហើយសៀវភៅបានក្លាយជាជំនូន ឬកាដូដ៏មានតម្លៃរបស់ជាតិសាសន៍របស់ពួកគេ ដែលជនជាតិនេះមានពាក្យស្លោកមួយ លើកឡើងថា “ជនជាតិណា អាចទិញទឹកចិត្តជនជាតិរបស់ខ្លួនបាន ពួកគេនឹងប្រគល់ប្រទេសពួកគេដល់អ្នកនោះ”។

ខ្មែរសម័យមហានគរខ្លាំង ដោយសារ “ការរួបរួម” កងទ័ពខ្លាំង មានវិន័យ មានជំនឿលើអំណាចប្រមូលផ្តុំ ពួកគេឲ្យតម្លៃព្រះមហាក្ស​ត្រជា “អាទិទេព” ដែលព្រះមហាក្សត្រត្រូវការ ពួកគេនឹងស៊ូស្លាប់ដើម្បីជាតិ មាតុភូមិ។

“ជនណាហ៊ានធ្វើបាបខ្មែរ ពួកគេនឹងសងសឹក និងវាយកម្ទេច”ត្រលប់វិញ ជាជាងការឲ្យអភ័យឬប្រកាន់យកពាក្យ “ចាញ់ជាព្រះ ឈ្នះជាមារ” ឬពៀរ រំងាប់ដោយការមិនចងពៀរ ដែលទស្សនវិទ្យាចុងក្រោយនេះ បានធ្វើឲ្យខ្មែរខ្សោយតជំនាន់។

ជាក់ស្តែង ក្នុងប្រវត្តិសាស្រ្តជិត១០០០ឆ្នាំមកនេះ ខ្មែរមិនសល់អ្វីក្រៅពីសោកនាដកម្ម ការបែកបាក់ជាតិ និងរួញទឹកដី ស្ទើរតែបាត់បង់ពីផែនទីពិភពលោក នៅចុងសតវត្សរ៍ទី១៨។

តើគួរគោរពនូវការផ្លាស់ប្តូររបស់ប្រជាជាតិឬទេ?

ភ្លេង និងបទចម្រៀងគោរពទង់ជាតិ “ជាព្រលឹង” អរូបិយ ដែលអាចស្ថិតនៅជាប់ ក្នុងស្មារតីរបស់ប្រជាជាតិ ដែលបច្ចុប្បន្នភ្លេងជាតិមួយកាលពីអតិតកាល ត្រូវបានជាតិសាសន៍នេះគោរព ចូលចិត្ត និងឲ្យតម្លៃដោយមិនដឹងខ្លួនរួចទៅហើយ។

ជាក់ស្តែងនៅពេលកុមារ ចូលសាលារៀនពីកម្រិតមតេយ្យសិក្សា ដល់មហាវិទ្យល័យ និងការគោរពទង់ជាតិ នៅតាមស្ថាប័នក្រសួងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រជាជាតិនេះ ត្រូវតែច្រៀងភ្លងគោរពទង់ជាតិ មុនចូលធ្វើការ ដែលការះនុវត្តន៍នេះ គួរធ្វើឡើងជាប្រចាំទាំងនៅស្ថាប័នរដ្ឋ និងវិស័យឯកជន។

បទចម្រៀងគោរពទង់ជាតិនាពេលបច្ចុប្បន្ន “មិនមែនមិនមានអត្ថន័យគ្រប់គ្រាន់ទេ” តែជាភ្លេងនិងចម្រៀងជាតិមួយ ដែលមិនទាន់បានបង្ហាញពីស្មារតីរ៉ឹងមាំ របស់ប្រជាជាតិនេះនៅឡើយទេ។

ផ្ទុយទៅវិញបទចម្រៀង “ដែនដីខ្មែរ” ត្រូវបានសាលារៀន ស្ថាប័នថ្នាក់ជាតិ និងក្រុមកងយោធពលខេមរៈភូមិន្ទ បានយកទៅច្រៀង ដើម្បីដាស់ស្មារតីរបស់ពួកគេរួចទៅហើយ ពួកគេទទួលយកដោយពេញចិត្តរួចទៅហើយ ។ ពិសសនៅពេលពួកគេច្រៀងចម្រៀងនេះ ពួកគេមានស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី ជាតិ មាតុភូមិយ៉ាងជ្រាលជ្រៅ។

អាស្រ័យហេតុនេះ សូមសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បច្ចុ​ប្បន្នមេត្តា ពិចារណាក្នុងការផ្លាស់ប្តូរភ្លេងជាតិថ្មី ប្រសិនជាអាច ដើម្បីកសាងស្មារតីខ្មែរ ព្រលឹងខ្មែរ ព្រលឹងនៃមហាអាជាចក្រអង្គរឡើងវិញ៕