ការស្នាក់នៅផ្ទះ Penthouse ក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន២នៅទីក្រុងឡុងដិ៍មានតម្លៃខ្ពស់កប់ពពកសឹងមិនគួរឱ្យជឿ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែតអាមេរិក CNN បានចុះផ្សាយថា អគារសណ្ឋាគារលំដាប់ផ្កាយ៥ ឈ្មោះ Mandarin Oriental Mayfair ដែលបានបើកដំណើរការកាលពីមួយឆ្នាំមុននៅតំបន់ Hanover Square ក្នុងរាជធានីឡុងដិ៍របស់អង់គ្លេសមានតម្លៃស្នាក់នៅខ្ពស់កប់ពពកស្ទើរមិនគួរឱ្យជឿ។

អគារ Mandarin Oriental Mayfair ទើបតែបានបើកដំណើរការផ្ទះប្រភេទ Penthouse ថ្មីនៅជាន់ទី១១នៃអគាររបស់ខ្លួន ដោយមានទំហំជាង៥.០០០ហ្វីតការ៉េ។ផ្ទះ Penthouse ជាអចលនទ្រព្យប្រណីតលំដាប់កំពូល។

ការស្នាក់នៅផ្ទះដ៏ប្រណីតនេះមានតម្លៃចាប់ពី៤០.០០០ផោនក្នុងមួយយប់ ឬស្មើនឹង៥៤.២១០ដុល្លារអាមេរិក។ យោងតាមការប្រៀបធៀបបង្ហាញថា គ្រាន់តែការស្នាក់នៅចំនួនមួយយប់នៅសណ្ឋាគារ Mandarin Oriental Mayfair មានតម្លៃស្មើនឹងការស្នាក់នៅរយៈពេលជិត១៥ខែនៅសណ្ឋាគារ Travelodge នៅតំបន់ Marylebone។

ផ្ទះ Penthouse ថ្មីនេះជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីតាំងស្នាក់នៅដ៏ប្រណីតបំផុតក្នុងទីក្រុងឡុងដ៍សម្រាប់ភាពសំបូរបែប រួមជាមួយឈុតលំដាប់កំពូលដូចជាឈុត Royal Suite មានបន្ទប់គេងចំនួន៧ និងឈុត Manor House Wing មានបន្ទប់គេងចំនួន៦។

ទោះជាយ៉ាងណាក្តី តំណែងលេខ១ បានទៅលើសណ្ឋាគារ Claridge’s ដែលមានតម្លៃស្នាក់នៅផ្ទះ Penthouse ចំនួន៦០.០០០ផោនក្នុងមួយយប់(ប្រហែល៨១.៤៩០ដុល្លារអាមេរិក) ដែលបានបើកដំណើរការនៅលើដំបូលនៃសណ្ឋាគារមានអាយុកាល១៦៩ឆ្នាំមួយនេះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។

ផ្ទះ Penthouse នៅសណ្ឋាគារលំដាប់ផ្កាយ៥ ដ៏ចំណាស់មួយនេះមានទំហំ១១.៨៤០ហ្វីតការ៉េ និងមានបន្ទប់គេងចំនួន៤ សួនច្បារឯកជន និងអាងហែលទឹក ទិដ្ឋភាព៣៦០ដឺក្រេនៃទីក្រុងឡុងដ៍ ព្យាណូ Steinway និងការដាក់តាំងបង្ហាញស្នាដៃផ្នែកសិល្បៈឯកជនរបស់វិចិត្រករជនជាតិអង់គ្លេសដ៏ល្បីល្បាញលោក Damien Hirst៕

ទីក្រុងតូក្យូវ៉ាដាច់ទីក្រុងញូវយ៉ក ដោយស្រូបទាញទុនវិនិយោគអចលនទ្រព្យចំនួន១១ពាន់លានដុល្លារ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Jones Lang LaSalle (JLL) បានឱ្យដឹងថា វិស័យ​អចលន​ទ្រព្យ​របស់​ប្រទេស​ជប៉ុន​បាន​ឈាន​ដល់​ចំណុច​សំខាន់​មួយ ខណៈទីក្រុងតូក្យូបានទាក់ទាញការវិនិយោគអចលនទ្រព្យក្នុងទំហំទឹកប្រាក់ចំនួន១១ពាន់លានដុល្លារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥។

តួលេខខាងលើនេះបានវ៉ាដាច់ទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ដែលទាក់ទាញបានការវិនិយោគអចលនទ្រព្យក្នុងទំហំទឹកប្រាក់ចំនួន៧,៣ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នា។

យោងតាមតួលេខផ្លូវការបានបង្ហាញថា ការវិនិយោគអចលនទ្រព្យទូទាំងប្រទេសជប៉ុនបានហក់ឡើង២៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈបណ្តាក្រុមហ៊ុនមូលធនបរទេសកំពុងស្វែងរកឱកាស ដោយសារអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលជប៉ុនមានកម្រិតទាប។

បណ្តាវិនិយោគិនបរទេសបានបង្កើនទុនវិនិយោគរបស់ពួកគេទ្វេរដងនៅក្នុងប្រទេសជប៉ុន។ ក្នុងនោះ មូលធនឆ្លងដែនមានចំនួន៣២ភាគរយនៃការវិនិយោគអចលនទ្រព្យសរុបរបស់ទីក្រុងតូក្យូ។
ទីផ្សារការិយាល័យបាននាំមុខគេ ដោយបង្កើតបានចំណែកដ៏ធំបំផុតនៃកិច្ចព្រមព្រៀង ខណៈផ្នែកលក់រាយ និងសណ្ឋាគារក៏សម្រេចបានកំណើននៃការវិនិយោគគួរឱ្យកត់សម្គាល់ផងដែរ។

ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បទប្បញ្ញត្តិប្រកបដោយតម្លាភាព និងការបើកចំហចំពោះភាពជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យដល់បរទេសបានជួយធ្វើឱ្យប្រទេសជប៉ុនក្លាយជាទីផ្សារអចលនទ្រព្យដ៏ទាក់ទាញមួយទាំងក្នុងតំបន់ និងពិភពលោក។

ម្យ៉ាងទៀត ការដាំក្បាលចុះនៃប្រាក់យ៉េនរបស់ជប៉ុនបានជំរុញអំណាចនៃការទិញពីបរទេស ខណៈកម្រិតអត្រាការប្រាក់ទាបរបស់ធនាគារកណ្តាលជប៉ុនបានកាត់បន្ថយការចំណាយលើការខ្ចីប្រាក់។ រដ្ឋាភិបាលជប៉ុនក៏បានបន្ធូរបន្ថយច្បាប់ទិដ្ឋាការ និងផ្តល់ការលើកទឹកចិត្តផ្សេងៗដើម្បីទាក់ទាញអ្នកវិនិយោគអន្តរជាតិ។

កិច្ចព្រមព្រៀងទិញយកអចលនទ្រព្យធំៗ ដូចជា ការទិញយកអគារ Tokyo Garden Terrace Kioicho ដោយក្រុមហ៊ុន Blackstone បានបង្ហាញពីនិន្នាការខាងលើនេះ។ ការកើនឡើងនៃវិស័យទេសចរណ៍ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ ដោយជួយជំរុញឱ្យតម្រូវការសណ្ឋាគារ និងការជួលរយៈពេលខ្លីកើនឡើង៕

ក្រសួងរៀបចំរត់ប្រណាំងឆ្លងកាត់ឧបសគ្គនៅរមណីយដ្ឋាន ប្រាសាទសំបូរព្រៃគុក

0

ដោយៈ ម៉ាណា

    កំពង់ធំៈ ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Sambor Prei Kuk Trail 2025) នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក​។

ការរត់ប្រណាំងនេះ ស្ថិតនៅលើចម្ងាយផ្លូវមានចម្ងាយ៨គីឡូម៉ែ​ត្រ ១៦គីឡូម៉ែត្រ និង៣២គីឡូម៉ែត្រ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាឧបសគ្គកម្ពុជា។ ព្រឹត្តិការណ៍កីឡានេះ មានការចូលរួមពីមន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្ស​ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ សរុបប្រមាណ៣០០នាក់។

កម្មវិធីនេះរៀបចំឡើងវេលាម៉ោង៥:៣០នាទីព្រឹក ក្នុងគោលបំណង ដើម្បីបំផុសឱ្យប្រជាពលរដ្ឋ ចូលរួមលេងកីឡាដើម្បីសុខភាព ផ្សារភ្ជាប់នឹងការស្រឡាញ់បរិស្ថានធម្មជាតិ ទេសចរណ៍ មិត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ឧបសគ្គ។

កម្មវិធីក៏មានការផ្តល់ជាមេដាយកិត្តិយស ទុកជាវត្ថុអនុស្សាវរីយ៍សម្រាប់កីឡាករ កីឡាការិនីដែលបានចូលរួមទាំងអស់គ្នា៕

ក្រុមហ៊ុនអចលនទ្រព្យយក្សរបស់សិង្ហបុរីធំមួយកំពុងជាប់ផុង ក្នុងអន្ទាក់បំណុល

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សសិង្ហបុរី City Developments Ltd. បានសម្រេចដាក់លក់ភាគហ៊ុនភាគច្រើនរបស់ខ្លួន នៅក្នុងអគារការិយាល័យ ដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសសិង្ហបុរី។ នេះបើយោងតាមប្រភពដែលដឹងអំពីបញ្ហានេះ។

ការសម្រេចចិត្តនេះបានធ្វើឡើង ខណៈដែលអ្នកអភិវឌ្ឍន៍ខ្នាតយក្សមួយនេះ កំពុងព្យាយាមកាត់បន្ថយបំណុល និងស្តារនូវទំនុកចិត្តរបស់បណ្តាអ្នកវិនិយោគឡើងវិញ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យCDL គ្រោងលក់ភាគហ៊ុនចំនួន៥០,១ភាគរយរបស់ខ្លួននៅក្នុងអគារ South Beach ទៅឱ្យក្រុមហ៊ុន IOI Properties Group Bhd ដែលជាម្ចាស់ភាគហ៊ុនមួយផ្នែកតូចក្នុងអគារការិយាល័យនេះ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យម៉ាឡេស៊ី IOI Properties Group នឹងមានកម្មសិទ្ធិពេញលេញ បន្ទាប់ពីកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា។ កិច្ច​ព្រម​ព្រៀង​នេះ​ធ្វើឱ្យអគារ​ South Beach មានតម្លៃប្រមាណ២,៧៥ពាន់​លាន​ដុល្លារ។

អគារSouth Beach មានទីតាំងនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល(CBD)របស់ប្រទេសសិង្ហបុរី រួមមាន ហាងលក់រាយ ការិយាល័យ៣៤ជាន់ និងសណ្ឋាគារ JW Marriott កំពស់៤៥ជាន់។

ការទិញយកភាគហ៊ុនពីក្រុមហ៊ុនCDL  នឹងបង្កើនវត្តមានរបស់ក្រុមហ៊ុនអចលនទ្រព្យម៉ាឡេស៊ីIOI នៅក្នុងប្រទេសសិង្ហបុរី ជាមួយនឹងការអភិវឌ្ឍន៍លំនៅដ្ឋាន ក៏ដូចជាគម្រោងអគារការិយាល័យ IOI Central Boulevard Towers ដែលទើបនឹងបើកថ្មីនៅចំកណ្តាលទីក្រុងសិង្ហបុរី៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣២៧,៥៨ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃចន្ទម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៦៣ភាគរយដល់ត្រឹម៣៣០៦,៥៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៨៤ភាគរយដល់៣៣២៦,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២០នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនានេះ។

ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបជាមួយនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៩,១៩ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៩៤ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ៕

កម្ពុជារកចំណូលបានជាង៣៦០០លានដុល្លារពីការនាំចេញទៅកាន់ប្រទេសជាសមាជិក RCEP

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ​កម្ពុជារកបានប្រាក់ចំណូល បានចំនួន៣៦០០លានដុល្លារ​ទៅ​បណ្តា​​ប្រទេសជា​​សមាជិក នៃ​​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP) នារយៈពេល៤ខែ​ដើមឆ្នាំ២០២៥នេះ កើនឡើងជិត៨ភាគរយធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន។

RCEP គឺ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​​ (FTA) ដែល​​ផ្តួច​ផ្តើមឡើង​ដោយប្រទេស​​​សមាជិ​ក​​អាស៊ានទាំង១០។ បច្ចុប្បន្ន RCEP មាន​សមាជិក​ចំនួន១៥ប្រទេស ក្នុង​នោះ​១០​ប្រទេស គឺ​ជា​​សមាជិក​អាស៊ាន ​និង​ចំនួន​ ៥ ផ្សេង​ទៀត​រួម​មាន​ ប្រទេស​ចិន ជប៉ុន ​កូរ៉េ​ខាង​ត្បូង​ អូស្ត្រាលី និង​​នូវែល​សេឡង់។

យោងតាមទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម ​បាន​បង្ហាញ​ថា ចន្លោះ​ពី​​ខែ​មករា -​មេសា​ ឆ្នាំ​២០២៥ កម្ពុជា​បាន​នាំ​​ទំនិញ​ទៅ​ទីផ្សារ​​បណ្តា​ប្រទេស​​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង RCEP ក្នុង​ទឹក​ប្រាក់​ជិត​៣,​៦២​​ពាន់​លាន​ដុល្លារ​ កើន​ឡើង៧,៦​ភាគ​រយ ​បើធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៤។ ប្រទេស​សមាជិក RCEP ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើន​ជាង​គេ រួម​មាន វៀតណាម ចិន ជប៉ុន ថៃ និង​កូរ៉េខាងត្បូង។

ទន្ទឹមនឹង​ការ​​នាំ​ចេញខាងលើ​ កម្ពុជា​ក៏​បាន​នាំ​ចូល​ទំនិញ​ពី​បណ្តា​ប្រទេស​នៃ​​កិច្ច​ប្រម​ព្រៀងRCEP ក្នុង​ទឹក​ប្រាក់​ប្រមាណ៩,​៣១ពាន់លានដុល្លារ កើនឡើង១៨,៨៥​ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ ដែលមាន៦,៨៣ពាន់លានដុល្លារ។ នេះ​បើ​​តាម​ក្រសួងពាណិជ្ជកម្ម​។​​

ផ្អែក​តាម​​ទិន្នន័យ​​ខាង​លើ ​គឺរយៈពេល៤ខែដើម​ឆ្នាំ ​២០២៥ ​ការ​នាំចេញ នាំចូល​ទំនិញ​​រវាង​កម្ពុជា​ ជា​មួយ​​ប្រទេស​សមា​ជិក​ RCEP មាន​ទឹក​ប្រាក់​សរុប១២,៩៣ ពាន់​លាន​ដុល្លារ​ កើន១៥,​៤៧ភាគរយ ឬស្មើ​​ ៦៦​ភាគរយ​នៃទំហំពាណិជ្ជកម្មអន្តរជាតិ របស់កម្ពុជា​​រយៈ​ពេល ៤​ខែ ដែលមាន១៩,៥ពាន់លានដុល្លារ​។​

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ បានមានប្រសាសន៍ថា ទោះចំនួន​ទឹក​ប្រាក់​​នាំ​ចេញ​ទំនិញ​​កម្ពុជា ​ទៅ​បណ្តា​ប្រទេស​ RECP ​កើន​ឡើងជា​បន្ត​បន្ទាប់ក្នុង​រយៈ​ពេល​ ២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​បើ​ធៀប​​នឹងចំនួន​ទឹក​ប្រាក់​នាំ​ទំនិញ ​ទៅ​​ទីផ្សារ​ប្រទេស​នៅ​អាមេរិក​ខាង​ជើង (សហរដ្ឋ​អាមេរិក-កាណាដា) និង​សហគមន៍​អឺរ៉ុប គឺ​នៅ​មាន​បរិមាណ​តិចតួច​​​នៅ​ឡើយ​។

លោកបន្តថា មូល​ហេតុ​ដែល​ការ​នាំ​ចេញ​ទៅ RCEP មាន​ចំនួន​តិច គឺ​ដោយ​សារ​​មុខទំនិញ​របស់​បណ្តា​ប្រទេស ​ក្នុង​តំបន់អាស៊ាន​ទាំង ១០ ប្រហាក់​ប្រហែល​គ្នា​”។

លោក​បន្ត​ថា កម្ពុជា​អាច​​ពង្រីក​ការ​នាំ​ចេញ​ទៅ​នានា ​លើ​ពិភពលោក ជា​ពិសេស​​RCEP បានកាន់​តែ​ច្រើន ប្រសិន​បើ​​អាច​ទាក់​ទាញ​វិនិយោគិន​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់ ​លើ​រោងចក្រ​ផលិត​គ្រឿង​បង្គុំ ដំឡើង​រថយន្ត ផលិត​បន្ទះឈីប ឬ​គ្រឿង​យន្ត​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើបៗ ខណៈ​នៅ​ពេល​នេះ​​ផលិត​ផល​ឧស្សាហកម្ម​នាំ​ចេញ​របស់​កម្ពុជា មាន​ភាគ​​ច្រើនស្ថិត​ក្នុង​វិស័យ​​វាយនភណ្ឌ​ តែ​ប៉ុណ្ណោះ។

ចំណែកអ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម ​លោក ប៉ែន សុវិជាតិ បាននិយាយ​ថា បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង RCEP ​ចូល​ជា​ធរមានកាល​ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២២(ដំណាលគ្នាជា​មួយ​​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន) វា​បាន​នាំ​មក​នូវ​ផល​វិជ្ជមាន​ជា​ច្រើន ​សម្រាប់​ទីផ្សារ​នាំ​ចេញ​​​កម្ពុជា។ កិច្ច​ព្រម​ព្រៀងRCEP បាន​អត្ថ​ប្រយោជន៍​ដល​​ប្រទេស​ហត្ថលេខី​ទាំង​អស់ ​នូវ​ការ​​អនុ​គ្រោះ​ពន្ធ​លើ​ទំនិញ​ផ្សេងៗ ការ​ផ្ទេរ​បច្ចេក​វិទ្យា ការ​អភិវឌ្ឍ​សមត្ថភាពធនធាន​មនុស្ស​ និង​ឱកាស​ការងា​រ​​ដែល​ជំរុញ​ដោយ​ការ​វិនិ​យោគ​ផ្ទាល់​ពី​បរទេស​(FDI)។

លោក​ថ្លែងបញ្ជាក់ថា​ “​ការ​ចូល​ជា​ធរមាន​របស់​កិច្ច​ព្រម​ព្រៀង​RCEP នៅ​ឆ្នាំ​២០២២ បាន​ក្លាយ​ជា​កត្តា​ជំរុញ​ថ្មី​មួយ ​សម្រាប់​កំណើន​ការ​នាំ​ចេញ​រយៈ​ពេល​វែង​របស់​កម្ពុជា ខណៈ​ស្ថិត​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ វា​បាន​ជួយ​​​កាត់​បន្ថយ​ពន្ធ​មួយ​ចំនួន ​ដែល​អាច​ឱ្យ​កម្ពុជា​ទាញ​យក​ឱកាស​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​​ទំនិញ”៕

 

តើអ្នកណាជាមហាសេដ្ឋីអចលនទ្រព្យលំដាប់លេខ១នៅឥណ្ឌូ នេស៊ីក្នុងឆ្នាំនេះ?

0

ដោយៈ ម៉ាល័យ

    ឥណ្ឌូនេស៊ីៈ ​អ្នក​មាន​បំផុត​ក្នុង​វិស័យ​អចលន​ទ្រព្យ​ របស់​ប្រទេស​ឥណ្ឌូណេស៊ី​សព្វថ្ងៃ ជាពិសេស​គឺ​ទៅ​លើ​គ្រួសារ Ciputra ស្ថាបនិក Ciputra Group និង Ciputra Development។

ពួកគេគឺជាគ្រួសារដែលផ្តោត លើអចលនទ្រព្យដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ1.7 ពាន់លានដុល្លារគិតត្រឹមចុងឆ្នាំ2024។

នៅពេលក្រឡេកមើលអាណាចក្រអាជីវកម្ម ពួកគេមានអាជីវកម្មជាច្រើន ដែលពួកគេបានវិនិយោគ ហើយអចលនទ្រព្យគឺជាផ្នែកសំខា​ន់មួយ ប៉ុន្តែមិនមែនជាការផ្តោតអារម្មណ៍ តែមួយគត់នោះទេ គ្រួសារផ្សេងទៀតលើសពីតួលេខនេះឆ្ងាយណាស់។

បងប្អូនប្រុសHartono (ម្ចាស់ក្រុមហ៊ុន Djarum, Bank BCA, ការកាន់កាប់អចលនទ្រព្យដូចជា Grand Indonesia និងច្រើនទៀត) បានឈរនៅលំដាប់កំពូលក្នុងបញ្ជីទស្សនាវដ្តី Forbes របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានទឹកប្រាក់ប្រហែល៥០ពាន់លានដុល្លារ ប៉ុន្តែពួកគេមិនមែនជាអ្នកអភិវឌ្ឍន៍ អចលនទ្រព្យសុទ្ធសាធនោះទេ។

  • ក្រុម Lippo ដែលបង្កើតឡើងដោយគ្រួសារRiady មានទ្រព្យសកម្ម $15billion+ ដែលភាគច្រើន បានមកពីអចលនទ្រព្យ និងការលក់រាយ ដែលធ្វើឲ្យពួកគេមានទម្ងន់ធ្ងន់មួយទៀត នៅក្នុងអចលនទ្រព្យ រួមជាមួយនឹងប្រតិបត្តិការចម្រុះ។
  • Alexander Tedja ស្ថាបនិកPakuwon Jati បានសាងទ្រព្យសម្បត្តិរបស់គាត់ (ប្រហែល$1.3billion) តាមរយៈការអភិវឌ្ឍន៍ផ្សារទំនើប និង superblock នៅ Surabaya និង Jakarta៕

រដ្ឋមន្រ្តីដែនដីគ្រោងសហការជាមួយក្រសួងការងារដើម្បីបង្កើតមជ្ឈមណ្ឌលប្រជាជនផ្តល់សេវា “គាប់ចិត្ត”ដល់ប្រជាពលរដ្ឋ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់គ្រោងបង្កើត “មជ្ឈមណ្ឌលប្រជាជន”ដើម្បីផ្តល់សេវាកម្មគាប់ចិត្តដល់ប្រជាពលរដ្ឋ។

លោកបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីមួយ ដែលរៀបចំធ្វើនៅវិមាន៧ មករាថា លោកគ្រោងសហការជាមួយក្រសួងការងារ ដើម្បីបើកមជ្ឈមណ្ឌលប្រជាពលរដ្ឋ នៅតាមផ្សារទំនើបដូចជា ផ្សារអ៊ីអ​ន​ម៉ល ដែលមានមនុស្សទៅកំសាន្តច្រើន។

លោកបញ្ជាក់ថា “បច្ចុប្បន្នក្រសួងកំពុងរៀបចំប្រព័ន្ឋសេវាកម្ម​ “គាប់ចិត្ត”លើសេវាកម្មចំនួនជាង៤០០ ដើម្បីដាក់លើប្រព័ន្ឋអនឡាញ​ដើម្បីជួយសម្រួលការងារជាមួយប្រជាពលរដ្ឋ”។លោកបន្ថែមថា “ក្រសួងបានរៀបចំសេវាកម្មគាប់ចិត្ត ដើម្បីឲ្យប្រជាពលរដ្ឋសប្បាយ​ចិត្ត ព្រោះ​គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនចាត់ទុកប្រជា​ពល​រដ្ឋ​ជា​សត្រូវទេ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ បានសប្បាយចិត្ត និង​ប្រាក់ចំណូលកើនឡើង”។

លោកបន្តទៀតថា ការងាររបស់ក្រសួងបាននិងកំពុងធ្វើ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបញ្ចប់នូវជម្លោះដីធ្លី ដែលបច្ចុប្បន្ននៅមានករណីជមម្លោះជាង២០០ទៀត មិនទាន់បានបញ្ចប់ ដែលក្រសួងនឹងបញ្ចប់នាពេលខាងមុខ៕

រដ្ឋមន្រ្តីទេសចរណ៍ស្នើក្រុមហ៊ុនAsiana Airlinesពង្រីកជើងហោះហើរទៅកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ

0

ដោយៈ គង់ សូរិយា

ប្រទេសកូរ៉េៈ រដ្ឋមន្រ្តីទេសចរណ៍លោកហួត ហាក់ បានអនុញ្ញាតជូនលោក Park Jongman អគ្គនាយករងប្រតិបត្តិ និងជាប្រធានផ្នែកកិច្ចការអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ  ​នៅពន្លារបស់ក្រសួងទេសចរណ៍។

លោករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរូមចំណែក របស់ក្រុមហ៊ុនលើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងអ្នកទេសចរតាមផ្លូវអាកាសរវាងកម្ពុជា និងកូរ៉េ ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់រហូតមក និងស្នើសុំបន្តជួយ ព្រមទាំងស្នើពិនិត្យលទ្ធភាព ពង្រីកបន្ថែមទៀតតាមរយៈការហោះហើរត្រង់ និងជាប្រចាំមកខេត្តសៀមរាប និងខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់ប្រជាជន និងវិនិយោគិនកូរ៉េ និងអន្តរជាតិដែលធ្វើដំណើរមកប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត៕

រដ្ឋមន្រ្តីទេសចរណ៍ៈកត្តាសុខសន្តិភាព សុវត្ថិភាពសង្គមជាកត្តាក្នុងការទាក់ទាញការវិនិយោគពីអន្តរជាតិមកកម្ពុជា

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានលើកឡើងថា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម ការរីកចំរើនដ៏ឆាប់រហ័ស និងគោលនយោបាយលើកទឹករបស់រាជរដ្ឋាភិបាលកម្ពុជា បានកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើង។

លោកលើកឡើងបែបនេះ ក្នុងពេលបានអនុញ្ញាតជូនលោក ឈិន រតនា កវីនិពន្ធ និងជាប្រធានយុវជនប្រចាំទីក្រុងរិនតុន រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍កម្ពុជា ព្រមទាំងប្រគល់ជូនសៀវភៅ TRAVEL EXPLORATION OF CAMBODIA ដែលសៀវភៅនេះ ផ្តោតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងទនៀមទំលាប់ប្រពៃណី ព្រមទាំងការអភិវឌ្ឍរបស់វិស័យទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក។

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងផ្លែផ្កានេះ លោករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម ចងក្រងនូវសៀវភៅដ៏មានសារៈសំខាន់ពាក់ព័ន្ធនឹងវិស័យទេសចរណ៍កម្ពុជានេះ ដែលពិតជាកម្លាំងចលករដ៏សំខា​ន់ក្នុងការជួយផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា ទៅកាន់ពិភពលោក។

ជាមួយគ្នានេះដែរ លោកប្រធានយុវជន ក៏បានសន្យានឹងជួយសហការផ្សព្វផ្សាយ ពីសភាពការណ៍ពិតដូច ដែលក្រុមការងារបានមកដល់ និងឃើញជាក់ស្តែងថាកម្ពុជា ជាប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមល្អប្រសើរ និងមានការអភិ​វឌ្ឍលើគ្រប់វិស័យ ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ការស្នាក់នៅប្រកបដោយផាសុកភាព ម្ហូបអាហារដ៏មានឱជារស ការកំសាន្តសម្បូរបែប ដែលជំរុញឱ្យភ្ញៀវទេសចរអន្តរជាតិ ក្នុងនោះប្រជាពលរដ្ឋអាមេរិក អញ្ជើញមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត៕