ដំណឹងល្អៈ ម៉ាឡេស៊ីនឹងមានការហោះហើរត្រង់ពីទីក្រុងប៉េណាំង មកកម្ពុជាបន្ថែមទៀត

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ស្របពេលនឹងមានកំណើនទេសចរកម្ពុជា -ម៉ាឡេស៊ី ភាគីម៉ាឡេស៊ី នឹងការហោះហើរត្រង់ថ្មី បន្ថែមរវាងរាជធានីភ្នំពេញ និងទីក្រុង Penangនាពេលខាងមុខ។

ព័ត៌មានដ៏ល្អនេះ ត្រូវបានលើកឡើងកាលពីដើមសប្តាហ៍នេះ ក្នុងជំនួបរវាងលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបានជួបពិភាក្សាការងារ និងទទួលទានអាហារពេលល្ងាច ជាមួយលោក Shaharuddin Bin Onn ឯកអគ្គរដ្ឋទូត ម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនៈ សម្រាប់ការឆ្លើយតប នឹងការជំរុញកំណើនទេសចរកម្ពុជា-ម៉ាឡេស៊ីបន្ថែមទៀត។

ភាគីទាំងពីរនឹងជម្រុញ ការទាក់ទាញភ្ញៀវទេសចរណ៍ទៅវិញ ទៅមក តាមរយៈការរៀបចំព្រឹត្តិការណ៍ពិព័រណ៌ថ្មីៗ និងទាក់ទាញនៅប្រទេសទាំងពីរ ការធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍ មករដូវកាលបៃតង (Green Season) ដ៏ស្រស់ស្អាតរបស់កម្ពុជា ព្រមទាំងការស្វាគមន៍ការហោះហើរត្រង់ថ្មីដំបូងរវាងរាជធានីភ្នំពេញ និងទីក្រុងPenang ដ៏ធំ និងមានព្រលានយន្តហោះដ៏មមាញឹកទី២ របស់ប្រទេសម៉ាឡេស៊ី រួមទាំងការជួយផ្សព្វផ្សាយឱ្យទូលំទូលាយ ពីយុទ្ធនាការរដូវកាលបៃតងរបស់កម្ពុជា (Green Season) ដល់ប្រជាជនម៉ាឡេស៊ី ការថតវីដេអូឃ្លីបជំរុញទេសចរណ៍រវាង លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរ និងកាលានុវត្តវិនិយោគរបស់កម្ពុជាដល់ប្រជាជន និងធុរជនម៉ាឡេស៊ី។

លោកឯកអគ្គរដ្ឋទូត បានកត់សំគាល់ថាកិច្ចសហការដ៏ល្អ និងប្រកបដោយផ្លែផ្កាដល់ប្រទេស និងប្រជាជនទាំងពីរ គឺកើតចេញពីការដឹកនាំប្រកបដោយភាពឈ្លាសវៃ គតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាននាំកម្ពុជាអភិវឌ្ឍលើគ្រប់វិស័យ និងជួយពូនជ្រំថែបំប៉ន ពង្រឹងពង្រីកចំណងមិត្តភាពការទូតកម្ពុជា និងម៉ាឡេស៊ីកាន់តែជិតស្និទ្ធ និងវិវឌ្ឍនជាលំដាប់ ជាពិសេសលើការផ្លាស់ប្តូរប្រជាជន ទេសចរដែលកាន់តែសកម្ម ក្នុងអាណត្តិរបស់ឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ៕

អន្តរក្រសួងបើកកិច្ចប្រជុំពីការអភិវឌ្ឍសហគមន៍ទេសចរណ៍ នៅទូទាំងប្រទេស

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់បានចាត់ទុក ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គឺជាការងារអាទិភាព ដោយឈរលើទស្សនទាន ការអភិរក្សបម្រើដល់ការអភិវឌ្ឍ និងការអភិវឌ្ឍបម្រើដល់ការអភិរក្ស ព្រមទាំងស្របតាមគោលការណ៍ នៃការបែងចែកផលប្រយោជន៍ ប្រកបដោយសមធម៌ដល់ប្រជាសហគមន៍។

កិច្ចប្រជុំនេះមានការចូលរួមពី លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅជំរុញ ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរ​ណ៍ ប្រកបដោយចីរភាព និងការទទួលខុសត្រូវ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.អ. លោកចាន់ ចេស្តា រដ្ឋលេខាធិការ តំណាងលោកឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ជ.អ.អ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក គ.ជ.អ.អ. មកពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងគ.ជ.អ.អ. នៅថ្នាក់ក្រោមជាតិពាក់ព័ន្ឋ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.ជ.អ.អ. បានគូសរំលេចនៅក្នុងអង្គប្រជុំថា កម្ពុជាត្រូវបានទទួលស្គាល់ ជាលក្ខណៈអន្តរជាតិលើការងារសហគមន៍ និងអេកូទេសចរណ៍ តាមរយៈការអនុវត្តគំរូអភិវឌ្ឍសហគមន៍ទេសចរណ៍ ក្រោមទម្រង់ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន (4Ps : Public Private People Partnership) ដោយលើកទឹកចិត្តការវិនិយោគ តម្រូវឱ្យមានការចូលរួមពីប្រជាជនមូលដ្ឋាន ការផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍ ការផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន ព្រមទាំងការគោរពគោលការណ៍ចីរភាព និងទទួលខុសត្រូវ៕

អ្នកឧកញ៉ាគិត ម៉េងតែងតាំងអ្នកឧកញ៉ាសួរ វីរៈជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា

0

ដោយៈ សហសេវិក

    ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំងអ្នកឧកញ៉ាសួរ វីរៈ អគ្គនាយកក្រុមហ៊ុន  វីរៈប៊ុនថាំ អេចប្រេស ជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្ម កម្ពុជា អាណត្តិទី៥។

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា៖

ការស្ទង់មតិៈ ប្រជាពលរដ្ឋកម្ពុជា៩៩,៨ភាគរយគាំទ្ររដ្ឋាភិបាលក្នុងការយកបញ្ហាវិវាទជាមួយថៃទៅកាន់តុលាការ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ការស្ទង់មតិមួយបានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជា៩៩,៨ភាគរយគាំទ្ររដ្ឋាភិបាល ក្នុងការយកករណីប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបីទៅដោះស្រាយនៅតុលាការយុត្តិធ៌មអន្តរជាតិ(ICJ)។

យោងតាមការស្ទង់មតិរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)​ដែលបានសម្ភាសន៍ជាមួយប្រជាពលរដ្ឋជាយុវជន វ័យកណ្តាល និងវ័យចំណាស់ចំនួន១៥៨៨នាក់ តាមរយៈប្រព័ន្ឋអនឡាញបានបង្ហាញទៀតថា ប្រជាជនចំនួន៩៣,៦ភាគរយពេញចិត្ត ចំពោះចំណាត់ការទូទៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះជាមួយថៃ ក្នុងនោះដែរ ប្រជាជនបានផ្តល់តម្លៃដល់ការចចារទ្វេរភាគី (២៩,៣ភាគរយ) ដរាបណាមានការតភ្ជាប់ជាមួយតុលាការយុត្តិធ៌មអន្តរជាតិ។

ការស្ទាបស្ទង់មតិដដែលបានបង្ហាញទៀតថា ប្រជាពលរដ្ឋកម្ពុជា៨៨,៧ភាគរយពេញចិត្ត ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការវបិទព្រំដែនក្នុងការឆ្លើយតបការបិទព្រំដែនជាឯកតោភាគីពីភាគីថៃ និង៨៨,៦ភាគរយគាំទ្រដល់ការប្រើប្រាស់ផលិតផលក្នុងស្រុក។

សួមអានសេចក្តីប្រកាសលំអិត…………………..

តើអគារខ្ពស់កប់ពពកថ្មីចំនួន៥ ណាខ្លះ ដែលនឹងលេចរូបរាងឡើងនៅទីក្រុងឌូបៃនាពេលអនាគត?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុង​ឌូបៃ​របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE) បាន​ត្រៀម​ខ្លួនជា​ស្រេច​ក្នុងការស្វាគមន៍អគារខ្ពស់កប់ពពកចំនួន៥ បន្ថែមទៀត ខណៈអ្នកអភិវឌ្ឍន៍មួយចំនួនមានបំណងបំបែកកំណត់ត្រាថ្មីនៃគម្រោងរបស់ខ្លួន។

ទី១: អគារ Burj Azizi

គម្រោងអគារ Burj Azizi គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨ខាងមុខ។ អគារនេះមានកម្ពស់៧២៥ម៉ែត្រ និងមាន១៣១ជាន់ ដោយផ្តល់នូវអចលនទ្រព្យចម្រុះបែប រួមមាន លំនៅដ្ឋាន សណ្ឋាគារ ហាងលក់រាយ និងកន្លែងកម្សាន្ត។

ទី២: អគារ Burj Binghatti Jacob & Co. Residences

គម្រោងអគារខ្ពស់កប់ពពកនេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០២២ ដោយគ្រោងបញ្ចប់រួចរាល់នៅចន្លោះពាក់កណ្តាលឆ្នាំ២០២៦ និងឆ្នាំ២០២៧។

គម្រោងនេះមានទីតាំងនៅតំបន់ Business Bay ដែលនឹងមានកម្ពស់៥៥៧ម៉ែត្រ និងមាន១០៤ជាន់ ព្រមទាំងមានជាន់ក្រោមដីចំនួន៧។

ទី៣: អគារ Downtown Residences

ក្រុមហ៊ុន Deyaar បានបើកដំណើរការសាងសង់គម្រោងអគារ Downtown Residences នេះ ជាមួយនឹងកម្ពស់៤៤៥ម៉ែត្រ។ ដោយមានទីតាំងនៅតំបន់ Business Bay អគារខ្ពស់កប់ពពកនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨ខាងមុខ។

ទី៤: អគារ Trump International Hotel & Tower

នេះជាគម្រោងអគារ Trump Tower ដំបូងបំផុតនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)។ គម្រោងតម្លៃជាង២៧២លានដុល្លារនេះស្ថិតនៅផ្លូវ Sheikh Zayed និងនៅច្រកចូលទីប្រជុំជននៃទីក្រុងឌូបៃ។អគារនេះនឹងមានកម្ពស់៣៥០ម៉ែត្រ។

ទី៥: អគារ Jumeirah Residences Emirates Towers

គម្រោងអគារនេះបានបើកការដ្ឋានសាងសង់កាលពីត្រីមាសទី១ ឆ្នាំ២០២៥ ដោយគ្រោងបញ្ចប់រួចរាល់នៅត្រីមាសទី៣ ឆ្នាំ២០៣០។ អាផាតមុិនមានបន្ទប់​គេង​១ នៅអគារភ្លោះនេះនឹង​​មានតម្លៃ​ចាប់​ពី​៣,៥​លាន​dhក្នុងមួយយូនីត(ប្រមាណ៩៥៣.០៣៣ដុល្លារ)៕

កំណើនសេដ្ឋកិច្ចនឹងជួយជំរុញសន្ទុះនៃវិស័យអចលនទ្រព្យហ្វីលីពីន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពបានធ្វើឱ្យប្រទេសហ្វីលីពីនក្លាយទៅជាចំណុចវិជ្ជមានមួយក្នុងតំបន់អាស៊ាន។ ការកាត់បន្ថយអត្រាការប្រាក់នឹងផ្តល់នូវសន្ទុះដល់សេដ្ឋកិច្ចរបស់ហ្វីលីពីន ដែលជំរុញដោយការចំណាយក្នុងគ្រួសារ។

ការជួលការិយាល័យនៅទីក្រុងម៉ានីល (Metro Manila) ដែលជារដ្ឋធានីរបស់ប្រទេសហ្វីលីពីន នៅតែជាបញ្ហាប្រឈម។ ប៉ុន្តែ សកម្មភាពជួលទុកមុន(Pre-leasing) បានចាប់ផ្តើមកម្រើកឡើងវិញ។

ការធ្លាក់ចុះនៃអត្រាការប្រាក់ត្រូវបានគេរំពឹងថា នឹងជួយជំរុញតម្រូវការសម្រាប់គម្រោងលំនៅដ្ឋាន ជាពិសេសនៅតំបន់ខាងក្រៅរដ្ឋធានី ខណៈអ្នកអភិវឌ្ឍន៍គួរតែបន្តសម្រួលលក្ខខណ្ឌបង់ប្រាក់។នេះបើយោងតាមលោក Joey Roi Bondoc នាយក និងជាប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Colliers Philippines ។

ចំណែក ទីផ្សារអចលនទ្រព្យផ្នែកលក់រាយនៅតែមានភាពរឹងមាំ ខណៈម៉ាកយីហោបរទេសជាច្រើនបានពង្រីកវត្តមាននៅទូទាំងប្រទេសហ្វីលីពីន ហើយប្រតិបត្តិករផ្សារទំនើបបានរាយការណ៍ថា ចរាចរណ៍អ្នកប្រើប្រាស់នាពេលនេះមានសភាពមមាញឹកជាងមុនជំងឺរាតត្បាត។

សេដ្ឋកិច្ចហ្វីលីពីនបានកើនឡើង៥,៤ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំនេះ ទាបជាងការព្យាករណ៍ដែលកំណត់ដោយរដ្ឋាភិបាល និងវិស័យឯកជន។ នាយកដ្ឋានផែនការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលបានលើកឡើងថា ប្រទេសហ្វីលីពីនត្រូវការកំណើនសេដ្ឋកិច្ចជាមធ្យមចំនួន៦,២ភាគរយ នៅក្នុងរយៈពេល៣ត្រីមាសបន្ទាប់ ដើម្បីបំពេញតាមគោលដៅកំណើនសេដ្ឋកិច្ចអប្បបរមាចន្លោះពី៦ភាគរយទៅ៧ភាគរយ។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers បានបង្ហាញការជឿជាក់ថា ការពន្លឿនកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលនៅសេសសល់នៃឆ្នាំ២០២៥នេះ នឹងជួយគាំទ្រដល់កំណើននៃវិស័យអចលនទ្រព្យ។

ជាមួយគ្នានេះ ធនាគារកណ្តាលហ្វីលីពីនបានកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនចំនួន០,២៥ភាគរយ មកនៅត្រឹម៥,៥ភាគរយ នៅក្នុងខែមេសា ដោយសារអតិផរណាបន្តថយចុះ។ ក្រុមអ្នកវិភាគព្យាករណ៍ថា ធនាគារនេះនឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,៥ភាគរយបន្ថែមទៀតមុនដំណាច់ឆ្នាំ២០២៥ ដែលនឹងជះឥទ្ធិពលវិជ្ជមានលើការចំណាយក្នុងគ្រួសារ៕

សហរដ្ឋអាមេរិកគ្រោងដាក់លក់ដីសាធារណៈរាប់លានហិកតា ដើម្បីប្រមូលចំណូលប៉ះប៉ូវការកាត់បន្ថយពន្ធ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើដាក់លក់ដីសាធារណៈរាប់លានហិកតា ដើម្បីជួយផ្តល់មូលនិធិដល់ផែនការកាត់បន្ថយពន្ធ និងការចំណាយរបស់រដ្ឋបាលលោក ត្រាំ។

ផ្ទៃដីប្រហែល១,២លានហិកតាដែលជាកម្មសិទ្ធិរបស់ការិយាល័យគ្រប់គ្រងដីធ្លី និងសេវាកម្មព្រៃឈើរបស់រដ្ឋាភិបាលអាមេរិក នឹងត្រូវបានលក់ ដែលអាចកៀរគរទំហំទឹកប្រាក់ចំនួន១០ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំ។

ការលក់ដីនេះជាផ្នែកមួយនៃផែនការក្នុងការប្រមូលទំហំទឹកប្រាក់ឱ្យបានចំនួន២៩ពាន់លានដុល្លារតាមរយៈការបង្កើនការលក់ប្រេង ឧស្ម័ន ធ្យូងថ្ម រួមទាំងការខួងយកប្រេងនៅក្នុងដែនជម្រកសត្វព្រៃជាតិអាកទិករបស់រដ្ឋអាឡាស្កា។

គម្រោង​លក់​ដី​សាធារណៈ​ដើម្បី​ប៉ះប៉ូវការបាត់បង់ប្រាក់ចំណូល ដោយសារការកាត់បន្ថយពន្ធ ​បាន​បង្ក​ឱ្យមានភាពចម្រូងចម្រាស់។ ក្នុងនោះ សំណើលក់ដីប្រមាណ៥០០.០០០ហិកតានៅរដ្ឋ Utah និងរដ្ឋ Nevada ត្រូវបានដកចេញពីសភា បន្ទាប់ពីមានការប្រឆាំងពីសមាជិកគណបក្សសាធារណរដ្ឋមួយចំនួន។

រដ្ឋបាលលោក ត្រាំ បានអះអាងថា ការលក់ដីទាំងនេះមានភាពចាំបាច់ដើម្បីផ្តល់ដីតម្លៃថោកក្នុងគោលបំណងជួយដោះស្រាយវិបត្តិលំនៅដ្ឋាន និងដើម្បីជួយរដ្ឋភាគខាងលិច ដែលកាន់កាប់ដីសាធារណៈយ៉ាងច្រើន និងស្ដារតំបន់ទាំងនោះឱ្យមានផលប្រយោជន៍សេដ្ឋកិច្ច។

គណៈកម្មាធិការថាមពលព្រឹទ្ធសភាអាមេរិកបានលើកឡើងថា ផែនការនេះនឹងប្រើប្រាស់ចំនួនមិនដល់១ភាគរយផងនៃដីសាធារណៈសម្រាប់សាងសង់លំនៅដ្ឋាន។ ផែនការនេះនឹងបង្កើតការងាររាប់ពាន់កន្លែង និងជួយឱ្យពលរដ្ឋអាមេរិករាប់លាននាក់មានផ្ទះសម្បែង និងកាត់បន្ថយឱនភាព។

ផែនការនេះមានគោលដៅស្របនឹងផែនការរបស់រដ្ឋបាលលោក ដូ ណាល់ត្រាំ ដើម្បីប្រែក្លាយដីទំនេរមិនបានប្រើប្រាស់ទៅជាតំបន់មានការអភិវឌ្ឍន៍៕

ការនាំចេញលើវិស័យយានយន្តកម្ពុជាបានកើនដល់ទឹកប្រាក់១១៤០លាន ខណៈទុនវិនិយោគកើនដល់៧៤៦លានដុល្លារ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា បានធ្វើឲ្យវិស័យយានយន្តនៅកម្ពុជា ទាក់ទាញទុនវិនិយោគដល់៦៤៧លានដុល្លារ ស្របពេលការនាំចេញ បានកើនដល់ទឹកប្រាក់១១៤០លានដុល្លារអាមេរិកផងដែរ។

ក្រោយពីបានដាក់ចេញនូវផែនទី បង្ហាញផ្លូវនាពេលកន្លងមក ការធ្វើពិពិធកម្មសេដ្ឋកិច្ច បានលេចចេញជាផ្លែផ្កាគួរជាទីមោទនៈ។ ជាក់ស្ដែង នៅឆ្នាំ២០២៤ វិស័យយានយន្តកម្ពុជាទទួលបានទំហំទុនវិនិយោគប្រមាណ៧៤៦លានដុល្លារអាម៉េរិក ខណៈការនាំចេញបានកើនឡើងដល់ប្រមាណ១.១៤០លានដុល្លារអាមេរិក លើសផែនការសម្រាប់ឆ្នាំ២០២៧ មួយផ្នែកធំបានមកពីការវិនិយោគ លើការផលិតសំបកកង់រថយន្តដែលបច្ចុប្បន្នកម្ពុជា ទទួលបានគម្រោងវិនិយោគផលិតសំបកកង់រថយន្តចំនួន៧ ដែលនឹងផ្តល់ជាទីផ្សារធំសម្រាប់កៅស៊ូកម្ពុជា។

ដោយឡែក ការវិនិយោគ និងការនាំចេញក្នុងវិស័យអេឡិចត្រូនិក ក៏បានបង្ហាញនូវនិន្នាការនៃការកើនឡើង បើទោះបីជាបានថយល្បឿនបន្តិចនៅឆ្នាំ២០២៤ ដោយសារនិន្នាការគាំពារនិយម នៅក្នុងពាណិជ្ជកម្មសាកល។

ទិន្ន័យទាំងនេះ ត្រូវបានបង្ហាញនាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចប្រជុំមួយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ ដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤ មុននឹងដាក់ឆ្លងគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នាពេលខាងមុខ។

លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល បានស្វាគមន៍យ៉ាងកក់ក្ដៅដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំខាងលើ ក៏ដូចជាថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្ត វិធានការផែនទីបង្ហាញផ្លូវ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្ម ក្នុងចក្ខុវិស័យប្រែក្លាយកម្ពុជា ជា “មជ្ឈមណ្ឌលប្រមូលផ្ដុំ សកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក” ចាប់តាំងពីការដាក់ចេញផែនទីបង្ហាញផ្លូវនេះ នៅចុងឆ្នាំ២០២២ រហូតទទួលបាន “សេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤” ។

ជាមួយគ្នានេះ លោកលឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. និងជាអនុប្រធានលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្ត គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (លេខាធិការដ្ឋាន IDP) បានធ្វើបទបង្ហាញអំពី “សាវតារ និងវឌ្ឍនភាពការងាររបស់ ក.អ.ក. ក្នុងក្របខណ្ឌជំរុញការអនុវត្តផែនទីបង្ហាញផ្លូវ” ព្រមទាំង លោក កែន ដាវីត ទីប្រឹក្សាអម ក.អ.ក. និងជាប្រធានក្រុមស្រាវជ្រាវនៃលេខាធិការដ្ឋាន IDP បានធ្វើបទបង្ហាញស្ដីពី“ សេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤” ដែលមានការចូលរួមពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍នេះ យ៉ាងផុសផុលពីសំណាក់អង្គប្រជុំ។

ជាមួយគ្នានេះ លោកស៊ុន ចាន់ថុលបានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ពន្លឿនការផ្ដល់យោបល់ជាលាយលក្ខណ៍អក្សរលើសេចក្ដីព្រាងរបាយការណ៍ ឱ្យបានចប់សព្វគ្រប់ មុនដាក់ឆ្លងគ.ស.ហ. ដើម្បីពិនិត្យ និងអនុម័ត នៅក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៥៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣៨៨,៣៧ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១ភាគរយដល់ត្រឹម៣.៣៨៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៣ភាគរយដល់៣៤០២,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៧នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៥,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបជាមួយនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៨,៧ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៨២ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ៕

វិបត្តិក្នុងវិស័យអចលនទ្រព្យចិននៅតែជាក្តីកង្វល់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការធ្វើអត្ថាធិប្បាយនាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីចិនលោក Li Qiang ស្តីពីការស្តារវិស័យអចលនទ្រព្យ និងការបង្កើនវិធានការគាំទ្រ ត្រូវបានគេវាយតម្លៃថា ជាការបង្ហាញនូវក្តីកង្វល់របស់ទីក្រុងប៉េកាំងចំពោះវិស័យអចលនទ្រព្យ ដែលធ្លាប់ជាសសរស្តម្ភសេដ្ឋកិច្ចសម្រាប់ប្រទេសចិន។

ក្រុមអ្នកវិភាគលើកឡើងថា ដោយសារមិនមានដំណោះស្រាយអាចបញ្ចប់វិបត្តិនេះបានភ្លាមៗ ទីក្រុងប៉េកាំងបានបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះផលប៉ះពាល់លើទំនុកចិត្តអ្នកទិញ និងតម្រូវការក្នុងស្រុក ខណសេដ្ឋកិច្ចចិនកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅ។

កិច្ចប្រជុំក្រុមប្រឹក្សារដ្ឋ ដែលបានកោះប្រជុំដោយលោក Li Qiang កាលពីថ្ងៃសុក្រសប្តាហ៍មុនបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្ថែមទៀតលើការគាំទ្រទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ថា កិច្ចប្រជុំបានគូសបញ្ជាក់ពីតម្រូវការក្នុងការបង្កើនប្រសិទ្ធភាពបន្ថែមទៀតនូវគោលនយោបាយដែលមានស្រាប់ និងបង្កើនការរួមផ្សំគ្នាជាប្រព័ន្ធនៃការអនុវត្តដើម្បីជំរុញតម្រូវការ និងកាត់បន្ថយហានិភ័យ។

ជាពិសេស រដ្ឋាភិបាលនឹងត្រួតពិនិត្យឱ្យបានហ្មត់ចត់ចំពោះគម្រោងដែលកំពុងដំណើរការ និងការផ្គត់ផ្គង់ដី ហើយគម្រោងកែលម្អទីក្រុងនឹងទទួលបាននូវជំនួយហិរញ្ញប្បទានបន្ថែមទៀត។

កិច្ចប្រជុំនេះសង្កត់ធ្ងន់លើគោលដៅបញ្ឈប់ការធ្លាក់ចុះ និងស្តារស្ថិរភាពនៃវិស័យអចលនទ្រព្យចិនឡើងវិញ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិរបស់រដ្ឋាភិបាលចិនបានបង្ហាញថា តម្លៃផ្ទះនៅក្នុងទីក្រុងធំៗចំនួន៧០ របស់ប្រទេសចិន បានធ្លាក់ចុះ០,២ភាគរយកាលពីខែឧសភា បើធៀបនឹងការធ្លាក់ចុះ០,១ភាគរយនៅក្នុងខែមេសា។

លោក Yan Yuejin អនុប្រធានវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យ E-House China ក្នុងទីក្រុងសៀងហៃបានអះអាងថា“ការធ្លាក់ចុះនេះជាសញ្ញាដាស់តឿនឱ្យមានការប្រុងប្រយ័ត្ន”។

លោក Yan Yuejin បានបញ្ជាក់បន្ថែមថា “ទិន្នន័យខាងលើនេះអាចជាសូចនាករដំបូងបង្ហាញថា ប្រសិទ្ធភាពនៃវិធានការគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលចិនថយចុះ”។

វិធានការគាំទ្រទាំងនោះរួមមាន ការចាក់បញ្ចូលសាច់ប្រាក់ងាយស្រួល ដើម្បីបង្កើនសមត្ថភាពផ្តល់ប្រាក់កម្ចី ការផ្តល់មូលនិធិដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ការកាត់បន្ថយអត្រាការប្រាក់ ការបង្កើនការផ្តល់ប្រាក់កម្ចីទិញផ្ទះ និងការបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះច្រើនយូនីត៕