ក្រុមហ៊ុនខ្នាតយក្ស Adidas គ្រោងជួលអគារការិយាល័យមួយផ្តាច់មុខនៅតំបន់ពាណិជ្ជកម្មរបស់ទីក្រុងសៀងហៃ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនផលិតសម្ភារៈកីឡាខ្នាតយក្ស Adidas បានប្រកាសឱ្យដឹងថា ខ្លួននឹងផ្លាស់ប្តូរទីតាំងការិយាល័យទៅកាន់គម្រោងអគារ Westbund Central ស្ថិតនៅតំបន់ពាណិជ្ជកម្មថ្មី“West Bund”ក្នុងទីក្រុងសៀងហៃរបស់ប្រទេសចិន។

គម្រោងខាងលើមានទំហំផ្ទៃក្រឡាសរុបចំនួន១៨,៣លានម៉ែត្រការ៉េ ដោយរួមមានទាំងការិយាល័យ និងអាផាតមុិនសម្រាប់ជួល។ គម្រោង Westbund Central មានទីតាំងស្ថិតនៅតាមបណ្តោយវិថី Xuhai Waterfront នៅទីក្រុងសៀងហៃ ដែលជាការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុន Hongkong Land។

ក្រុមហ៊ុន Adidas គ្រោងជួលផ្តាច់មុខនូវអគារការិយាល័យកំពស់១៨ជាន់ក្នុងគម្រោង Westbund Central ។ កិច្ចសន្យាជួលអគារនេះនឹងត្រូវបានចុះហត្ថលេខាក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ខណៈអត្រាគ្របដណ្តប់ការប្រើប្រាស់(Occupancy) នឹងសម្រេចបាន១០០ភាគរយនៅត្រីមាសទី៤ ឆ្នាំ២០២៦។

ការប្រកាសជួលអគារការិយាល័យ “Westbund Central” ស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងជួលការិយាល័យកម្រិត A ដ៏ធំបំផុត ដែលសម្រេចបាននៅទីក្រុងសៀងហៃរាប់ចាប់តាំងពីឆ្នាំ២០២៣។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារព័ត៌មាន Edgeprop។

លោក Stuart Grant អ្នកគ្រប់គ្រងជាន់ខ្ពស់នៃគម្រោងអគារ Westbund Central បានកត់សម្គាល់ថា ទំហំការិយាល័យចំនួន៨៥០.៣៥៦ហ្វីតការ៉េនៅគម្រោង Westbund Central ត្រូវបានគេជួលក្នុងរយៈពេល១២ខែចុងក្រោយនេះ៕ប្រភព: Edgeprop៕

តើតម្លៃជួល និងលក់អាផាតមុិននៅទីក្រុងធំៗក្នុងតំបន់អាសុីមានតម្លៃដូចម្តេចក្នុងមួយយូនីត?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ Global Property Guide បានវាយតម្លៃ និងប្រមូលចងក្រងបញ្ជីតម្លៃជួល និងលក់អាផាតមុិនជាមធ្យមនៅតាមបណ្តាទីក្រុងធំៗនៅតំបន់អាសុី។ ខាងក្រោមនេះជារបាយការណ៍បច្ចុប្បន្នភាពគិតត្រឹមខែសីហា ឆ្នាំ២០២៥៖

ទី១: ទីក្រុងបុមបៃ(Mumbai)

ការជួលអាផាតមុិនដែលមានបន្ទប់គេងទោល នៅទីក្រុងបុមបៃនៃប្រទេសឥណ្ឌាមានតម្លៃជាមធ្យមចំនួន៣៨៧ដុល្លារក្នុងមួយខែ ខណៈអាផាតមុិន ដែលមានបន្ទប់គេងទោល សម្រាប់ដាក់លក់មានតម្លៃជាមធ្យម​ចំនួន១២២.០០០ដុល្លារក្នុងមួយយូនីត។

ទី២: ទីក្រុងតូក្យូ

ការជួលអាផាតមុិនដែលមានបន្ទប់គេងទោល នៅទីក្រុងតូក្យូនៃប្រទេសជប៉ុនមានតម្លៃជាមធ្យមចំនួន៧០០ដុល្លារក្នុងមួយខែ ខណៈអាផាតមុិន ដែលមានបន្ទប់គេងទោលសម្រាប់ដាក់លក់មានតម្លៃជាមធ្យម​ចំនួន២៧៩.០០០ដុល្លារក្នុងមួយយូនីត។

ទី៣: ទីក្រុងតៃបុិ

ការជួលអាផាតមុិនដែលមានបន្ទប់ទោល នៅទីក្រុងតៃបុិនៃកោះតៃវ៉ាន់មានតម្លៃជាមធ្យមចំនួន៩៧៣ដុល្លារក្នុងមួយខែខណៈអាផាតមុិន សម្រាប់ដាក់លក់មានតម្លៃជាមធ្យម​ចំនួន៦៤១.០០០ដុល្លារក្នុងមួយយូនីត។

ទី៤: ទីក្រុងហុងកុង

ការជួលអាផាតមុិនដែលមានបន្ទប់គេងទោល នៅទីក្រុងហុងកុងនៃប្រទេសចិនមានតម្លៃជាមធ្យមចំនួន២.៤២១ដុល្លារក្នុងមួយខែ ខណៈអាផាតមុិន សម្រាប់ដាក់លក់មានតម្លៃជាមធ្យម​ចំនួន៩៦៨.២០០ដុល្លារក្នុងមួយយូនីត៕ប្រភព: Global Property Guide៕

ដំណឹងល្អ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្ដីពីការអនុវត្តអត្រាពន្ធគយ ០% លើទំនិញរបស់សហរដ្ឋអាម៉េរិក

0

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្ដីពី ការអនុវត្តអត្រាពន្ធគយ ០% លើទំនិញរបស់សហរដ្ឋអាម៉េរិក។

អនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះបញ្ជាក់ថា សម្រេចដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូល មកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។

អត្រាពន្ធគយ ០% ដូចមានចែងក្នុងមាត្រា ១ ខាងលើ មិនអនុវត្តចំពោះទំនិញប្រើរួចឡើយ។

ចំពោះនីតិវិធីក្នុងការអនុវត្តអត្រាពន្ធគយចំពោះទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនេះ ត្រូវកំណត់ដោយប្រកាសរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ ខណៈមានការបង្ហើបបេក្ខជនប្រធានធនាគារកណ្តាលអាមេរិកថ្មី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈកាសែត Bloomberg បានរាយការណ៍ថា អភិបាលធនាគារកណ្តាលអាមេរិក (Fed) លោក Christopher Waller ជាបេក្ខជន ដែលអាចមកជំនួសតំណែងជាប្រធានធនាគារ Fed របស់លោក Jerome Powell ដែលនឹងត្រូវអាណត្តិនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៩ភាគរយដល់៣.៣៨៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,១៧ភាគរយដល់៣៤៩៤,២ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣២នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩២,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៨,១២ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៤០ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

គម្រោះកោះសិប្បនិម្មិត”Long Island” របស់សិង្ហបុរីអាចបង្កើតទៅជាតំបន់លំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្ម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសសិង្ហបុរីបានព្យាករណ៍ថា កម្រិតទឹកសមុទ្រនឹងកើនឡើង១,១៥ម៉ែត្រនៅចុងសតវត្សនេះ។ ដោយសារខ្យល់ជំនោរ និងព្យុះបក់បោកខ្លាំង កម្រិតទឹកសមុទ្រអាចកើនឡើងដល់កំពស់៥ម៉ែត្រ ដែលអាចជន់លិចផ្ទៃដីគោកប្រហែល៣០ភាគរយ នៃប្រទេសសិង្ហបុរី។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ សិង្ហបុរីមានគោលបំណងបង្កើតកោះសិប្បនិម្មិត ក្រោមគម្រោង”Long Island” ដែលមានចម្ងាយជិត១៣គីឡូម៉ែត្រ ដើម្បីដើរតួនាទីជាជញ្ជាំងសមុទ្រ និងការពារតំបន់ឆ្នេរសមុទ្រភាគអាគ្នេយ៍ចម្ងាយជិត៥០គីឡូម៉ែត្ររបស់ប្រទេសនេះ។

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥នេះ ប្រទេសសិង្ហបុរីកំពុងសិក្សាបច្ចេកទេសវិស្វកម្ម និងបរិស្ថាន ដែលជាដំណាក់កាលដំបូងឆ្ពោះទៅរកការសម្រេចបាននូវគម្រោង”Long Island” ។ ការងារទាំងនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹងសម្រេចបានវឌ្ឍនភាពទៅមុខ​ក្នុង​រយៈ​ពេល​ប្រហែល​៥ឆ្នាំ រាប់ចាប់ពីឆ្នាំ២០២៤។

កាលពីដំណាច់ឆ្នាំ២០២៤ ការពិគ្រោះយោបល់ជាសាធារណៈ និងការផ្តល់ធាតុចូលពីភាគីពាក់ព័ន្ធត្រូវបានអនុវត្តន៍ ដោយមានចំនួនអ្នកចូលរួមប្រមាណ៣.០០០នាក់ និងចំនួនអ្នកផ្ញើមតិកែលម្អតាមអនឡាញជាង៦០០នាក់។

ក្រុមមន្ត្រីសិង្ហបុរីបានលើកឡើងថា គម្រោងនេះត្រូវបានចាត់ទុកជាជញ្ជាំងទប់ទឹកសមុទ្រ។ ប៉ុន្តែ យើងក៏មានគោលបំណងបង្កើតឧទ្យានជាប់មាត់សមុទ្រថ្មីមួយ ដែលមានចម្ងាយជាង១៩គីឡូម៉ែត្រ រួមទាំងតំបន់លំនៅដ្ឋាន ការកំសាន្ត និងតំបន់ពាណិជ្ជកម្មផងដែរ។

លោក Lee Sze Teck អ្នកប្រឹក្សាយោបល់នៅក្រុមហ៊ុនអចលនទ្រព្យ Huttons Asia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានបញ្ជាក់ប្រាប់កាសែត CNN តាមរយៈសារអុីមែលថា គម្រោង Long Island មានសក្តានុពលក្នុងការប្រែក្លាយទៅតំបន់លំនៅដ្ឋាន ដែលមានផ្ទះចន្លោះពី៣០.០០០យូនីតទៅ៦០.០០០យូនីត៕ប្រភព: CNN៕

តើតម្លៃខុនដូ និងផ្ទះវីឡានៅទីក្រុងភ្នំពេញ និងទីក្រុងជាប់មាត់សមុទ្រមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

0

ចុចទីនេះដើម្បី Subscribe Telegram Channel «Property Area Asia» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយ: គង់ លាងហួរ
ភ្នំពេញ: ការវិនិយោគ​ផ្ទាល់ពីបរទសបរទេស​(FDI) បានបន្ត​ហូរ​ចូល​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា ជា​ពិសេស​ពី​ប្រទេស​ចិន និង​បណ្តាប្រទេស​សមាជិកអាស៊ាន ដែល​ការណ៍នេះជំរុញ​ឱ្យ​មាន​តម្រូវ​ការ​លំនៅដ្ឋាន ជាពិសេសខុនដូ។

គិតត្រឹមឆមាសទី១ នៅរាជធានីភ្នំពេញ ខុនដូប្រណីតមានតម្លៃជាមធ្យមចំនួន២.៧១៤ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈខុនដូកម្រិតមធ្យម (mid-range) មានតម្លៃប្រមាណ២.២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ជាមួយគ្នានេះ ផ្ទះលក្ខណៈបុរីក្នុង​រាជធានី​ភ្នំពេញមាន​តម្លៃ​ប្រហែល២.០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

តម្លៃលំនៅដ្ឋានជាមធ្យមនៅទីក្រុងភ្នំពេញមានទំហំទឹកប្រាក់ចំនួន១១៤.១៦៤ដុល្លារក្នុងមួយយូនីតគិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ដែលការណ៍នេះធ្វើឱ្យលំនៅដ្ឋាននៅទីក្រុងភ្នំពេញនៅតែមានតម្លៃសមរម្យបើធៀបនឹងបណ្តាទីក្រុងធំៗផ្សេងទៀតក្នុងតំបន់អាស៊ាន។

អាផាតមុិននៅទីតាំងកណ្តាលរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់់ប្រទេសកម្ពុជាមានតម្លៃចាប់ពី១.៥០០ដុល្លារ ទៅ៣.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើតំបន់ និងគុណភាពអគារ។

លំនៅដ្ឋាននៅតំបន់ឆ្នេរ ដូចជាខេត្តកែប និងខេត្តកំពតមានតម្លៃជាមធ្យមចាប់ពី១.២០០ដុល្លារទៅ២.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លំនៅដ្ឋាននៅក្រុងព្រះសីហនុក្នុងខេត្តព្រះសីហនុ នៅជិតកាស៊ីណូ និងទីតាំងក្បែរមាត់សមុទ្រ មានតម្លៃចាប់ពី១.៨០០ដុល្លារទៅ២.៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ផ្ទះវីឡានៅក្បែរឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត ត្រូវបានគេព្យាករណ៍ថា នឹងហក់ឡើងថ្លៃចន្លោះពី៧ភាគរយទៅ១០ភាគរយជារៀងរាល់ឆ្នាំ។ ផ្ទះវីឡា​ប្រណីត​នៅ​តំបន់​មាត់​សមុទ្រ​ត្រូវបានដាក់លក់​ក្នុង​តម្លៃចន្លោះពី៥០០.០០០ដុល្លារទៅ៨០០.០០០ដុល្លារក្នុងមួយយូនីត៕ប្រភព: Bamboo Routes៕

កិច្ចប្រជុំ GBC នៅម៉ាឡេស៉ី៖ «កម្ពុជា-ថៃ ឯកភាពគ្នាបន្ដអនុវត្តបទឈប់បាញ់ និងមិនចល័តកម្លាំងប្រដាប់អាវុធ»

0

ចុចទីនេះដើម្បី Subscribe Telegram Channel «Property Area Asia» សម្រាប់ទទួលបានព័ត៌មានថ្មីៗ
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៉ី នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ ភាគីកម្ពុជា-ថៃ បានបន្ដឯកភាពគ្នាអនុវត្តបទឈប់បាញ់ និងវាយប្រហារលើជនស៉ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនៃជនស៉ីវិលទាំងអស់។

ផ្អែកតាមលទ្ធផលដែលបានប្រកាសជាផ្លូវការ ក្រោយបញ្ចប់កិច្ចប្រជុំ GBC ភាគីកម្ពុជា-ថៃ ក៏បានឯកភាពគ្នា បញ្ចៀសរាល់ការផ្ទុះអាវុធទាំងអស់ និងមិនឲ្យភាគីណាបំពានដាច់ខាតលើកិច្ចព្រមព្រៀងនេះ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងភាគីថៃដឹកនាំដោយ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ក្រោមការសម្របសម្រួលពីនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ដែលជាប្រធានអាស៊ានប្ដូរវេន និងមានការចូលរួមពីតំណាងសហរដ្ឋអាេមរិក និងសាធារណៈរដ្ឋប្រជាមានិតចិនផងដែរ។

ក្នុងកិច្ចព្រមព្រៀងចំណុចទី១ បានបញ្ជាក់ខ្លឹមសារយ៉ាងដូច្នេះថា «ភាគីទាំងពីរ​ឯកភាពលើការឈប់បាញ់ ពាក់ព័ន្ធគ្រប់ប្រភេទអាវុធទាំងអស់ រួមបញ្ចូលទាំងការវាយប្រហារលើជនស៉ីវិល ហេដ្ឋារចនាសម្ព័ន្ធស៉ីវិល និងគោលដៅយោធានៃភាគីទាំងសងខាង ក្នុងគ្រប់ករណី និងតំបន់ទាំងអស់។ ភាគីទាំងពីរចាំបាច់ត្រូវចៀសវាងការបាញ់ប្រហារទាំងគ្មានការបង្កហេតុ សំដៅទៅលើទីតាំង ឬកងទ័ពរបស់ភាគីម្ខាងទៀត។ ការព្រមព្រៀងនេះ មិនត្រូវបំពានដាច់ខាត ទោះស្ថិតក្រោមកាលៈទេសៈបែបណាក៏ដោយ»

បន្ថែមពីនេះ ភាគីទាំងពីរកម្ពុជា-ថៃ ក៏បានយល់ព្រមរក្សាស្ថានភាពបច្ចុប្បន្ន នៃការដាក់ពង្រាយកងទ័ព ដោយមិនមានការចល័តបន្ថែមទៀត គិតត្រឹមបទឈប់បាញ់ ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយមិនត្រូវឲ្យមានការចល័តកងទ័ព រាប់បញ្ចូលទាំងការល្បាត សំដៅទៅកាន់​ទីតាំងភាគីម្ខាងទៀត។ ភាគីទាំងពីរយល់ស្រប មិនបង្កើនចំនួនកងកម្លាំង នៅតាមបណ្តោយព្រំប្រទល់ទាំងស្រុងរវាងកម្ពុជា-ថៃ។

សូមជម្រាបថា កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន៕

ក្រុមអ្នកវិភាគបង្ហើបសូចនាករចំនួន៥ ដែលបង្ហាញថា ទីផ្សារអចលនទ្រព្យចិននឹងចាប់ផ្តើមងើបឡើងវិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមអ្នកវិភាគបានលើកឡើងថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនអាចនឹងចាប់ផ្តើមងើបឡើងវិញ ខណៈបណ្តាអ្នកអភិវឌ្ឍន៍កំពុងទទួលបានឥណទានថ្មី ហើយចំនួនផ្ទះលក់មិនដាច់(Unsold)កំពុងធ្លាក់ចុះ។

បន្ទាប់ពីទីផ្សារអចលនទ្រព្យចិនបានបង្ហាញសញ្ញាល្អប្រសើរនៅឆមាសទី១ ទីភ្នាក់ងារវាយតម្លៃឥណទាន Fitch Ratings បានទាញការព្យាករណ៍សារជាថ្មីថា ការលក់ផ្ទះថ្មីរបស់ប្រទេសចិនអាចនឹងធ្លាក់ចុះ៧ភាគរយនៅឆ្នាំនេះ បើធៀបនឹងការព្យាករណ៍ពីមុនថា នឹងដាំក្បាលចុះ១៥ភាគរយ។

វិធានការនានារបស់រដ្ឋាភិបាលចិន ដូចជា ការបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះ ការបន្ទាបអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះ និងការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលចិនបានជួយជំរុញទីផ្សារអចលនទ្រព្យក្នុងស្រុក។

ជាមួយគ្នានេះ រដ្ឋបាលក្នុងតំបន់មូលដ្ឋានបានបោះផ្សាយលក់មូលបត្របំណុលក្នុងគោលបំណងកៀរគរមូលនិធិដើម្បីជួយទិញលំនៅដ្ឋានលក់មិនដាច់(Unsold home)ពីបណ្តាអ្នកអភិវឌ្ឍន៍ ដែលជួបប្រទះវិបត្តិសាច់ប្រាក់។

ក្រុមអ្នកវិភាគនៅធនាគារ HSBC បានសង្កេតឃើញសូចនាករថ្មីចំនួន៥ ដែលបង្ហាញថា ទីផ្សារលំនៅដ្ឋាននៅប្រទេសចិនអាចនឹងងើបឡើងវិញ។ សូចនាករទាំងនោះ រួមមានដូចជា ភាពប្រសើរឡើងនៃលក្ខខណ្ឌឥណទានរបស់បណ្តាអ្នកអភិវឌ្ឍន៍ និងការធ្វើសមាហរណកម្មតាមរយៈការច្របាច់បញ្ចូលគ្នារវាងបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតតូច។

សូចនាករចំនួន៣ផ្សេងទៀត រួមមានដូចជា ការកើនឡើងនៃការលក់ដីធ្លី ការថយចុះនៃចំនួនលំនៅដ្ឋានលក់មិនដាច់ និងការកំណត់តម្លៃលំនៅដ្ឋានដោយផ្អែកលើយន្តការទីផ្សារសេរី។

ជាពិសេស រដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យបណ្តាអ្នកអភិវឌ្ឍន៍នៅទីក្រុងធំៗអាចកំណត់តម្លៃផ្ទះដោយខ្លួនឯង៕ប្រភព: SCMP៕

កម្ពុជារៀបចំនីតិវិធីចងក្រងសៀវភៅមគ្គុទ្ទេសក៍ណែនាំស្ដីពីបរិយាបន្នពិការភាពនៅក្នុងសេវាដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែក

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំស្ដីពី ការរៀបចំនីតិវិធីចងក្រងសៀវភៅមគ្គុទ្ទេសក៍ណែនាំស្ដីពីបរិយាបន្នពិការភាព នៅក្នុងសេវាដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។

កិច្ចប្រជុំកាលពីទី០៦ ខែសីហា ឆ្នាំ២០២៥ ដឹកនាំដោយលោកមាស ម៉ូនីកា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារមនុស្សចាស់អន្តរជំនាន់ និងពហុមុខងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំនីតិវិធីចងក្រងសៀវភៅមគ្គុទ្ទេសក៍ណែនាំស្ដីពី បរិយាបន្នពិការភាព នៅក្នុងសេវាដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ ក្រោមឱវាទក្រសួង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្ត្រីជាច្រើនរូបផ្សេងទៀត។

ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ណែនាំ ដល់មន្រ្តីបង្គោលមកពីអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ ដើម្បីឱ្យជួយសហការ និងសម្របសម្រួលក្នុងការចងក្រងសៀវភៅនេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមបទដ្ឋានគតិយុត្តរបស់ក្រសួង។

សៀវភៅមគ្គុទ្ទេសក៍នេះ មានសារៈសំខាន់ណាស់នៅក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា នៅក្នុងការជួយសម្រួលដល់ការបម្លាស់ទីរបស់មនុស្សវ័យចាស់ និងជនមានពិការភាព ដើម្បីជំរុញអនុវត្តគោលនយោ​បាយជាតិ ស្តីពីមនុស្សវ័យចាស់២០១៧-២០២៣ និងស្របតាមការណែនាំរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕

ក្រុមហ៊ុនជប៉ុនមួយគ្រោងពង្រីកការវិនិយោគលើទឹកស្អាត និងទឹកពិសារនៅកម្ពុជា

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្រុមហ៊ុន Marubeni Asian Power Singapore Pte. Ltd. បានបង្ហាញបំណងពង្រីកការវិនិយោគលើការផ្គត់ផ្គង់ និងផលិតទឹកកស្អាត និងទឹកពិសារនៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងកាលពីថ្ងៃទី៦ សីហា នៅពេលជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក IKEYA Yusuke អនុប្រធានក្រុមហ៊ុន Marubeni Asian Power Singapore Pte. Ltd.។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោម​នស្សរីករាយដែលលោក IKEYA Yusuke និងសហការីមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។

លោកអគ្គលេខាធិការ បានជម្រាបជូនក្រុមហ៊ុនពីបរិស្ថានវិនិយោគនៅកម្ពុជា ដែលពោរពេញដោយភាពអំណោយផល ពិសេសរបបលើកទឹកចិត្ត និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាល ដែលបន្តដាក់ចេញសំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរទ្បើង។

បន្ថែមពីនេះ លោកអគ្គលេខាធិការក៏បានលើកទ្បើងពីគំរូ និងភាពជោគជ័យ របស់បណ្តាក្រុមហ៊ុនវិនិយោគជប៉ុនធំៗ នៅកម្ពុជាមួយចំនួនផងដែរ។

លោក IKEYA Yusuke បានធ្វើបទបង្ហាញខ្លីជូន លោកអគ្គលេខាធិការអំពីសាវតាររបស់ក្រុមហ៊ុន ជាពិសេសក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតរបស់លោក (Khmer Water Supply Holdings-KWSH) ដែលបាន និងកំពុងមានប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាត និងទឹកពិសាបរិសុទ្ធ នៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា រួមមានខេត្តតាកែវ ព្រៃវែង សៀមរាប និងក្រចេះ។

ក្រុមហ៊ុន Khmer Water Supply Holdings ត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ២០១៣ ហើយបច្ចុប្បន្នក្រុមហ៊ុនមានបំណង ពង្រីកអាជីវកម្មរបស់ខ្លួន ឱ្យស្របនឹងនិន្នាការនាពេលបច្ចុប្បន្ន និងតម្រូវការចាំបាច់ចំពោះមុខរបស់ក្រុមហ៊ុន។

ជាការឆ្លើយតប លោកអគ្គលេខាធិការបានសម្តែងនូវការគាំទ្រ ក៏ដូចជាផ្តល់នូវអនុសាសន៍ណែនាំ ដល់ក្រុមហ៊ុនឱ្យធ្វើការសិក្សាចំពោះការផ្គត់ផ្គង់ទឹកស្អាត និងរៀបចំប្រព័ន្ធសម្អាតទឹកកង្វក់ នៅខេត្តស្វាយរៀង និងបាវិត ដោយនៅទីនោះមានបណ្តុំឧស្សាហកម្ម និងរោងចក្រជាច្រើន ប៉ុន្តែមិនទាន់មានប្រព័ន្ធអាងចម្រោះទឹករួម និងប្រព័ន្ធផ្គត់ផ្គង់ទឹករួមនៅទ្បើយទេ។

បន្ថែមពីនេះ លោកអគ្គលេខាធិការបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តបណ្តាក់ទុននៅកម្ពុជា ដើម្បីឆាប់ទទួលបាននូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍នានា ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា៕